ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦។
លោកហេង សំរិន និងគណៈប្រតិភូបានចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរពិសេស នៅព្រឹកថ្ងៃទី២៥ កក្កដានេះ។ តាមគម្រោង ដំណើរទស្សនកិច្ចផ្លូវការនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នឹងជួបសម្តែងការគួរសម និងប្រជុំផ្លូវការជាច្រើន ជាមួយភាគីចិន ដែលក្នុងនោះ ជួបលោក លី យៀនឆាវ អនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ ជួបប្រជុំជាមួយលោកយូ ហ្សេង សេង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់នយោបាយប្រជាជនចិនទូទាំងប្រទេស។ បន្តជំនួបទ្វេភាគីជាមួយ លោកចាង តឺជាំង ប្រធានសភាប្រជាជនចិនទូទាំងប្រទេស។ ប្រជុំជាមួយ ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំរវាងអគ្គលេខាធិការរដ្ឋសភា នៃប្រទេសទាំងពីរ។ ក្រោយបញ្ចប់នូវរាល់កិច្ចប្រជុំខាងលើ គណៈប្រតិភូនឹងទស្សនកិច្ចនៅខេត្តក្វាងស៊ីរបស់ចិន។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដែលដឹកនាំដោយ លោកហេង សំរិន នឹងធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦៕
ដោយ៖ខាត់ សុធី