ស្រណោះដីអត់អំណាច

ដោយ៖ យ៉ាន់​ លីណា​ 04-07-2016 10:37 am 25434

ខ្ញុំស្រណោះទឹកខ្ញុំស្រណោះដី            ខ្ញុំស្រណោះព្រៃគិរីបុព្វតា

ខ្ញុំស្រណោះធម្មជាតិស្រស់ត្រកាល   ខ្ញុំស្រណោះព្រឹក្សាសល់តែគល់។

ខ្ញុំស្រណោះគេថាអភិវឌ្ឍន៍                 ខ្ញុំស្រណោះមុខមាត់ដែលប្រែថ្មី

ខ្ញុំស្រណោះសត្វក្នុងទឹកលើដី            ខ្ញុំស្រណោះវាលើកដៃសុំអង្វរ។

ខ្ញុំស្រណោះវាថាកុំបាច់វឌ្ឍន៍អី          ខ្ញុំស្រណោះត្រីវាថាវ័ធហ្មត់ហើយ

ខ្ញុំស្រណោះសត្វវាយំឆ្លងឆ្លើយ          ខ្ញុំស្រណោះខ្មែរអើយវ័ធដល់ណា?

ខ្ញុំស្រណោះគេវ័ធខ្ទេចធម្មជាតិ          ខ្ញុំស្រណោះគេឆ្លៀតថាស្នេហា

ខ្ញុំស្រណោះគេឲ្យលេសដោះសារ     ខ្ញុំស្រណោះសារថាអភិវឌ្ឍន៍។

ខ្ញុំស្រណោះពាក្យនិរន្ដភាព               ខ្ញុំស្រណោះតិចទៀតក្លាយជាដូនតា

ខ្ញុំស្រណោះតើនឹងឆ្លើយយ៉ាងណា?  ខ្ញុំស្រណោះថាតើព្រៃទៅណាអស់?

ខ្ញុំស្រណោះព្រៃដីអត់អំណាច          ខ្ញុំស្រណោះរាស្ដ្រខ្លាចសុំគេរស់

ខ្ញុំស្រណោះថ្ងៃរាស្រ្ដមានសិទ្ធិរស់    ខ្ញុំស្រណោះរាស្ដ្ររស់ស្មើមុខរដ្ឋ។

ខ្ញុំស្រណោះថ្ងៃយើងស្មើភាពគ្នា       ខ្ញុំស្រណោះប្រជាមានអំណាច

ខ្ញុំស្រណោះថ្ងៃដែលពួកយើងអាច   ខ្ញុំស្រណោះអំណាចភាពជាម្ចាស់៕

 

ទទួលបានពីប្រិយមិត្តឈ្មោះ៖ប៉ាង វ៉ាន់ថោន

ព័ត៌មានផ្សេងទៀត