មតិ​ពលរដ្ឋ​ចង់ឱ្យ​រដ្ឋាភិបាល​ផ្គត់ផ្គង់​ជនពិការ​ឱ្យ​បាន​គ្រប់គ្រាន់​បើហាមគេមិនឱ្យច្រៀង

30-06-2016 4:45 pm 1140

​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ហាម​ជនពិការ​មិន​ឱ្យ​ប្រគុំ​តន្ត្រី នៅតាម​ដងផ្លូវ​ដែល​ខ្លាច​មាន​ការ​បង្ក​ជា​គ្រោះថ្នាក់​ផ្សេងៗ និង​បណ្ដាលឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ចរាចរណ៍​តាម​ដងផ្លូវ​។ មតិ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​មានគំនិត​លើកទឹកចិត្ត​ឱ្យ​ជនពិការ​ប្រគុំ​តន្ត្រី​នេះ បាន​ស្នើរ​ឱ្យ​រដ្ឋ​បង្កើត មជ្ឈមណ្ឌល​ជនពិការ សម្រាប់​ឱ្យ​ពួកគេ​ទទួលបាន​ការផ្គត់ផ្គង់​គ្រប់គ្រាន់​ចៀស​ជាង​ឱ្យ​ពួកគេ​ច្រៀង​តាម​ចញ្ចើមផ្លូវ​។


​ពេល​ធ្វើដំណើរ​ក្នុង​ទីក្រុង​ភ្នំពេញ គេ​តែង​សង្កេតឃើញ​ក្រុម​តន្ត្រី​នៅ​តាម​ដងផ្លូវ ឫ​ស្ដុប​មួយចំនួន ខណៈពេលដែល​ចរាចរណ៍​កំពុង​មមាញឹក​ទៅមក​។ តន្ត្រី​ទាំងនោះ​មិនមែន​សម្ដែង​ដោយ​ក្រុម​សិល្បះករ​ល្បីៗ​ដែល​ធ្លាប់​លេចមុខ​តាម​កញ្ចក់​ទូរទស្សន៍ ឫ​ឆាក​ប្រគុំ​តន្ត្រី​ធំ​ធំ​ឡើយ​។ ពួកគេ​ទាំងនោះ​ជា​ក្រុម​ជនពិការ ដែល​ព្យាយាម​ស្រែក​ច្រៀង និង​ប្រគុំ​តន្ត្រី​ក្រោម​កំដៅ​ថ្ងៃ និង​ដី​ហុយ ដើម្បី​ទទួលបាន​ប្រាក់​មូលនិធិ ពី​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាម​ផ្លូវ ដែល​មាន​ចិត្ត​អាណិតអាសូរ ដល់​ជន​ដែល​បាត់បង់​ផ្នែក​ខ្លះ​នៃ​កាយសម្បទារ​របស់ខ្លួន​។​


​កំពុង​អង្គុយ​អាន​កាសែត នៅមុខ​សំណង់​ផ្ទះល្វែង​មួយ​ម្ដុំ​រង្វង់​មូល​ទួលគោក ជាងដែក​ម្នាក់​គឺ​លោក​លី ឈិន​សាន យល់ថា រដ្ឋាភិបាល​មិន​គួរ​បញ្ឈប់​ការ​ច្រៀង​តាម​ដងផ្លូវ​ឡើយ ព្រោះថា​នេះ​គឺជា​សិទ្ធិ​សេរីភាព​ក្នុង​ការប្រកប​របរ​រ​ក​ស៊ី​របស់​ពួកគាត់​។ ជនពិការ​ដែល​ច្រៀង​តាម​ចិញ្ចើម​ផ្លូវ​នេះ គឺ​ដោយសារ​ពួកគេ​មិន​មាន​លទ្ធភាព​ធ្វើ​អ្វី​ផ្សេង​បាន អ្នកខ្លះ​ពិការភ្នែក ខ្លះ​ពិការ​ដៃ ខ្លះ​ពិការ​ជើង​.........


​សំឡេង​លោក​លី ឈិន​សាន​៖


​ជាងដែក​រូបនេះ​បាន​បន្តថា ការ​ច្រៀង​របស់​ជនពិការ អាច​ប៉ះពាល់​ទៅលើ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​មួយចំនួន តែ​ការប៉ះពាល់​នេះ​មិន​បាន​ចោទ​ជា​បញ្ហា​ធំ​ឡើយ​។ លោក​ថា​ប្រសិនបើ​អាជ្ញាធរ​ចង់​ហាមឃាត់​គាត់​មិន​ឱ្យ​ប្រគុំ​តន្ត្រី រដ្ឋ​គួរណា​តែ​បង្កើត​មជ្ឈមណ្ឌល​មួយ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​របស់​ពួកគាត់​..........


