ភាពចម្រូងចម្រាស​​បាន​កើតឡើង​​ក្រោយ​​សហភាព​អឺរ៉ុប​​បង្ខំ​ឲ្យ​អង់គ្លេស​​ចេញ​ឲ្យបាន​ឆាប់​

02-07-2016 4:16 pm 1684
ទង់ជាតិអង់គ្លេស(ឆ្វេង)និងទង់ជាតិអឺរ៉ុប(ស្ដាំ)

​អង់គ្លេស​បាន​រៀបចំ​កា​រ​បោះឆ្នោត​ប្រជាមតិ​កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ ដែល​ជា​ថ្ងៃ​ប្រវត្ដិសាស្ដ្រ​ដើម្បី​ស្វែងរក​សំឡេង​គាំទ្រ​ឲ្យ​ស្ថិតនៅ និង​សំឡេង​ឲ្យ​ចាកចេញ​ពី​សមាជិក​សហ​ភាព​អឺរ៉ុប​។​ក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​ប្រមាណ​៤៦​លាន​នាក់ មាន​៧១.៨%​ស្នើ​នឹង​ជាង​៣០​លាន​នាក់​បាន​ទៅ​បោះឆ្នោត​។​ជា​លទ្ធផល​សំឡេង​គាំទ្រ​ឲ្យ​អង់គ្លេស​នៅ​ជា​សមាជិក​អឺរ៉ុប​មាន​៤៨%​និង​សំឡេង​គាំទ្រ​ឲ្យ​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​មាន​៥២%​។​


​សំឡេង​គាំទ្រ​ឲ្យ​ស្ថិត​នៅ​និង​ចាកចេញ​លើសខ្វះ​គ្នា​តិចតួច​ប៉ុណ្ណោះ ព្រោះ​ប្រជាជន​អង់គ្លេស​មួយចំនួន​ក៏​មិន​ពេញចិត្ដ​ឲ្យ​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​ដែរ ដោយសារ​ខ្លាច​ជួប​បញ្ហា​ប្រឈម​ច្រើន​។​សូម្បី​នាយករដ្ឋមន្ដ្រី​អង់គ្លេស​ឌេ​វីដ កា​មេរ៉ូ​ន​ក៏មិន​ពេញចិត្ដ​ចាកចេញ ប៉ុន្ដែ​ធ្វើ​យ៉ាងម៉េច​បើ​ជា​ការសម្រេចចិត្ដ​របស់​ប្រជាជន​។​


​ក្រោយ​លទ្ធផល​ប្រកាស​ជា​ផ្លូវការ អ្វី​ដែល​អង់គ្លេស​ត្រូវ​ធ្វើ​គឺ​ត្រៀម​ខ្លួន​ដើម្បី​ចាកចេញ​។​ប៉ុន្ដែ​ត្រង់​ចំណុច​នេះ​អឺរ៉ុប​និង​អង់គ្លេស​បាន​ខ្វែងគំនិត​គ្នា​។​ខ្វែងគំនិត​ដោយសារ​អង់គ្លេស​ចង់​ពន្យារពេល​ចាកចេញ​ពី​អឺរ៉ុប មិន​ចង់​ពិភាក្សា​សម្រេច​ចាកចេញ​ពី​សមាជិក​សហ​ភាព​អឺរ៉ុប​ភ្លាមៗ​ទេ​។​លោកនាយក​រដ្ឋមន្ដ្រី​អង់គ្លេស​ថា មុន​អង់គ្លេស​ចាកចេញ​អង់គ្លេស​ត្រូវ​ត្រៀម​ខ្លួន​លើ​ច្រើន​ចំណុច ពិសេស​បំផុត​គឺ​ត្រៀម​លើ​បញ្ហា​សេដ្ឋកិច្ច​។​


