ប្រធានាធិបតី​ថ្មី​​ហ្វីលីពីន​​ចូលកាន់​តំណែង​​ក្រុម​អង្គការ​​សិទ្ធិមនុស្ស​​បារម្ភ​កាន់តែខ្លាំង​

30-06-2016 4:34 pm 1196
លោក​Rodrigo Duterte​(កណ្ដាលឈរលើកដៃ)ពេលចូលស្បថកាន់តំណែង

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​Rodrigo Duterte​បាន​ចូល​ស្បថ​កាន់​តំណែង​ជា​ផ្លូវការ បន្ទាប់ពី​លោក​បាន​ឈ្នះ​ការបោះឆ្នោត​យ៉ាង​ភ្លូកទឹកភ្លូកដី​កាលពី​ថ្ងៃ​ទី​០៩​ខែ​ឧសភា​។​លោក​Duterte​ត្រូវ​ចូលមក​ជំនួស​តំណែង​ប្រធានាធិបតី​ហ្វីលីពីន​ចាស់​លោក​Benigno Aquino​។​លទ្ធផល​នៃ​ការ​ឈ្នះឆ្នោត​របស់លោក អ្វី​ដែល​ធ្វើឲ្យ​ប្រជាជន​ចាប់​អារម្មណ៍​ខ្លាំង គឺ​គោលនយោបាយ​លុបបំបាត់​អំពើ​ឧក្រិដ្ឋកម្ម​ចេញពី​ប្រទេស​ហ្វីលីពីន​តែ​ក្នុង​រយៈពេល​៦​ខែ​ប៉ុណ្ណោះ​។​ការឃោសនា​បែបនេះ បាន​ធ្វើឲ្យ​ប្រជាជន​ហ្វីលីពីន​ចង់​ឃើញ​ការ​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​។​ម្យ៉ាង​លោក​ក៏​បាន​ប្ដេជ្ញា​នឹង​ចាត់វិធានការ​ចំពោះ​អ្នក​ជួញដូរ​គ្រឿងញៀន ដោយ​មិន​អាច​លើកលែង​បាន​។​


​ទន្ទឹម​នឹង​ការ​ចូល​ស្បថ​កាន់​តំណែង​ជា​ផ្លូវការ លោក​Rodrigo Duterte​ក៏​រង​ការរិះគន់​មិន​ស្ទើរ​ដែរ​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​លោក​បាន​សន្យា​ដូច​រៀបរាប់​ខាងលើ​។​អ្នក​ដែល​បង្ហាញ​ការព្រួយបារម្ភ​ខ្លាំងជាងគេ​នៅ​ពេល​លោក​Duterte​ចូលកាន់​តំណែង គឺ​ក្រុម​អង្គការ​សិទ្ធិមនុស្ស​។​មូលហេតុ​ដោយសារ​ខ្លាច​ប្រធានាធិបតី​ថ្មី​រូបនេះ សម្លាប់​មនុស្ស​មិន​ញញើត​ដៃ ព្រោះ​លោក​បាន​សន្យាថា​នៅ​ពេល​ចូល​កាន់តំណែង លោក​មិន​លើកលែង​ឲ្យ​អ្នកប្រព្រឹត្ដ​អំពើ​ឧក្រិដ្ឋ​កម្ម​ជាដាច់ខាត​។​


​រីឯ​អ្នក​ជួញដូរ​គ្រឿងញៀន​វិញ​ក៏​ដូចគ្នា ដោយ​លោក​ផ្ដល់​សិទ្ធិ​ឲ្យ​មន្ដ្រី​ប៉ូលិស​អាច​បាញ់សម្លាប់​ពួកគេ​បាន មិនតែប៉ុណ្ណោះ​សូម្បី​ប្រជាជន​សាមញ្ញ​ក៏​អាច​សម្លាប់​អ្នក​ជួញដូរ​ថ្នាំញៀន​ឬ​មេខ្លោង​បានដែរ ថែម​ទាំង​ទ​ទូល​បាន​រង្វាន់​លើក​ទឹកចិត្ដ​ទៀត​។​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ខ្លាច​ថាបើ​ធ្វើ​បែប​នេះ​មែន​នឹង​អាច​ប៉ះពាល់​ដល់​បញ្ហា​សិទ្ធិមនុស្ស​នៅ​ហ្វីលីពីន​មិន​ខាន ហើយ​ហាក់ដូចជា​អាច​ប្រើ​ទោស​ប្រហារជីវិត​បាន​ដោយ​សេរីពេក​។​រឿង​គួរឲ្យ​បារម្ភ​មួយ​ទៀត​លោក​Rodrigo Duterte​ត្រូវ​គេ​ចាត់ទុកថា​ជា​អ្នកនយោបាយ​មាត់​ដាច ហើយ​អ្វី​ដែល​លោក​និយាយ​លោក​តែងតែ​ធ្វើ នេះ​ជាដើម​ចម​មួយ​ទៀត​ធ្វើឲ្យ​មាន​ក្ដីកង្វល់​។​


​ប៉ុន្ដែ​ទោះ​មាន​ការរិះគន់ លោក​Duterte​នៅ​តែ​ប្រកាន់​ជំហរ​ដដែល តាម​អ្វី​ដែល​បាន​សន្យា​។​នៅក្នុង​ពេល​ចូល​ស្បថ​កាន់​តំណែង​លោក​ប្រធានាធិបតី​ក៏​បាន​លើកឡើង​ផងដែរ ពី​ជំហរ​ធ្វើឲ្យ​មាន​កំណើនសេដ្ឋកិច្ច កាត់បន្ថយ​ភាពក្រីក្រ និង​ការ​លុប​បំបា​ត​អំពើពុករលួយ​ជាដើម​។​ក្រៅពីនេះ​លោក​គ្រោង​ជួប​ជាមួយ​ក្រុម​ឧទ្ទាម​អ៊ីស្លាម​នៅ​ហ្វីលីពីន ដើម្បី​ដោះស្រាយ​ជម្លោះ​និង​ការប្រយុទ្ធ​គ្នា​រ៉ាំរ៉ៃ ស្វែងរក​សន្ដិភាព​សម្រាប់​ប្រជាជន​។​ដ្បិត​មាន​ការរិះគន់ ប៉ុន្ដែ​ក៏​មាន​ប្រជាជន​ស្រឡាញ់​រូប​លោក​ដែរ ដោយសារ​កន្លងមក​ពេល​លោក​ធ្វើ​អភិបាលក្រុង​Davao លោក​បាន​ដោះស្រាយ​បញ្ហា​ធំៗ​ដោយ​ជោគជ័យ​៕

ព័ត៌មានផ្សេងទៀត