កូរ៉េខាងជើង​​សុំ​ជួប​ពិភាក្សា​​ជាមួយ​​កូរ៉េខាងត្បូង​ជាថ្មី​​ក្រោយ​សំណើ​​លើក​មុន​​បរាជ័យ​

28-06-2016 2:49 pm 1065
រូបទង់ជាតិកូរ៉េខាងត្បូង(ឆ្វេង)និងទង់ជាតិកូរ៉េខាងជើង(ស្ដាំ)

​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២៧​មិថុនា បានបង្ហាញ​ផែនការ​រៀបចំ​កិច្ចប្រជុំ​ថ្មី​មួយ​ជាមួយ​កូរ៉េ​ខាងត្បូង ដើម្បី​ពិភាក្សា​ពី​ការបង្រួបបង្រួម​ជាតិ​និង​ពិភាក្សា​ពី​បញ្ហា​សន្ដិភាព​លើ​ឧបទ្វីប​កូរ៉េ​។​ផែនការ​ជួប​ជាមួយ​កូរ៉េខាងត្បូង ត្រូវ​កូរ៉េខាងជើង​ផ្ញើ​ទៅ​អាជ្ញាធរ​កូរ៉េខាងត្បូង​រួចហើយ តាមរយៈ​គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ​។​នេះ​បើ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​។​


​កូរ៉េខាងជើង​គ្រោង​បើក​កិច្ចប្រជុំ​ជាមួយ​កូរ៉េ​ខាងត្បូង​នៅ​ទីក្រុង​ព្យុង​យ៉ាង​ក៏បាន នៅ​ក្រុង​ខេ​សុង​ជាប់​ព្រំដែន​ប្រទេស​ទាំង​ពីរ​ក៏​បាន ដោយមាន​តំណាង​គណបក្ស​នយោបាយ តំណាង​អង្គការ​និង​ឥស្សរជន​ល្បីឈ្មោះ មកពី​ប្រទេស​កូរ៉េខាងត្បូង កូរ៉េ​ខាងជើង​និង​មក​ពី​បរទេស​។​កាលបរិច្ឆេទ​គឺ​អាច​ធ្វើឡើង​នៅ​ថ្ងៃ​១៥​សីហា នៅ​ពេល​ប្រទេស​ទាំង​ពីរ​ប្រារព្ធ​ខួប​នៃ​ការ​រំដោះប្រទេស​ចេញពី​អាណានិគម​ជប៉ុន​។​ចំណុច​មួយទៀត​ក្រៅតែពី​ពិភាក្សា​លើ​ការបង្រួបបង្រួម​ជាតិ​និង​បញ្ហា​សន្ដិភាព ក្រុង​ព្យុងយ៉ាង​ក៏​បាន​ស្នើសុំ​ធ្វើ​ទំនាក់​ជាមួយ​គ្នា​បន្ដ​ទៀត ពិភាក្សា​ពី​ការបង្កើត​គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ ប្រសិនបើ​ការជជែក​គ្នា​លើក​នេះ​អាច​ប្រព្រឹត្ដទៅបាន​។​


​សូម​រម្លឹកថា កាលពី​ខែ​ឧសភា​កូរ៉េខាងជើង​ធ្លាប់​ស្នើសុំ​ជួប​កូរ៉េ​ខាងត្បូង​ពីរ​ដង​មក​ហើយ​ដែរ ដើម្បី​ពិភាក្សា​ពី​ការកាត់បន្ថយ​ភាព​តានតឹង និង​បង្កើត​ទំនុកចិត្ដ​ឲ្យមាន​ការ​ជឿជាក់គ្នា​ឡើងវិញ​។​ប៉ុន្ដែ​សំណើ​របស់​កូរ៉េខាងជើង​ត្រូវ​កូរ៉េខាងត្បូង​បដិសេធចោល ហើយ​ទទូច​ទៅ​វិញ​ថា បើ​ចង់​ជួបចរចា​កូរ៉េខាងជើង​ត្រូវ​បោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែរ​ជាមុនសិន​។​ចំពោះ​សំណើ​លើក​នេះ ក៏​មិន​ទាន់​មាន​ការឆ្លើយតប​ពី​កូរ៉េខាងត្បូង​យ៉ាងណាដែរ​៕

ព័ត៌មានផ្សេងទៀត