លោកពូ​ទីន​៖​​រុស្ស៊ី​ត្រៀម​​ជាស្រេច​​ការពារ​ខ្លួន​​ពី​ស្ថានភាព​​មិន​អាច​​ដឹង​មុន​

01-07-2016 3:24 pm 791
ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន(កណ្ដាល)

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រុស្ស៊ី​បាន​ត្រៀម​រួចជាស្រេច ដើម្បី​ការពារ​ខ្លួន​ក្នុង​ពិភពលោក​ដែល​កំពុង​មាន​បញ្ហា​អស្ថេរភាព​កើតឡើង​កាន់តែ​ច្រើន ហើយក៏​មិន​អាច​ស្មាន​ដឹងថា​នឹង​មាន​អ្វី​កើតឡើង​បន្ដទៀត​។​ថ្លែង​ប្រាប់​មន្ដ្រីការទូត​រុស្ស៊ី​ក្នុង​កិច្ចប្រជុំ លោកពូ​ទីន​លើក​ឡើង​យ៉ាង​ដូច្នេះ “​ការផ្លាស់ប្ដូរ​អាច​កើតមាន​ឡើង​លើ​គ្រប់​វិស័យ​ទាំងអស់​នៃ​ទំនាក់ទំនង​ជាមួយ​អន្ដរជាតិ​។​អាច​ប្រកួតប្រជែង​ទាំង​ឥទ្ធិពល​និង​ធនធាន​កំពុង​កើនឡើង​។​រុស្ស៊ី​នឹង​អាច​ការពារ​ខ្លួន​បាន ហើយ​អាច​ធានា​ពី​សន្ដិសុខ​នៃ​សហព័ន្ធរុស្ស៊ី​ទាំងមូល​និង​ប្រជាជន​ផងដែរ​។​


​លោកពូ​ទីន​បាន​ព្រមាន​ថា​សក្ដានុពល​នៃ​ជម្លោះ​អាច​បន្ដ​កើតឡើង​នៅក្នុង​តំបន់​ផ្សេងៗ​គ្នា​ក្នុង​ពិភពលោក​។​អំពើ​ភេរវកម្ម​ពេល​នេះ​ហាក់​នៅ​ឆ្ងាយ​បន្ដិច ប៉ុន្ដែ​មិន​អាច​ទាយ​ដឹងថា​ការវាយប្រហារ​នឹង​កើតឡើង​កន្លែង​ណា​បន្ដ​ទេ​។​ដូច្នេះ​សហគមន៍​អន្ដរជាតិ​ត្រូវ​មាន​គោលដៅ​តែ​មួយ បង្កើត​គោលការណ៍​សន្ដិសុខ​រួម​និង​ការទទួលខុសត្រូវ​ជា​សមូហភាព តាមរយៈ​កិច្ចចរចា​និង​កិច្ចសហការ​។​


​ខណៈ​ពិភពលោក​កំពុង​មាន​ការប្រាស្រ័យ​ទាក់ទង​គ្នា មាន​ការសហការ​គ្នា មាន​ឆន្ទៈ​រួមគ្នា និង​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ឈានទៅរក​ការសម្របសម្រួល ចំណុច​ទាំងអស់​នេះ​គួរតែ​អាច​ជា​គន្លឹះ​សំខាន់​សម្រាប់​ដោះស្រាយ​បញ្ហា​កំពុង​ស្មុគស្មាញ​។​រុស្ស៊ី​កំពុង​បន្ដ​គោលនយោបាយ​ការបរទេស​ប្រកបដោយ​ប្រសិទ្ធភាព​និង​ឯករាជ្យ ក្នុង​គោលបំណង​កសាង​អន្ដរ​កម្ម​ដោយ​បើក​ចំហរ​និង​ស្មោះត្រង់​ជាមួយ​គ្រប់​ជាតិ​សាសន៍ ទាំង​នៅ​ខាងលិច ខាងកើត ខា​ត្បូង និង​ខាងជើង​។​នេះ​ជា​អ្វី​ដែល​លោកពូ​ទី​ន​បាន​និយាយ​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ដ្រី​របស់​ខ្លួន​។​


​យ៉ាងណា​ក៏​ដោយ​លោក​ពូ​ទីន​ថា រុស្ស៊ី​នឹងមិន​ចុះចាញ់​ការដាក់​សម្ពាធ​ពី​ប្រទេស​ខាងក្រៅ​ឡើយ មិន​ថា​ផ្នែក​យោធា​និង​សេដ្ឋកិច្ច តែ​ផ្ទុយទៅវិញ​រុស្ស៊ី​នឹង​បន្ដ​បង្កើត​ទំនាក់ទំនង​ប្រកបដោយ​ភាព​យោគយល់​គ្នា និង​ផ្ដល់​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​ក្នុង​វិស័យ​ផ្សេងៗ​។​រុស្ស៊ី​នឹង​បន្ដ​ស្វែងរក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​បញ្ហា​ជា​សាកល មាន​វិបត្ដិ​អ៊ុយ​ក្រែន​ជាដើម​៕

ព័ត៌មានផ្សេងទៀត