​សំឡេង​លោក​លី ឈិន​សាន​៖


​អង្គុយ​លើ​អង្រឹង​ចង់ភ្ជាប់​ជាមួយ​រ៉ឺម៉ក អ្នកស្រី​ផឡី អ្នកលក់​គ្រែឈើ​តាម​ខេត្ត បាន​លើកឡើង​ថា អ្នកស្រី​មាន​ភាព​អាណិតអាសូរ​ជាខ្លាំង​ចំពោះ​ក្រុម​ជនពិការ​ទាំងនោះ​ដែល​ខំ​ស្រែកច្រៀង​ក្រោម​កំដៅថ្ងៃ​។ អ្នកស្រី​មិន​ចង់​ឱ្យ​ពួកគាត់​នៅ​ច្រៀង​តាម​ដងផ្លូវ​ទៀតឡើយ ដោយ​ស្នើ​ឱ្យមាន មណ្ឌល​មួយ​សម្រាប់​ពួក​គាត់​រស់នៅ​.........


​សំឡេង​អ្នកស្រី ផឡី​៖


​អ្នក​ធាក់​រទេះ​លក់​ចេកអាំង លោក​ម៉ៅ ហាស់ យល់ថា ការ​ច្រៀង​ដើម្បី​ទទួលបាន​ថវិការ​វិភាគទាន​នេះ មិនមែន​ជា​ការ​សុំទាន​ឡើយ វា​ជា​ការងារ​សុច្ចរិត​។ សាលាក្រុង​ខ្លាច​ខូច​បរិស្ថាន និង​ស្ទះចរាចរណ៍ តែ​សម្រាប់​លោក​វិញ​គិតការ​ច្រៀង​នេះ​មិន​មាន​ការ​ទើសទាល់​អ្វី​ឡើយ​។ ពួកគេ​មាន​ចំណូលចិត្ត និង​រក​ប្រាក់​បាន​តាម​រយៈ​ការ​ច្រៀង ធ្វើឱ្យ​ជីវភាព​បានធូ​ស្រាល​ជាមុន​.......


​សំឡេង​លោក​ម៉ៅ ហាស់​៖


​ទោះបីជា​ការ​ច្រៀង​បាន​ជួយ​សម្រួល​ដល់​ជីវភាព​ជនពិការ ប៉ុន្តែ​លោក ម៉ៅ ហាស់ នៅតែ​ចង់​ឱ្យ​រដ្ឋ​បង្កើត​មណ្ឌល​មួយ​សម្រាប់ ជួយ​ដល់​ជនពិការ​ទាំងនេះ​.........


​សំឡេង​លោក​ម៉ៅ ហាស់​៖


​សូមជម្រាបថា ក្រសួង​មហាផ្ទៃ​បាន​ប្រកាស ដាក់បញ្ចូល​ការគិតគូរ ដល់​ជនពិការ​ក្នុង​ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ​។​នៅក្នុង​លិខិត​បាន​ស្នើរ ឲ្យ​អភិបាលនៃ​គណៈ​អភិបាល​រាជធានី​ខេត្ត ផ្តល់​នូវ​ភាពងាយស្រួល ដល់​ពលរដ្ឋ​ដែល​មាន​ពិការភាព​គ្រប់​ប្រភេទ នៅ​ថ្នាក់ក្រោម​ជាតិ ក្នុង​គោលបំណង​ដើម្បី​ជួយ​សំរួល ដល់​ពួកគាត់​ក្នុង​ការប្រើប្រាស់​សេវា ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ​ដោយ​ភាពងាយស្រួល  ព្រមទាំង​ស្នើរ​ឲ្យមាន​ការដាក់បញ្ចូល​ការគិ​ត​គូរ ដល់​ជនពិការ​គ្រប់​ប្រភេទ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន រួម​ទាំង​បន្ទប់ទឺក​សម្រាប់​ជនពិការ ស្របតាម​ច្បាប់​ស្តីពី​ជនពិការ និង​ស្តង់ដារ​ជា​សកល សម្រាប់​ជនពិការ​៕

(ដោយ៖ គីម ចាន់ចាវ)

ព័ត៌មានផ្សេងទៀត