លោក​Duterte​​បញ្ជាក់​ឈ្មោះ​​ឧត្ដមសេនីយ៍​​៥​រូប​ទៀត​​ក្រោយ​សម្លាប់​​អ្នក​ជួញដូរ​​គ្រឿងញៀន​​៣០​នាក់​

06-07-2016 3:20 pm 5315
គ្រឿង​ញៀន​ដែល​ប៉ូលិសរឹបអូសបាន

​ពិត​ជា​ប្រធានាធិបតី​ហ៊ាន​និយាយ​ហ៊ាន​ធ្វើ​មែន គ្រាន់​តែ​ចូល​កាន់តំណែង​មិនទាន់​បាន​មួយ​សប្ដាហ៍​ផង លោក​Rodrigo Duterte​បានសម្លាប់​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ដល់​ទៅ​៣០​នាក់​។​រម្លឹក​បន្ដិច​កាល​ពី​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក​Duterte​បានប្រកាសថា បើ​លោក​ជាប់​ជា​ប្រធានាធិបតី​ហ្វីលីពីន លោក​នឹង​ដោះស្រាយ​បញ្ហា​ជួញដូរ​គ្រឿងញៀន​និង​បញ្ហា​ឧក្រិដ្ឋកម្ម ដោយ​បញ្ចប់​រឿងនេះ​ត្រឹម​ពេល​តែ​៦​ខែ​ប៉ុណ្ណោះ​។​ក្រោយមក​លោក​ក៏​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ដូច​ការរំពឹងទុក ហើយ​លោក​ប្ដេជ្ញា​ថា​នឹង​ធ្វើ​តាម​អ្វី​ដែល​បាន​សន្យា​។​


​មក​ចាប់​អារម្មណ៍​ក្រោយពេល​ស្បថ​ចូលកាន់​តំណែង​កាលពី​ថ្ងៃ​៣០​មិថុនា លោក​ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ​បាន​ចាប់ផ្ដើម​ចាត់វិធានការ​ភ្លាមៗ​លើ​ក្រុម​អ្នកជួញដូរ​គ្រឿងញៀន ហើយ​ក្នុង​រយៈពេល​ត្រឹមតែ​៥​ថ្ងៃ​បន្ទាប់​ពី​ចាប់ផ្ដើម​តួនាទី​ថ្មី លោក​Rodrigo Duterte​បានសម្លាប់​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ដល់​ទៅ​៣០​នាក់​។​ក្រៅពី​មនុស្ស​៣០​នាក់​នេះ​ហើយ លោក​បាន​ចោទប្រកាន់​ឧត្ដមសេនីយ៍​៥​រូប​ផ្សេងទៀត ថា​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​។​


​ពេល​ថ្លែង​សុន្ទរកថា​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​លោក​Duterte​បានបញ្ជាក់​ឈ្មោះ​ឧត្ដមសេនីយ៍​ទាំង​៥​រូប ហើយ​ថា​ពួកគេ​ជា​មនុស្ស​ការពារ​សកម្ម​ភាព​ជួញដូរ​និង​ផលិត​គ្រឿងញៀន ជា​អ្នក​ធ្វើឲ្យ​ការអនុវត្ដ​ច្បាប់​និង​បទបញ្ជា​ត្រូវ​ក្រុម​អន្ធពាល​មើលងាយ​។​ហេតុនេះ​លោក​នឹង​ផ្លាស់ប្ដូរ​ដោយ​គ្មាន​វិប្បដិសារី ឬក៏​ខ្លាច​ផលវិបាក​ណាមួយ​ឡើយ​។​លោក​Duterte​បន្ដថា “​វា​នឹង​ក្លាយ​ជា​ការ ប្រយុទ្ធ​ប្រឆាំង​ដ៏​អាក្រក់ វា​នឹង​ក្លាយ​ជា​ការ​បង្ហូរឈាម ប៉ុន្ដែ​ខ្ញុំ​មិន​សុំ​ទោស​ទៅលើ​សកម្មភាព ទាំងនេះ​ទេ​។​ក្នុងនាម​ជា​អាជ្ញាធរ​សាធារណៈ ខ្ញុំ​គឺ​ជា​ខ្ញុំ​តែ​ម្នាក់ឯង​ទេ ខ្ញុំ​ទទួលខុសត្រូវ​តាម​ច្បាប់​ចំពោះ​រឿង​ទាំងអស់នេះ​។​”


​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​លោក​Duterte ត្រូវ​រង​ការរិះគន់​ជា​ថ្មី​ពី​ក្រុម​អង្គការ​សិទ្ធិមនុស្ស ក្រុមអ្នកច្បាប់ ហើយ​សុំឲ្យ​បញ្ឈប់​ការដាក់ទោសដោយ​សម្លា​ប់យ៉ាង​រង្គាល​អ៊ីចឹងទៀត​។​តែ​លោក​Duterte​ឆ្លើយតប​ថា មិន​អាច​ត្រលប់​ក្រោយ​បាន​ទេ លោក​ថែមទាំង​ប្រកាស​ឲ្យ​ជ្រើសរើស​មន្ដ្រីប៉ូលិស​និង​កងកម្លាំង​សន្ដិសុខ​ដល់​ទៅ​៣​ពាន់​នាក់​បន្ថែម ដើម្បី​បោសសម្អាត​អំពើ​ឧក្រិដ្ឋកម្ម ការជួញដូរ​គ្រឿង និង​សកម្មភាព​ប្រើប្រាស់​គ្រឿងញៀន​នៅតាម​ដងផ្លូវ​។​


​ចំណាត់ការ​ប្រឆាំង​ដាច់ខាត​ចំពោះ​បញ្ហា​គ្រឿងញៀន​និង​អំពើ​ឧក្រិដ្ឋកម្ម ដោយ​ត្រូវ​កាត់ទោស​មិន​រើសមុខ​ឲ្យតែ​ចាប់ខ្លួនបាន ទាំង​អ្នកគាំទ្រ​និង​អ្នក​រិះគន់​មួយចំនួន​បានដាក់​រហស្សនាម​លោក​Rodrigo Duterte​ថា ជា​អ្នក​ផ្ដន្ទាទោស និង​ជា​ពេជ្ឈឃាត​៕

ព័ត៌មានផ្សេងទៀត