ជី​វប្រ​វត្ដិ​​សង្ខេបប្រធានាធិបតី​ថ្មី​​ហ្វីលីពីន​​លោក​Rodrigo Duterte

30-06-2016 4:41 pm 6789
រូបភាព​ប្រធានាធិបតីថ្មី​ហ្វីលីពីន​លោក​​Rodrigo Duterte​

​លោក​Rodrigo Duterte គឺ​លោក​កើត​នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​១៩៤៥​ក្នុង​ប្រទេស​ហ្វីលីពីន មកដល់ពេលនេះ​លោក​មាន​អាយុ​៧១​ឆ្នាំ​ហើយ​។​ឪពុក​របស់​លោក​ធ្លាប់​ជា​អភិបាលក្រុង​Danao ហើយ​បន្ទាប់មក​ជា​អភិបាលខេត្ដ​Danao​។​លោក​Duterte​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ដ្រ​នយោបាយ​ក្នុង​ឆ្នាំ​១៩៦៨ នៅ​សាកលវិទ្យាល័យ Lyceum of the Philippines​ក្នុង​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​។​នៅ​ឆ្នាំ​១៩៧២ លោក​បាន​ទទួល​សញ្ញាបត្រ​ច្បាប់​ពី​មហាវិទ្យាល័យ Beda ហើយ​បាន​ប្រឡង​ជាប់​ជា​មេធាវី​ក្នុងឆ្នោះនោះ​ដូចគ្នា​។​


​ពី​ឆ្នាំ​១៩៧៧​ដល់​១៩៧៩ លោក Duterte​បាន​ក្លាយ​ជា​មេធាវី​ពិសេស​នៅ​ការិយាល័យ​ព្រះរាជអាជ្ញា​ក្នុង​ក្រុង​Davao​។​ពី​ឆ្នាំ​១៩៧៩​ដល់​១៩៨៦​លោក​ត្រូវបាន​ឡើង​តំណែង​ពី​ជំនួយការ​ព្រះរាជអាជ្ញា​ទី​បួន​ទៅជា​ជំនួយការ​ព្រះរាជអាជ្ញា​ទី​ពីរ​ក្នុង​ក្រុង​។​ដោយឡែក​ក្នុង​ឆ្នាំ​១៩៨៦​លោក​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​អភិបាលរង​ក្រុង Davao ហើយ​ក្លាយជា​អភិបាល​ក្រុង​ក្នុង​ឆ្នាំ​១៩៨៨​។​លោក​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ពីរ​ដង​ទៀត​គឺ​ក្នុង​ឆ្នាំ​១៩៩២​និង​ឆ្នាំ​១៩៩៥​។​


​លោក​ធ្លាប់បាន​ធ្វើ​ជា​តំណាងរាស្ដ្រ​ផងដែរ​នៅ​ឆ្នាំ​១៩៩៨ នៅពេល​ចប់​អាណត្ដិជា​អភិបាលក្រុង​។​នៅ​ឆ្នាំ​២០០១ លោក​បាន​ធ្វើ​ជា​អភិបាលក្រុង Davao​ម្ដងទៀត​ជា​អាណត្ដិ​ទី​បួន​របស់លោក​។​លោក​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ម្ដងទៀត​ក្នុង​ឆ្នាំ​២០០៤​និង​ឆ្នាំ​២០០៧ ហើយ​ឆ្នាំ​២០១០​លោក​ជាប់​ជា​អភិបាលរង​ក្រុង​វិញ​។​ក្រោយមក​ទៀត​ក្នុង​ឆ្នាំ​២០១៥​លោក​ក៏​បាន​ប្រកាស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រជែង​យក​តំណែង​ប្រធានាធិបតី​ហ្វីលីពីន​ក្នុង​ឆ្នាំ​២០១៦​នេះ​។​ទីបំផុត​ក្រោយ​ការបោះឆ្នោត​ថ្ងៃ​ទី​០៩​ឧសភា​ឆ្នាំ​២០១៦ លោក​ក៏​ទទួល​ជ័យជម្នះ​ដូច​បំណង​៕

ព័ត៌មានផ្សេងទៀត