ចិន​-​រុស្ស៊ី​​ចាប់ផ្ដើម​​សមយុទ្ធ​​ទ្រង់ទ្រាយ​ធំ​​រួមគ្នា​​ប្រឆាំង​​ភេរវកម្ម​

04-07-2016 10:50 am 2535
កងទ័ពចិន​និងរុស្ស៊ី​កំពុង​ធ្វើសមយុទ្ធរួមគ្នា

​សមយុទ្ធ​ប្រឆាំង​ភេរវកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​បាន​ចាប់ផ្ដើម​ឡើង​ក្នុង​ទឹកដី​រុស្ស៊ី ក្រោម​វត្ដ​មាន​ចូលរួម​រវាង​ប្រទេស​មហាអំណាច​ពីរ​គឺ​ចិន​និង​រុស្ស៊ី​។​សមយុទ្ធ​នេះ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០៣-១៤​កក្កដា​ក្នុង​ទីក្រុង​ម៉ូស្គូ​និង​តំបន់​Smolensk មាន​ការចូលរួម​ពី​កងទ័ព​ប្រជាជន​ចិន​និង​កងទ័ព​ការ​ជាតិ​រុស្ស៊ី​ដែល​ទើប​បង្កើតឡើង​។​


​លោក​Liu Zhijun​អនុប្រធាន​នាយកដ្ឋាន​សមយុទ្ធ​កងទ័ព​ប្រជាជន​ចិន​បាន​និយាយថា នេះ​គឺជា​លើក​ទី​បី​ហើយ​សម្រាប់​សមយុទ្ធ​រួម​គ្នា​នៃ​កងកម្លាំង​មហាផ្ទៃ​ប្រទេស​ទាំង​ពីរ ដោយ​ចាប់ផ្ដើម​ធ្វើឡើង​ដើម្បី​ពង្រឹង​ជំនាញ​យុទ្ធសាស្ដ្រ​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម និង​បង្កើន​កិច្ចសហប្រតិបត្ដិកា​ររ​វាង​កងកម្លាំង​ប្រទេស​ទាំង​ពីរ​។​លោក​បន្ថែមថា កងទ័ព​ចូលរួម​ក្នុង​សមយុទ្ធ​មក​ពី​ចិន​និង​រុស្ស៊ី​នឹង​ធ្វើ​សមយុទ្ធ​រួមគ្នា​ទាំង​សកម្មភាព និង​ទិដ្ឋភាព​ដើម្បី​ស្វែងយល់​ពី​វិធីសាស្ដ្រ​មាន​ប្រសិទ្ធភាព ក្នុង​យុទ្ធនាការ​បង្កើន​សមត្ថ​ភាព​បន្ថែម​លើ​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​។​


​រីឯ​លោក​Sergei Chenchik ជា​ប្រធាន​កង​ការពារជាតិ​រុស្ស៊ី​ដែល​ទើប​បង្កើត​ថ្មី បាន​លើកឡើង​និង​ពេញចិត្ដ​ពី​វិន័យ​កងកម្លាំង​របស់​ចិន ហើយ​និយាយ​ថា​រុស្ស៊ី​ក៏​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ចាប់ផ្ដើម​កិច្ចសហការ​ថ្មី​ជាមួយ​ចិន ដើម្បី​អនុវត្ដ​កាតព្វកិច្ច​សាមញ្ញៗ​ជាច្រើន​ទៀត​ផ្អែក​លើ​ភាពជា​ដៃគូ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយ​របស់​ប្រទេស​ទាំង​ពីរ​។​


​សូម​បញ្ជាក់​បន្ដិច​ថា កងកម្លាំង​ការ​ជាតិ​រុស្ស៊ី​ចូលរួម​ក្នុង​សមយុទ្ធ​ប្រឆាំង​ភេរវកម្ម​នេះ ទើប​បង្កើតឡើង​កាលពី​ខែ​មេសា​ប៉ុណ្ណោះ បន្ទាប់​ពី​ការបញ្ជា​របស់​លោក​ប្រធានាធិបតី​វ្លា​ឌី​មៀ ពូ​ទីន​។​មូលហេតុ​នៃ​ការបង្កើតឡើង ដើម្បី​ជំរុញ​ឲ្យ​សកម្មភាព​ប្រឆាំង​ភេរវកម្ម​កាន់តែ​ល្អប្រសើរ​ជាង​មុន និង​ដើម្បី​គ្រប់គ្រង​លើ​បទ​ឧក្រិដ្ឋកម្ម ព្រមទាំង​ការជួញដូរ​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​៕

ព័ត៌មានផ្សេងទៀត