ប្រធាន​អង្គការ​មួយ​​នឹង​ស្នើ​ចាត់វិធានការ​​ជាបន្ទាន់​​លើ​មន្ត្រី​អសកម្ម​​ទប់ស្កាត់​​បទល្មើស​​ព្រៃឈើ​​

25-07-2016 3:55 pm 3899

​ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​(ACNCIPO) លោក​ជា ហ៊ាន ប្រាប់​វិទ្យុ​វាយោ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា លោក​នឹង​យក​សំណើ​មួយ​ច្បាប់​ដាក់​ជូន​ប្រមុខ​​រាជ​រដ្ឋាភិ​បាល ស្នើសុំ​ចាត់វិធានការ​ជាបន្ទាន់​ទៅដល់​មន្ត្រី​ដែល​អសកម្ម​ក្នុង​ការទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ស្នើ​បញ្ឈប់​ការកាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​ជួរ​ភ្នំ​ក្រវ៉ា​ញ​។ លោក​ជា ហ៊ាន បន្តថា កន្លងមក​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ដាក់​បទបញ្ជា​ឲ្យ​ស្ថាប័នរដ្ឋ​អភិរក្ស​ព្រៃឈើ​នៅ​តំបន់​ការពារ​ដោយ​ព្រះរាជក្រឹត្យ​។ ផ្ទុយទៅវិញ ក្រុម​បរិស្ថាន​សហការគ្នា​ជា​ធ្លុង​មួយ​ជាមួយ​ក្រុម​ឈ្មួញ​បាន​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​ដដែល​។

​អ្នកឃ្លាំមើល​ការកាប់បំផ្លាញ​ព្រៃឈើ​រូប​នេះ​បញ្ជាក់ថា លោក​នឹង​យក​លិខិត​ដាក់ជូន​ទីស្តីការគណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា​ស្អែក​នេះ ហើយ​លោក​សង្ឃឹមថា រដ្ឋាភិបាល​នឹង​ជួយ​អន្តរាគមន៍​លើ​ករណី​នេះ​។ ប៉ុន្តែ បើ​ក្នុង​ករណី​រដ្ឋាភិបាល​មិនមាន​វិធានការ​ណាមួយ​ទេ លោក​ជា ហ៊ាន ព្រមាន​ថា នឹង​ប្តឹង​ឲ្យ​ផ្តាច់​ជំនួយ​....​។​

​សំឡេង​លោក​ជា ហ៊ាន​៖

 

​ជុំវិញ​ករណី​នេះ កន្លង​មក​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក​សៅ សុភាព បាន​ប្រាប់ឲ្យដឹង​ថា ក្រសួង នៅ​មិនទាន់​ទទួលបាន​ដំណឹង​អំពី​ការប្រព្រឹត្ត​ខុស​របស់​មន្ត្រី​ឧទ្យានុ​រក្សប​រិស្ថា​ន​នៅឡើយ​ទេ​។ ប៉ុន្តែ​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​រូបនេះ អះអាងថា ក្រសួង​នឹង​ចាត់វិធានការ​បើ​រក​ឃើញ​ពី​មាន​ភាព​មិន​ប្រក្រតី​លើ​ការអនុវត្ត​តួនាទី​ចំពោះ​មន្ត្រី​របស់​ខ្លួន​មែន​នោះ​៕

(​ដោយ​៖ អឿន ភា​រ៉ា​)

ព័ត៌មានផ្សេងទៀត