ពលរដ្ឋ​ជប៉ុន​៧​នាក់​​និង​ជនបរទេស​ផ្សេងទៀត​​បាន​ស្លាប់​​ក្នុង​ការវាយប្រហារ​​នៅ​បង់​​ក្លា​ដេស​

03-07-2016 10:51 am 1076

​រដ្ឋាភិបាល​ជប៉ុន​បញ្ជា​ក់ថា ជនជាតិ​របស់​ខ្លួន​ចំនួន​៧​នាក់ ក្នុងនោះ​មាន​ប្រុស​៥​នាក់​និង​ស្ត្រី​២​នាក់​បាន​ស្លាប់ បន្ទាប់ពី​ក្រុម​សកម្មប្រយុទ្ធ​វាយប្រហារ​នៅក្នុង​ភោជនីយដ្ឋាន​មួយ ស្ថិត​នៅក្នុង​ទីក្រុង​ដា​កាប្រទេស​បង់​ក្លា​ដេស​។ ជនជាតិ​ជប៉ុន​ទាំង​៧​នាក់​នោះ ស្ថិតក្នុង​ចំណោម​មនុស្ស​ចំនួន​២០​នាក់ ភាគច្រើន​ជា​ជនបរទេស ត្រូវបាន​ក្រុម​សកម្មប្រយុទ្ធ​សម្លាប់​ក្នុង​ភោជនីយដ្ឋាន កាលពី​យប់​ថ្ងៃ​សុក្រ ហើយ​សកម្មភាព​វាយប្រហារ​ត្រូវបាន ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​(IS)​អះអាង​ទទួលខុសត្រូវ​។​

មន្ត្រីជាន់ខ្ពស់​ជប៉ុន​បាន​ប្រាប់ថា ជនជាតិ​ជប៉ុន​៧​នាក់​ជា​អ្នក​បម្រើកា​ងារ​នៅក្នុង​គម្រោង​អភិវឌ្ឍន៍ នៅក្នុង​ប្រទេស​ក្រីក្រ​នៅ​អាស៊ី​ខាងត្បូង ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA)​។ អត្តសញ្ញាណ​ជនជាតិ​ជប៉ុន​ទាំង​៧​នាក់ ត្រូវបាន​កំណត់​ដោយ​មន្ត្រី​ស្ថានទូត​ជប៉ុន​ ប៉ុន្តែគេមិនបានបង្ហាញឈ្មោះរបស់ជនរងគ្រោះនោះទេ។ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ស៊ីន ហ្សូ​អា​ប៊េ​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​ការ សម្តែង​ទុក្ខ​ក្រៀមក្រំ ហើយ​និយាយ​ថា លោក​មាន​ការ​ខឹងសម្បា​រ​យ៉ាង​ខ្លាំង​ដែល​មនុស្ស​គ្មាន​កំហុស បែរជា​ត្រូវ​ស្លាប់​នៅក្នុង​អំពើ​ភេរវកម្ម​ដ៏​អាក្រក់​។ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ក៏​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ ទៅកាន់​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេស​ដែរ ដើម្បី​តវ៉ា​ចំពោះ​ហេតុ​ការ​ដែល​កើតឡើង​លើ​ជនជាតិ​របស់ខ្លួន​។​

 

​សូមបញ្ជាក់​ថា ហេតុការណ៍​ចាប់​មនុស្ស​ធ្វើជា​ចំណាប់ខ្មាំង​នៅក្នុង​ភោជនីយដ្ឋាន ដែល​សំបូរ​ដោយ​ភ្ញៀវ​បរទេស​នេះ បាន​កើតឡើង​នៅ​យប់​ថ្ងៃ​សុក្រ​។ ក្រោយ​បញ្ចាប់​ការបាញ់តប​តបគ្នា រវាង​កងទ័ព​និង​ក្រុម​សកម្មប្រយុទ្ធ​ដែល​ប្រដាប់​ដោយ​អាវុធ បណ្តាលឲ្យ​មនុស្ស​២០​នាក់​ស្លាប់ ហើយ​ក្រុម​សកម្ម​ប្រយុទ្ធ​៦​នាក់ ក៏​ត្រូវបាន​គេ​បាញ់​សម្លាប់​ដែរ​។ ដោយឡែក​ចំណាប់ខ្មាំង​១៣​នាក់​ត្រូវបាន​គេ​សង្គ្រោះ ពី​កណ្តាប់ដៃ​ក្រុម​សកម្មប្រយុទ្ធ ក្រោម​ការអន្តរាគមន៍​ពី​កងទ័ព​។ រដ្ឋាភិបាល​ជប៉ុន​នៅតែ​មាន​ភាព​តក់ស្លុត​នៅឡើយ ដោយ​បារម្ភ​ពី​ជោគវាសនា​របស់​ជនជាតិ​ជប៉ុន​ផ្សេងទៀត​៕


ព័ត៌មានផ្សេងទៀត