ការបំផ្ទុះគ្រាប់បែកអត្ដឃាតបីគ្រាប់រួមជាមួយការបាញ់ប្រហារផង បានកើតឡើងនៅអាកាសយានដ្ឋានAtaturkក្នុងក្រុងអ៊ីស្ដង់ប៊ុលប្រទេសតួកគី បណ្ដាលឲ្យមនុស្សយ៉ាងតិចណាស់៣៦នាក់បានស្លាប់បាត់បង់ជីវិត។ហេតុការណ៍បាញ់ប្រហារនិងបំផ្ទុះគ្រាប់បែកអត្ដឃាតដ៏រន្ធត់នេះ បានកើតឡើងនៅម៉ោងប្រមាណ១០យប់ម៉ោងក្នុងតំបន់ថ្ងៃទី២៨មិថុនា ដោយមានក្រុមអ្នកវាយប្រហារបានបាញ់រះទៅលើសន្ដិសុខនៅច្រកចូលអាកាសយានដ្ឋាន ដែលធ្វើឲ្យការបាញ់ប្រហារមួយប្រាវបានផ្ទុះឡើង មុនពេលពួកគេបំផ្ទុះសម្លាប់ខ្លួនឯង។នេះបើតាមការបញ្ជាក់ពីអាជ្ញាធរតួកគី។
តាមសាក្សីបានរៀបរាប់ពីហេតុការណ៍ថា វាជាការសម្លាប់មនុស្សយ៉ាងរន្ធត់បំផុត ខណៈរូបភាពបង្ហាញក្នុងបណ្ដាញសង្គមឃើញមានអ្នកដំណើរដេកនៅលើឥដ្ឋ ហើយសម្ភារអ្នកដំណើរខ្ទាតខ្ចាត់ខ្ចាយ។សាក្សីម្នាក់ទៀតបានប្រាប់ទូរទស្សន៍CNNថា វាជាការវាយប្រហារដ៏ខ្លាំងក្លា ដោយមនុស្សគ្រប់គ្នាភ័យស្លន់ស្លោរត់ចែកជើងគ្នាទៅរកកន្លែងមានសុវត្ថិភាពរៀងៗខ្លួន។មន្ដ្រីសន្ដិសុខក៏បានស្រែកឲ្យអ្នកដំណើរគេចខ្លួននិងបានជម្លៀសពួកគេចេញពីអាកាសយានដ្ឋាន។ប៉ូលិសបានដាក់កងកម្លាំងសន្ដិសុខហ៊ុំព័ទ្ធជុំវិញកន្លែងកើតហេតុ ព្រមទាំងមានឡានពេទ្យចូលជួយសង្គ្រោះអ្នករបួសផងដែរ។
ភ្លាមៗបន្ទាប់ពីកើតហេតុ មិនទាន់មានការអះអាងទទួលខុសត្រូវពីក្រុមណាមួយឡើយ ប៉ុន្ដែជំហានដំបូងគេសង្ស័យលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដោយសារតួកគីធ្លាប់រងការវាយប្រហារជាច្រើនលើកកាលពីឆ្នាំមុន ហើយគេបន្ទោសទៅលើក្រុមឧទ្ទាមឃឺដនិងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ប៉ូលិសក៏បានបញ្ជាក់ដែរថា ការបំផ្ទុះគ្រាប់បែកអត្ដឃាតនិងការបាញ់ប្រហារនៅអាកាសយានដ្ឋានក្នុងប្រទេសតួកគីនេះ ក្រុមរដ្ឋអ៊ីស្លានត្រូវជឿជាក់ថាជាអ្នកធ្វើសកម្មភាព ទោះបីមិនទាន់មានភស្ដុតាង ហើយហាក់ឆាប់ពេកសម្រាប់ការសន្និដ្ឋាននេះក៏ដោយ។
លោកប្រធានាធិបតីតួកគីRecep Tayyip Erdoganបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៣៦នាក់ ខណៈទីភ្នាក់ងារសារព័ត៌មានDoganថាមានមនុស្ស៨៨នាក់ផ្សេងទៀតរងរបួស។លោកក៏បានទទួចស្នើសុំឲ្យអន្ដរជាតិត្រូវចូលរួមប្រយុទ្ធប្រឆាំងអំពើភេរវកម្មបន្ទាប់ពីការវាយប្រហារនេះបានកើតឡើង។ជាការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សលើកទីបួនកើតឡើងក្នុងទីក្រុងអ៊ីស្ដង់ប៊ុលក្នុងឆ្នាំនេះ៕