ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​៖​​ចិន​ថា​មិន​បាន​​រំលោភ​ប្រទេស​ណា​ទេ​​ផ្ទុយទៅវិញ​​ចិន​ជា​ជនរងគ្រោះ​

04-07-2016 4:36 pm 1356
ទិដ្ឋភាព​កោះសិប្បនិម្មិត​ដែលចិនបានសាងសង់​ក្នុងសមុទ្រចិនខាងត្បូង

​រឿងរ៉ាវ​នៃ​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​អន្ដរជាតិ​ចាត់ទុកជា​ជម្លោះ​រ៉ាំរ៉ៃ កំពុង​បន្ដ​ធ្វើឲ្យ​ប្រទេស​ពាក់ព័ន្ធ​ទាល់ច្រ​ករក​ផ្លូវ​ចេញ​ពុំ​ឃើញ​ឡើយ​។​ដែនសមុទ្រ​ចិន​ខាងត្បូង​ជា​ដែន​ដែល​ចិន​កំពុង​មាន​ជម្លោះ​ជាមួយ​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយ​ណេ និង​តៃវ៉ាន់​។​ប៉ុន្ដែ​ភាគី​ដែល​មាន​បញ្ហា​ខ្លាំង​ជាមួយ​ចិន​គឺ​ហ្វីលីពីន​និង​វៀតណាម​។​ចិន​បាន​អះអាង​ថា​ប្រមាណ​៩០%​ជា​ដែន​កម្មសិទ្ធិ​របស់​ខ្លួន តែ​ប្រទេស​ពាក់ព័ន្ធ​ថា​ចិន​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់គេ​។​គ្រប់​ភាគី​នាំគ្នា​បន្ទោស​ចិន ថា​ចិន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​បំពាន​នៅលើ​កោះ​សិប្បនិម្មិត​។​


​តែ​ងាក​ចាប់អារម្មណ៍​ពី​ចិន​វិញ បាន​បកស្រាយ​ថា​ចិន​មិនបាន​ប្រើ​អំណាច​រំលោភ​លើ​នរណាម្នាក់​ឡើយ​។​បើ​តាម​លោក​Xu Liping អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ធ្វើការ​ជាមួយ​វិទ្យាស្ថាន​យុទ្ធសាស្ដ្រ​អន្ដរជាតិ នៃ​បណ្ឌិតសភា​វិទ្យាសាស្ដ្រ​សង្គម​របស់​ចិន បាន​បកស្រាយ​យ៉ាង​ដូច្នេះ​ថា ចិន​មិនដែល​បំពាន​លើ​ប្រទេស​តូចតាច​ឡើយ ពាក់ព័ន្ធ​នឹង​បញ្ហា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​តាមពិតទៅ ទង្វើ​របស់​ចិន​គឺ​គ្រាន់តែ​ចង់​ការពារ​ដែល​អធិបតេយ្យ​របស់​ខ្លួន​តាមរយៈ​ច្បាប់​អន្ដរជាតិ​និង​ច្បាប់​ពាក់ព័ន្ធ​ប៉ុណ្ណោះ​។​


​អ្នកជំនាញ​រូបនេះ​បន្ដថា ផ្ទុយ​ពី​ការចោទប្រកាន់​ថា​បាន​ប្រើ​អំណាច​គាបសង្កត់​អ្នកដទៃ តាមពិត​ប្រទេស​ចិន​ជា​ជនរងគ្រោះ​ធំជាងគេ​ទៅវិញ​ទេ​ក្នុង​រឿង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ​។​ចិន​មិន​ដែល​បញ្ចេញ​ភាពខ្លាំង​របស់ខ្លួន ដើម្បី​ផ្លាស់ប្ដូរ​ស្ថានភាព​ក្នុង​តំបន់​នៅ​ពេល​នេះ​ទេ ហើយ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​លើ​កោះ​កន្លងមក គឺ​សង់​នៅលើ​កោះ​ជា​កម្មសិទ្ធិ​មិន​រំលោភ​យក​របស់​អ្នកណា​ឡើយ​។​ស្រប​ជាមួយ​គ្នា​នេះ មាន​អ្នកជំនាញ​ផ្សេង​ទៀត​សង្កេតឃើញថា ប្រទេស​ចិន​បាន​ឈរ​លើ​ជំហរ​ដោះស្រាយ​បញ្ហា​ដោយ​សន្ដិភាព តាមរយៈ​ការចរចា​ដោយ​តែង​បើកទ្វារ​រង់ចាំកិច្ចចរចា​ជានិច្ច​។​


​ទោះជា​យ៉ាងណា​ដោយ​គ្មាន​ការជូនដំណឹង​ជា​មុន ហ្វីលីពីន​បាន​ដាក់ពាក្យ​ប្ដឹង​ចិន​ទៅកាន់​តុលាការ​អាជ្ញាកណ្ដាល​អន្ដរ​ជាតិ​​ទៅ​ហើយ រឿង​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​ចាប់តាំងពី​ការផ្ដួចផ្ដើម​របស់​ហ្វីលីពីន​ទៅ​តុលាការ​អន្ដរជាតិ​នៅ​ដើមឆ្នាំ​២០១៣ ទីក្រុង​ម៉ានីល​បាន​បិទ​ផ្លូវ​ចរចា ហើយ​បាន​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​បង្កហេតុ និង​រំលោភ​លើ​សិទ្ធិ​និង​ផលប្រយោជន៍​របស់​ចិន​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​ចិន​។​


​បើ​តាម​លោក​វ៉ាង យី​រដ្ឋមន្ដ្រីការបរទេស​ចិន​បាន​និយាយថា យន្ដហោះ​យោធា​ហ្វីលីពីន​បាន​រំលោភ​លើ​ដែនអាកាស​លើ​ថ្ម​ប៉ប្រះ​ទឹក​របស់​ចិន​នៅ​ប្រជុំ​កោះ​ណាន​សា​ជាង​៥០​លើក​ឯណោះ​កាលពី​ឆ្នាំ​២០១៥​។​តាមរយៈ​ឥរិយាបថ​បែបនេះ លោក​រដ្ឋមន្ដ្រី​បាន​ចោទសួរ​ថា តើ​ប្រទេស​ធំ​ជា​អ្នករំលោភ​ប្រទេស​តូច ឬ​ប្រទេស​តូច​រំលោភ​ប្រទេស​ធំ​?​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​វិញ​ថា ចិន​មិនដែល​រំលោភ​ប្រទេស​តូច​ទេ ប៉ុន្ដែ​ចិន​ក៏​មិន​លើកលែងឲ្យ​ប្រទេស​តូច​ណាមួយ​ចោទប្រកាន់​និង​ធ្វើឲ្យ​ខាតបង់​ប្រយោជន៍​របស់​ចិន​ដែរ​៕

ព័ត៌មានផ្សេងទៀត