គ្រួសារ​សកម្មជន​បរិ​ស្ថាន​ទទូច​ឲ្យ​តុលាការ​ដក​ចេញ​នូវ​ការបង់ប្រាក់​ពិន័យ​១០០​លាន​រៀល​

ដោយ៖ សៅ វិសាល 01-07-2016 6:05 pm 1621

​ក្រោយ​ជាប់ឃុំ​១០​ខែ​១៥​ថ្ងៃ សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​៣​រូប រួមមាន លោក​ស៊ី​ម សំណាង លោក​សាន់ ម៉ា​ឡា និង​លោក​ទ្រី សុ​វិគា ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព​នៅ​ល្ងាច​ថ្ងៃទី​១ ខែកក្កដា​នេះ​។​នៅ​មុខ​តុលាការ​សាលាដំបូង​ខេត្តកោះកុង ប្រជា​សហគមន៍ ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន និង​ក្រុមគ្រួសារ របស់​សកម្មជន​ទាំង​៣​រូប​បាន​រង់ចាំ​យ៉ាង​អន្ទះសារ​។​សកម្មជន​បរិស្ថាន​ទាំង​៣​រូប ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០១៥ ។

​ជា​ការសម្រេច តុលាការ​សាលាដំបូង​ខេត្ត​កោះកុង បាន​ប្តូរ​បទ​ចោទប្រកាន់​លើ សកម្មជន មាតា​ធម្មជាតិ​៣​រូប​នេះ​ពី​បទ​គំរាមកំហែង​ធ្វើឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ ទៅ​ជា​បទ​ផ្តើមគំនិត​គំរាមកំហែង​ថា នឹង​ធ្វើអោយ​ខូចខាត ដោយ​ភ្ជាប់​នៅ​បញ្ជា​អ្វីមួយ តាម​មាត្រា​៤២៤ និង​មាត្រា​១០៨ នៃ​ក្រម​ព្រហ្មទណ្ឌ​វិញ​។​តាមរយៈ​ការចោទប្រកាន់​នេះ តុលាការ​សម្រេច​ផ្តន្ទាទោស សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​៣​រូបនេះ ដាក់ពន្ធនាគារ​១​ឆ្នាំ​៦​ខែ ប៉ុន្តែ​អនុវត្ត​ទោស​១០​ខែ​១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ចាប់ខ្លួន និង​ពិន័យ​សំណង​រួមគ្នា​សង​សំណង​រដ្ឋប្បវេណី​ដល់​ដើមបណ្តឹង​ចំនួន​១០០​លាន​រៀល និង​បង់​២​លាន​រៀល​ចូល​ថវិការដ្ឋ​។​

​យ៉ាងណាមិញ​ទន្ទឹម​នឹង​ក្តីរីករាយ ចំពោះ​ការដោះលែង និង​ការជួបជុំ​ក្រុម​គ្រួសារ​វិញ​ក្រុម​គ្រួសារ និង​ប្រជា​សហគមន៍ ដែល​បាន​នាំគ្នា​រង់ចាំ​ទទួល និង​លើកទឹកចិត្ត សកម្មជន​បរិស្ថាន​ទាំង​៣ បាន​សម្តែង​ក្តីមិនពេញចិត្ត ចំពោះ​ការសម្រេច​របស់​តុលាការ ព្រោះ​ជា​រឿង​អយុត្តិធម៌ និង​បាន​ទាមទារ​សុំ​ឲ្យ​តុលាការ ពិនិត្យ​និង​ជំនុំជម្រះ​ក្តី​ឡើងវិញ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់ អ្នកស្រី​ថា សុធា

ភរិយា​លោក​ស៊ីម សំណាង​..៖

​សំឡេង​ប្រពន្ធ ស៊ីម សំណាង​

​ដោយឡែក អ្នកស្រី សំ សំណាង ម្តាយ​លោក​ទ្រី សុវិគា​វិញ បាន​ទទូច​ឲ្យ​តុលាការ​ដក​ចេញ​នូវ​ការបង់ប្រាក់​ពិន័យ ព្រោះ​មាន​ចំនួន​ច្រើន​ពេក  ម្យ៉ាង​សកម្មភាព​កូនប្រុស​របស់គាត់ កន្លងមក គឺ​ដើម្បី​ប្រយោជន៍​រួម មិនមែន​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​ទេ​។​

​សំឡេង​ម្តាយ ទ្រី សុ​វិគា​

​ដោយឡែក​លោក​ឈិន ឡុង អនុប្រធាន​លេខាធិការដ្ឋាន នៃ​តុលាការ​សាលាដំបូង​ខេត្តកោះកុង​វិញ សុំ​មិន​បរិយាយ​ច្រើន​លើ​ករណី​នេះ​។ លោក​គ្រាន់តែ​និយាយ​ដោយ​ខ្លី​ថា នេះ​ជា​ការសម្រេច​របស់​ចៅក្រម​ជំនុំជម្រះ​...

សំឡេង​លោក​ឈិន ឡុង​

​គួររំលឹកថា សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​៣​រូប​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា​ឆ្នាំ​២០១៥ បន្ទាប់​ពី បាន​បើក​យុទ្ធនាការ រារាំង​ការ​បូម​ខ្សាច់ របស់​ក្រុមហ៊ុន​ចំនួន​២ គឺ​ក្រុមហ៊ុន International Rainbow​និង​ក្រុមហ៊ុន Direct Access ក្រោម​មូលហេតុ​ថា ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ទាំងនេះ បាន​ធ្វើឲ្យប៉ះពាល់ ដល់​លំនៅឋាន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ព្រែក​ព្រមទាំង​ធ្វើឲ្យប៉ះពាល់ ជម្រក​មច្ឆជាតិ និង​ការនេសាទ​ត្រី​របស់​ប្រជាពលរដ្ឋ​ផងដែរ​។ ដើមបណ្តឹង​ក្នុង​សំណុំរឿង​នេះ​គឺ លោក អន ភារៈ អភិបាលស្រុក​បទុម​សាគរ និង ក្រុមហ៊ុន​Direct Access ៕

​ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត