ជាលើកដំបូងនៅកម្ពុជា រដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន បានលក់ឥណទានកាបូន ទៅឲ្យក្រុមហ៊ុន Disney។តាមការពន្យល់របស់អ្នកជំនាញ ឥណទានកាបូន ឬ Carbon Credits គឺជាការចូលរួមចំណែកទិញឧស្ម័នជាតិពុល ដែលព្រៃឈើស្រូបយកបាន ដើម្បីជាការចូលរួមចំណែកការពារបរិស្ថាន និងរក្សាលំនឹងបរិយាកាសក្នុងផែនដី។
តំបន់ដែនជម្រកសត្វព្រៃ កែវ សីមា លើផ្ទៃដីព្រៃឈើ ២៩២,៦៩០ហិកតា ត្រូវបានក្រុមហ៊ុន Disney សម្រេចទិញឥណទានកាបូនដំបូងបំផុតនៅកម្ពុជា ក្រោមគម្រោង កាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលជាកិច្ចសហការរវាងរដ្ឋាភិបាល ជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)។
យោងលើសេចក្តីប្រកាសព័ត៌មានរបស់អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បានឲ្យដឹងថាក្រុមហ៊ុន Disney នឹងប្រើប្រាស់ឥណទានកាបូននេះ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងដើម្បីគោលដៅ ក្នុងការឈានទៅកាត់បន្ថយការបញ្ចេញឧស្ម័ន ឲ្យបាន៥០%ត្រឹមឆ្នាំ២០២០។បន្ថែមពីលើនេះ ការលក់នេះក៏ឆ្លុះបញ្ចាំងអំពីហិរញ្ញប្បទានកាបូន ដែលជួយផ្តល់ជាប្រភពថវិកា ប្រកបដោយនិរន្តរភាពមួយសម្រាប់ការអភិរក្សព្រៃឈើ តំបន់ត្រូពិច ដែលសំបូរដោយប្រភេទសត្វ និងរុក្ខជាតិ ហើយក៏ជាការផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់ការចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍ រស់នៅជុំវិញតំបន់អនុវត្ត នៃគម្រោងនេះ។
តាមការពន្យល់របស់អ្នកជំនាញ ឥណទានកាបូន ឬ Carbon Credits គឺជាការចូលរួមចំណែកទិញឧស្ម័នជាតិពុល ដែលព្រៃឈើស្រូបយកបាន។ គេយកលុយដែលបានពីការលក់ឧស្ម័នកាបូននេះ យកទៅការពារ និងអភរិក្សព្រៃឈើវិញ។ ជាទូទៅ ក្រុមហ៊ុនដែលមានការបំពុលបរិស្ថាន ឬបញ្ចេញផ្សែងពុលច្រើន ឬក៏ជាក្រុមហ៊ុន ដែលមានគម្រោងទទួលខុសត្រូវសង្គម Social Responsibility តែងតែទិញឥណទានកាបូននេះ ដើម្បីជាការចូលរួមចំណែកការពារបរិស្ថាន និងរក្សាលំនឹងបរិយាកាសក្នុងផែនដី។
ដោយសារតែការជួយសម្របសម្រួលរបស់អង្គការសមាគមអភិរក្សសត្វព្រៃ និងក្រសួងបរិស្ថាន ក្រុមហ៊ុន Disney បានសម្រេចចូលរួមចំណែកទិញឧស្ម័នកាបូនពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា ដែលមានផ្ទៃដីសរុបប្រមាណ៣០ម៉ឺនហិកតា ហើយបើតាមការវាយតម្លៃ គឺអាចស្រូបយកឧស្ម័នកាបូនដល់ទៅ១៤លាន Metric តោនឯណោះ។
លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការលក់ឥណទានកាបូនទ្រង់ទ្រាយធំដំបូងគេបង្អស់នៅកម្ពុជានេះ គឺជាផ្នែកមួយដ៏សំខាន់នៃចក្ខុវិស័យ របស់រដ្ឋាភិបាល ដើម្បីទទួលបាននិរន្តរភាពហិរញ្ញវត្ថុ សម្រាប់តំបន់ការពារនៅក្នុងប្រទេសកម្ពុជា។
គួរជម្រាបជូនដែរថា ក្រៅពីមានគម្របព្រៃឈើដ៏ច្រើន តំបន់ដែនជម្រកសត្វព្រៃកែវ សីមា ក៏មានសត្វព្រៃ និងបក្សីកម្រដែលជិតដាច់ពូជ ជាង៦០ប្រភេទផ្សេងទៀត ដូចជា ស្វាកន្ទុយស ទោចថ្ពាល់លឿង ឆ្មាព្រៃ ដំរីអាស៊ី និងគោព្រៃ ជាដើម៕
ដោយ៖ខាត់ សុធី