គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ឱ្យ​ដាក់ពាក្យ ស្នើ​ឈរឈ្មោះ​ជា​បេក្ខជន ក្រុមប្រឹក្សាឃុំ​-​សង្កាត់​

25-07-2016 4:58 pm 2131

នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃទី​២៥ កក្កដា​នេះ គឺ​បាន​ផ្ដោត​ទៅលើ​ការត្រៀមខ្លួន​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នៅ​ខែ​មិថុនា ឆ្នាំ​២០១៧ ខាងមុខ​។​

 

បើតាម​សេចក្ដីប្រកាស​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ  គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រកាស​ជា​សាធារណៈ​ឱ្យ​មាន​ការ​ដាក់​ពាក្យ ស្នើសុំ​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នាពេលខាងមុខ ឱ្យបាន​ទូលំទូលាយ​។​

 

​ជាមួយគ្នានេះ លោក​កឹម សុខា ប្រធានស្ដីទី​គណបក​សង្គ្រោះ​ជាតិ នឹង​ចុះហត្ថលេខា​ផ្ទេរសិទ្ធិ​ដល់​ថ្នាក់ដឹកនាំ គណៈ​កម្ម​ធិ​ការ​ប្រតិបត្តិក្រុង​-​ស្រុក​-​ខណ្ឌ ឱ្យធ្វើ​ជា​តំណាង ក្នុង​ការចុះហត្ថលេខា​លើ​ពាក្យ​សុំ​ចុះ​ឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ​។

 

​សេចក្ដីប្រកាស​ដដែល បានបញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ តម្រូវឱ្យ​ក្រុម​ការងារ​រាជធានី​-​ខេត្ត គណៈកម្មាការ​ប្រតិបត្តិ​ថ្នាក់ក្រោម​ជាតិ អនុវត្ត​នូវ​កិច្ចការ​ចំនួន​៤​រួមមាន ទី​១​ពង្រឹងសមត្ថភាព គណៈកម្មការ​ចំពោះ​កិច្ចការ​ឃុំ​-​សង្កាត់ នី​មួយៗ ទី​២ រៀបចំ​ភ្នាក់ងារ​គណបក្ស និង​បណ្ដុះបណ្ដាល សម្រាប់​កិច្ចការ​បោះឆ្នោត ទី​៣ ជំរុញ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទី​៤ ជំរុញ​លើកទឺកចិត្ត​ប្រជាពល​រដ្ឋ ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​។​

 

​សូមជម្រាបថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​កិច្ចប្រជុំ នៅ​ទីស្នាក់ការ​របស់​ខ្លួន ដើម្បី​ពិភាក្សា វាយតម្លៃ​ពី​ការវិវត្តន៍​នៃ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន និង​កំណត់​ផែនការ​យុទ្ធសាស្ត្រ សកម្មភាព ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នៅពេល​ខាងមុខ​៕

(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត