ថៃ​សង្ឃឹម​ឧស្សាហកម្ម​​នាំចេញ​អាហារ​សមុទ្រ​​របស់ខ្លួន​​អាច​ប្រសើរ​​ឡើង​វិញ​

06-07-2016 8:30 am 1395
បង្គាថៃ​ដែលត្រូវ​នាំចេញ​ទៅក្រៅ​ប្រទេស

​ឧស្សាហកម្ម​នាំចេញ​អាហារ​សមុទ្រ​ថៃ​នឹង​រីកចម្រើន​ឡើងវិញ បន្ទាប់​ពី​អាមេរិក​បាន​កំណត់​ចំណាត់​ថ្នាក់​នៃ​ការជួញដូរ​មនុស្ស​ក្នុង​ប្រទេស​នេះ​ពី​លេខ​៣​មក​លេខ​២​វិញ ដែល​បង្ហាញ​ថា​បាន​ល្អប្រសើរ​ជាង​មុន​។​ថៃ​ត្រូវ​ជឿជាក់ថា ទទួល​ចំណូល​ពី​ការនាំ​ចេញ​បង្គា​ទៅ​ក្នុង​ទីផ្សារ​ពិភពលោក​ដល់​ទៅ​១,៨​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំនេះ កើនឡើង​១០%​បើ​ប្រៀបធៀប​កាលពី​ឆ្នាំមុន​។​ចំណែកឯ​ចំណូល​បាន​ពី​ការនាំ​ចេញ​ត្រី​និង​មឹក​វិញ​ដល់​ទៅ​៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំនេះ កើនឡើង​៨%​បើ​ប្រៀបធៀប​កាលពី​ឆ្នាំមុន​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​ប្រធាន​សមាគម​ម្ហូបអាហារ​សមុទ្រ​ថៃ​(Thai Frozen Foods Association)​។​


​លោក Pod Aramwatananond​បាន​ព្យាក​រថា ឧស្សាហកម្ម​នាំចេញ​អាហារ​សមុទ្រ​ថៃ​នឹង​ស្ទុះ​ងើប​ឡើងវិញ​ក្រោយ​ពី​ការធ្លាក់ចុះ ហើយ​នឹង​ទទួលបាន​ប្រាក់​ចំណេញ​ខ្ពស់​ជាង​ឆ្នាំ​មុន​មិន​ខាន ដោយសារ​តែ​ថៃ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២​វិញ ទាក់ទង​នឹង​ការបង្ក្រាប​លើ​ការជួញដូរ​មនុស្ស​បាន​ល្អប្រសើរ​ជាង​មុន ជាពិសេស​ក្នុង​ឧស្សាហកម្ម​នេសាទ​ថៃ​តែម្ដង​។​


​ពលករ​ចំណាកស្រុក​និង​កម្មករ​ជា​អាណិកជន​ត្រូវ​គេ​រកឃើញ​ថា បាន​ធ្វើការ​ដោយ​ខុស​ច្បាប់​នៅលើ​ទូក​នេសាទ​ថៃ នៅក្នុង​រោងចក្រ​កែច្នៃ​អាហារ​សមុទ្រ និង​រោងចក្រ​មួយចំនួនទៀត ដែល​ធ្វើឲ្យ​ប្រទេស​ថៃ​ទទួល​ចំណាត់ថ្នាក់​លេខ​៣ កំណត់​ដោយ​រដ្ឋាភិបាល​អាមេរិក ពាក់ព័ន្ធ​នឹង​ការជួញដូរ​មនុស្ស​។​ប្រធាន​សមាគម​អាហារ​សមុទ្រ​ថៃ​បាន​អធិប្បាយ​ថា សហភាព​អឺរ៉ុប​អាច​ពិចារណា​ពី​ការបន្ធូរបន្ថយ លើ​ការ​រឹតបន្ដឹង​លើ​ផលិតផល​អាហារ​សមុទ្រ​ថៃ​ចូល​ទៅក្នុង​ទីផ្សារ​អឺរ៉ុប បន្ទាប់​ពី​អាមេរិក​បាន​បន្ថយ​ចំណាត់​ថ្នាក់​ថៃ​មក​ត្រឹម​លេខ​២​វិញ​។​


​សូម​រម្លឹកថា សហភាព​អឺរ៉ុប​បាន​ចោទប្រកាន់​ប្រទេស​ថៃ​ថា បរាជ័យ​ក្នុង​ការប្រយុទ្ធប្រឆាំង​ការ​នេសាទ​ខុសច្បាប់ ការនេសាទ​គ្មាន​ច្បាប់​គ្រប់គ្រង​ត្រឹមត្រូវ ពិសេស​ការប្រើ​កម្មករ​ខុសច្បាប់​ឲ្យធ្វើ​ការ​គ្មាន​ពេល​សម្រាក ខណៈ​អាជ្ញាធរ​ថៃ​បាន​បន្ទោស​លើ​ម្ចាស់​ទូក​។​អាជ្ញាធរ​បាន​ចោទប្រកាន់​ម្ចាស់​ទូក​ថា​បាន​រំលោភបំពាន និង​ប្រើប្រាស់​ទូក​នេសាទ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ និង​មិន​បាន​ទាក់ទង​នៅ​អ្នកបើកបរ​ទូក​ដើម្បី​សាកសួរ​ពី​ក្រុម​ពលករ​ចំណាកស្រុក​ខុសច្បាប់ ដែល​ពួកគេ​បាន​ប្រើ​ធ្វើ​ជា​កម្លាំង​ពលកម្ម​ឡើយ​។​ដោយសារ​បែប​នេះ​ទើប​អឺរ៉ុប​សម្រេច​រឹតបន្ដឹង​លើ​ការ​ចរាចរ​ផលិតផល​អាហារ​សមុទ្រ​ថៃ​ក្នុង​ទីផ្សារ​អឺរ៉ុប ហើយ​ព្រមាន​ថា​បើ​ថៃ​ដោះស្រាយ​រឿង​នេះ​មិន​បាន​ទេ អឺរ៉ុប​អាច​នឹង​បិទ​ឈប់​ទទួល​ផលិតផល​អាហារ​សមុទ្រ​ថៃ​តែម្ដង​៕

ព័ត៌មានផ្សេងទៀត