អាមេរិក​បញ្ចូល​​មី​យ៉ាន់​ម៉ា​​ក្នុង​បញ្ជីខ្មៅ​​ពាក់ព័ន្ធ​​ការជួញដូរ​​មនុស្ស​

01-07-2016 1:10 pm 504
ទូក​ដឹក​ជនចំណាកស្រុក

​អាមេរិក​កាលពី​ថ្ងៃ​ទី​៣០​មិថុនា បានបង្ហាញ​របាយការណ៍​ប្រចាំឆ្នាំ និយាយ​ពី​ការជួញដូរ​មនុស្ស ដោយ​ក្នុង​របាយការណ៍​នោះ អាមេរិក​បាន​បញ្ចូល​ប្រទេស​៨​បន្ថែម​ក្នុង​បញ្ជីខ្មៅ​របស់ខ្លួន ដោយ​មាន​ប្រទេស​មី​យ៉ាន់​ម៉ា​និង​អ៊ូ​បេគី​ស្ថាន​ផងដែរ​។​ការសម្រេច​បញ្ចូល​មី​យ៉ាន់​ម៉ា​និង​អ៊ូ​បេគី​ស្ថានក្នុង​បញ្ជីខ្មៅ​អាមេរិក ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​គាំទ្រ​យ៉ាងខ្លាំង ប៉ុន្ដែ​នៅ​អន់ចិត្ដ​បន្ដិច​ត្រង់​ថា ថៃ​និង​ម៉ាឡេស៊ី​ដែល​ពួកគេ​ថា​ជា​ប្រទេស​កំពុង​មាន​បញ្ហា​ជួញដូរ​មនុស្ស ដូច​មិនបាន​កំណត់ឲ្យ​ទទួលខុសត្រូ​វ​ធ្ងន់ធ្ង​រសោះ ទោះ​ដាក់បញ្ចូល​ក្នុង​បញ្ជីខ្មៅ​អាមេរិក​ហើយ​ក្ដី​។​


​ក្រសួងការបរទេស​អា​មេរិក​កាលពី​ឆ្នាំមុន​ធ្លាប់រង​ការរិះគន់​ថា មិន​បាន​បញ្ចូល​មី​យ៉ាន់​ម៉ា​ក្នុង​បញ្ជីខ្មៅ ដោយ​ទីក្រុង​វ៉ាស៊ីនតោន​បិទ​ភ្នែក​ធ្វើ​មិន​ឃើញ​ពី​បញ្ហា​ទាសភាព​ក្នុង​ប្រទេស​នេះ ខណៈ​កំពុង​ជំរុញ​ឲ្យ​មី​យ៉ាន់​ម៉ា​ផ្លាស់ប្ដូរ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​។​របាយការណ៍​ជួញដូរ​មនុស្ស​អាមេរិក​កន្លងមក​ក៏​ធ្លាប់​រង​ការរិះគន់​ដែរ​ថា មាន​ទំនោរ​ផ្នែក​នយោបាយ​ទៅ​លើ​ប្រទេស​មួយចំនួន​។​តែ​លោក​ច​ន ឃើ​រី​រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​អាមេរិក​ថា ចំណាត់​ថ្នាក់​នេះ​គឺ​ផ្អែក​លើ​លក្ខណៈវិនិច្ឆ័យ​ត្រឹមត្រូវ មិន​ទាក់ទង​រឿង​នយោបាយ​នោះទេ​។​លោក​បន្ដ​ថា​ការសម្រេច​មិនមែន​ចេះ​តែ​ធ្វើ​ទេ គឺ​មាន​មូលដ្ឋាន​ត្រឹមត្រូវ​ដោយ​ផ្អែកលើ​ការវិភាគ​ជា​ច្រើនលើក​ច្រើនសា​រ​ជា​រៀងរាល់ឆ្នាំ​។​


​យ៉ាងណាក៏ដោយ​ក្រុមអ្នកតាមដាន​សិទ្ធិមនុស្ស​នៅ​តែ​បារម្ភ​ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​បន្ធូរបន្ថយ​ដល់​ប្រទេស​ជា​សម្ព័ន្ធមិត្ដ​របស់គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ជា​កន្លែង​ដែល​មាន​ឧស្សាហកម្ម​នេសាទ​។​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយចំនួន​ត្រូវ​ចោទប្រកាន់​ថា​បាន​រំលោភ​បំពាន​កម្លាំង​ពលកម្ម​យ៉ាងឃោ​ឃៅ បង្ខំ​មនុស្ស​ធ្វើការ​គ្មាន​សម្រាក​នៅក្នុង​សមុទ្រ ជាក់ស្ដែង​មាន​ប្រទេស​ថៃ​ជាដើម មិនទាន់​អាច​ដោះស្រាយ​បាន​ទេ​។​


​សូមបញ្ជាក់​ថា ប្រទេស​៦​ទៀត​មាន​ប្រទេស​Djibouti, Haiti, Papua New Guinea, Sudan, Suriname និង​Turkmenistan ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជីខ្មៅ​អាមេរិក​ដូចគ្នា ក្រៅពី​មី​យ៉ាន់​ម៉ា​និង​អ៊ូ​បេគី​ស្ថាន​៕

ព័ត៌មានផ្សេងទៀត