​លោក​ចង់​ទុក​ពេល​យូរ​បន្ដិច​ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ ហើយ​លោក​ចង់ទុក​ភារកិច្ច​ពិភាក្សា​ការចាកចេញ​ពី​សមាជិក​សហភាព​អឺរ៉ុប ឲ្យ​នាយករដ្ឋមន្ដ្រី​អង់គ្លេស​ថ្មី​ជា​អ្នកទទួលខុសត្រូវ​វិញ ក្រោយ​ពេល​លោក​ចុះចេញ​ពី​តំណែង​។​លោក​ឌេ​វីដ កា​មេ​រ៉ូន​បន្ទាប់​ពី​ការធ្វើ​ប្រជាមតិ​បាន​ប្រកាស​ថា​នឹង​ចុះ​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ដ្រី​អង់គ្លេស អាច​នៅ​ក្នុង​ខែ​តុលា​ខាង​មុខ ព្រោះ​លោក​មិន​អាច​ដឹកនាំ​ប្រទេស​តាម​មាគ៌ា​ផ្ទុយ​ពី​ឆន្ទៈ​បានឡើយ​។​លោកនាយក​រដ្ឋមន្ដ្រី​រូបនេះ​បាន​សុំ​ពេល​សហភាព​អឺរ៉ុប កុំ​ទាន់​កំណត់​ពេល​ចាប់ផ្ដើម​កិច្ចពិភាក្សា​អី​។​


​ដោយឡែក​ខាង​សហភាព​អឺរ៉ុប​ដែល​នៅសល់​សមាជិក​តែ​២៧​ប្រទេស​ដក​អង់គ្លេស​ចេញ បាន​បង្ខំ​ឲ្យ​អង់គ្លេស​រៀបចំខ្លួន​ចាកចេញ​ពី​អឺរ៉ុប​ឲ្យបាន​ឆាប់ កុំឲ្យ​យប់យន់​សុ​បិនយូរ​។ លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់​ស័រ ហូឡង់ក៏​ទទូច​ដែរថា អង់គ្លេស​មិនអាច​ត្រូវ​ពន្យារ​ពេល​ឡើយ​។​រីឯ​ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប​លោក​Jean-Claude Juncker​និយាយថា អង់គ្លេស​បាន​បោះឆ្នោត​ថា​ចេញ​ហើយ ដូច្នេះ​មិន​ចាំបាច់​រង់ចាំ​រហូតដល់​ខែតុលា​ទេ ត្រូវ​ព្យាយាម​ចរចា​លើ​លក្ខខណ្ឌ​ចាកចេញ​ឲ្យបាន​ឆាប់​។​


​សូមបញ្ជាក់​ថា អឺរ៉ុប​អាច​ចេញពី​សហភាព​អឺរ៉ុប​បាន​លុះត្រាតែ​មាន​នាយក​រដ្ឋមន្ដ្រី​ថ្មី​មក​ជំនួស​តំណែង​លោក​កា​មេ​រ៉ូន​នៅ​ខែ​តុលា ហើយ​បន្ទាប់​មកទៀត​មេដឹកនាំ​ថ្មី​ត្រូវ​សម្រេចចិត្ដលើ​ពេលវេលា​ដើម្បី​ពិភាក្សា​លើ​មាត្រា​៥០​នៃ​សន្ធិសញ្ញា​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​បន្ដដំណើរ​ការដក​អង់គ្លេស​ចេញ​។​បើ​តាម​មាត្រា​៥០​នោះ បាន​ទុក​ថ្ងៃ​ផុតកំណត់​ដល់​ពីរ​ឆ្នាំ ដើម្បី​ដក​អង់គ្លេស​ចេញពី​អឺរ៉ុប​។​ប៉ុន្ដែ​ចំពោះ​ការចរចា​ពី​ទំនាក់ទំនង​នាពេល​អនាគត​រវាង​អង់គ្លេស​ជា​មួយ​សហភាព​អឺរ៉ុប​វិញ អាច​មាន​រយៈពេល​យូរ​ឆ្នាំ​ទៀត​៕

ព័ត៌មានផ្សេងទៀត