ទិដ្ឋភាព​ទូទៅនៃ​ក្បួនដង្ហែ​សព​លោកកែម ​ឡីព្រឹកនេះ​

24-07-2016 11:50 am 4700

បន្ទាប់ពីតម្កល់នៅ​វត្ត​ពោធិ៍យារ៉ាម ហៅវត្តចាស់ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជ​ធានី​ភ្នំពេញ​ ប្រមាណពីរ​សប្តាហ៍​មក នៅព្រឹកថ្ងៃទី២៤ កក្កដា​នេះ សពលោកកែម ឡី ត្រូវបានដង្ហែចេញ ឆ្ពោះ​ទៅកាន់​ស្រុក​ត្រាំកក់ ខេត្តតាកែវ ជាស្រុក​កំណើត​របស់លោក។នៅលើដងផ្លូវមនុស្សជិត១លាននាក់ បាន​ចូល​រួមដង្ហែសពលោកកែម ឡី ដោយទឹកមុខក្រៀមក្រំ សម្តែងនូវការគោរពបំផុត។

 

ចាប់ពីម៉ោង៧ ព្រឹក ថ្ងៃទី២៤ កក្កដានេះ ក្បួនដង្ហែដោយរថយន្ត ម៉ូតូ និងម៉ូតូកង់បី​ ដែលមាន​ប្រជា​ពលរដ្ឋរាប់សែន​នាក់ចូលរួម ខ្លះបាន​លើក​ទង់​ជាតិ​ខ្មែរ ខ្លះបានលើករូបថត លោក កែម ឡី ដោយ​មានសរសេរនូវ​ពាក្យមួយឃ្លា​ថា«ជូតទឹកភ្នែក​របស់​អ្នក រួចបន្តដំណើរទៅមុខទៀត»​ស្ថិតក្នុង​ទឹកមុខ​ក្រៀមក្រំ បាន​ចេញ​ពី​វត្ត​ចាស់ក្នុង​សង្កាត់​ជ្រោយ​ចង្វារ​ឆ្លងស្ពានជ្រោយចង្វារ បត់​តាម​មហាវិថី​ព្រះ​មុនីវង្ស ដល់​ស្តុប​បេកា​សេ រួច​បត់​ស្តាំ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរស្ស៊ី ដល់​រង្វង់​មូល​ចោមចៅ រួច​តម្រង់​ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ​៣ ដើម្បី​បន្ត​ដំណើរ​​ទៅកាន់​ភូមិ​អង្គ​តាកុប ឃុំ​លាយ​បូ ស្រុក​ត្រាំកក់ខេត្តតាកែវ​ ជាស្រុកកំណើតរបស់លោក​តែម្តង​។​

 

ជាការកត់សម្គាល់ បើតាមលោក ប៉ា ងួនទៀង សមាជិកគណកម្មការបុណ្យសព លោក កែម ឡី បានឲ្យដឹងថា ក្បួន​ដង្ហែ​សពលោក​កែម ឡី អាច​ប៉ាន់ប្រមាណ​ថា​មាន​ប្រវែង​ជាង ៥​គីឡូម៉ែត្រ ដោយ​អ្នកចូលរួម​ក្នុងពិធីដង្ហែសព មានតាំងពីពលរដ្ឋ​ធម្មតា និ​សិ្ស​ត យុវជន តំណាងរាស្ត្រ អង្គការ​​សង្គម​​ស៊ីវិល​ ដែលសរុបទាំងអស់ជិត​១លាននាក់។ចំនួននេះនៅមិនទាន់គិតដល់អ្នកចូលរួម​ខ្លះដែល​គ្រាន់​តែ​ជូន​ដំណើរ​សព​នៅតាម​ដងផ្លូវ​នោះផងទេ។ ពួកគេ​លើកដៃ​ជូន​ដំណើរ និង​សម្តែង​ការគោរព​ចំពោះ​សព​លោក បណ្ឌិត កែម ឡីដោយចេញពីសន្តានចិត្តពិតៗ មិនមែន​គ្រាន់​តែ​ជាការសម្តែងនោះទេ​។ពួកអ្នកចូលរួមទាំងនោះ បានចាត់ទុកលោក​បណ្ឌិត កែមឡី គឺជា​អ្នក​សេ្ន​ហា​ជាតិ ស្រឡាញ់​ជាតិ ជា​វីរបុរស និង​ជា​បុគ្គល​ស្លូតត្រង់ ដែលត្រូវតែគោរព។

 

ជាចម្ងល់ផងដែរ ស្ថានីយប្រេងឥន្ឋនៈមួយចំនួន នៅតាមដងផ្លូវនៃពិធីដង្ហែសព ត្រូវបានបិទ ដែលបង្ក​ជា​ការ​លំបាក​ខ្លះៗ ដល់យានជំនិះមួយចំនួន ដែលអស់សាំង រកកន្លែងចាក់មិនបាន ដោយ​អ្នកខ្លះត្រូវ​បង្ខំ​ចិត្តចុះ​បណ្តើរ​ម៉ូតូ បែកញើសសស្រាក់ក៏មាន។

 

សូមបញ្ជាក់ថា លោក កែម ឡីត្រូវបាន​ឃាតក បាញ់សម្លាប់​ក្នុង​Star Martដែល​ស្ថិតនៅ​ម្តុំ​ស្តុ​ប​បូកគោ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដាឆ្នាំ​២០១៦​។ ចំណែក​ឃាតក ដែល​បាញ់សម្លាប់​លោក កែម ឡី មាន​ឈ្មោះ​អឿត អាង ហៅ ជួប សម្លាប់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ភ្លាមក្រោយពី​ធ្វើសកម្មភាព​បាន​ប៉ុន្មាន​នាទី  និង​កំពុង​ឃុំខ្លួន​បណ្ដោះ​អាសន្ន ដើម្បី​រង់ចាំ​បន្ត​នីតិវិធី​របស់​តុលាការ​៕

 

ដោយ៖ខាត់ សុធី

 

 

ព័ត៌មានផ្សេងទៀត