តួ​ក​គី​​ចាប់ផ្ដើម​​ប្រកាស​​សហការ​​ជាមួយ​រុស្ស៊ី​​ប្រយុទ្ធ​នឹង​ក្រុម​​រដ្ឋ​អ៊ីស្លាម​

04-07-2016 5:14 pm 694
រដ្ឋមន្ដ្រីការបរទេសតួកគីពេលធ្វើសន្និសីទកាសែត

​ជា​រឿង​គួរឲ្យភ្ញាក់ផ្អើល​បន្ទាប់​ពី​តួក​គីបាន​ប្រកាស​ស្នើ​ឲ្យមាន​កិច្ចសហប្រតិបត្ដិកា​រ​ជាមួយ​រុស្ស៊ី ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី​។​តួ​ក​គី​ថែមទាំង​បញ្ជាក់ទៀតថា អាច​នឹង​បើក​មូលដ្ឋាន​ទ័ពអាកាស​Incirlik​របស់​ខ្លួន​សម្រាប់​រុស្ស៊ី​ធ្វើ​ប្រតិ​បត្ដិកា​រផង​។​បើ​គិត​ពី​ទំនាក់ទំនង​តួ​ក​គី​-​រស្ស៊ី​កន្លង​មក​តានតឹង​នឹង​គ្នា​ខ្លាំង បន្ទាប់​ពី​តួ​ក​គី​បាន​បាញ់​ទម្លាក់​យន្ដហោះ​ចម្បាំង​រុស្ស៊ី​មួយ​គ្រឿង​នៅ​ព្រំដែន​ស៊ី​រី​កាលពី​ឆ្នាំមុន​។​ប៉ុន្ដែ​រុស្ស៊ី​បាន​រលត់កំហឹង​ទៅវិញ និង​ប្ដេជ្ញា​កសាង​ទំនាក់ទំនង​ជាមួយ​តួ​ក​គី ក្រោយ​លោក​ប្រធានាធិបតី​តួ​ក​គី​Tayyip Erdogan​បង្ហាញ​ការសោកស្ដាយ​កាលពី​សប្ដាហ៍​មុន ចំពោះ​ការបាញ់​ទម្លាក់​យន្ដហោះ​រុស្ស៊ី និង​ធ្វើឲ្យ​បាត់បង់​អ្នកបើក​យន្ដហោះ​។​


​លោក​រដ្ឋមន្ដ្រី​ការបរទេស​តួ​ក​គី​បានបញ្ជាក់​ថា “​យើង​នឹង​សហការ​ជាមួយ​គ្រប់​គ្នា​ដែល​កំពុង​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​។​វា​ជា​ការពិត​ដែល​យើង​ត្រូវធ្វើ​បែប​នេះ ហើយ​យើង​អាច​បើក​មូលដ្ឋាន​ទ័ពអាកាស​សម្រាប់​អ្នក​ចង់​ចូលរួម​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​។​ចំពោះ​រុស្ស៊ី ហេតុ​អ្វី​យើង​មិន​អាច​សហការ​ជាមួយ​រុស្ស៊ី​បាន​? យើង​ត្រូវតែ​សហការគ្នា ព្រោះ​ក្រុម​រដ្ឋ​អ៊ីស្លាម​គឺ​ជា​សត្រូវ​របស់​យើង​។​ដូច្នេះ​យើង​ត្រូវតែ​ប្រយុទ្ធ​នឹង​ក្រុម​នេះ​៕”

ព័ត៌មានផ្សេងទៀត