លោក​Cameron៖​​ចាំបាច់​ត្រូវ​​រៀបចំ​ផែនការ​ឲ្យ​ល្អប្រសើ​រសិន​​មុន​ចេញ​ពី​​សហភាព​អឺរ៉ុប​

28-06-2016 11:43 am 2089
នាយករដ្ឋមន្ដ្រីអង់គ្លេស​(ឈរកណ្ដាល)​ពេលថ្លែងក្នុងសភា

​ក្រោយ​លទ្ធផល​នៃ​ការធ្វើ​ប្រជាមតិ​នៅ​អង់គ្លេស​បង្ហាញថា អង់គ្លេស​ត្រូវ​ចាកចេញ​ពី​សមាជិក​សហ​ភាព​អឺរ៉ុប ដំណឹង​នេះ​បាន​ធ្វើឲ្យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ពិភពលោ​ក ពិសេស​ទាំង​អឺរ៉ុប​និង​អង់គ្លេស​ខ្លួនឯង​ផ្ទាល់​។​ប្រជាជន​អង់គ្លេស​បាន​សម្រេចចិត្ដឲ្យ​ចាកចេញ​ច្រើនជាង ប៉ុន្ដែ​មាន​ប្រជាជន​មួយចំនួន​ទៀត មិន​ចង់​ឲ្យ​អង់គ្លេស​ចេញ​ពី​សមាជិក​អឺរ៉ុប​ទេ សូម្បី​តែ​នាយករដ្ឋមន្ដ្រី​អង់គ្លេស​ក៏​ចង់​ស្ថិតនៅ​ជាមួយ​សហភាព​អឺរ៉ុប​។​ប៉ុន្ដែ​ទោះ​ខុស​ពី​អ្វី​ដែល​លោក​ចង់​បាន នេះ​ជា​ការសម្រេចចិត្ដ​របស់​ប្រជាជន​។​


​លោកនាយក​រដ្ឋមន្ដ្រី​អង់គ្លេស​David Cameron បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​សភា​ថា នៅ​មុន​ពេល​អង់គ្លេស​ត្រូវ​ចេញពី​សហភាព​អឺរ៉ុប ចាំបាច់​ត្រូវ​បង្កើត​អង្គភាព​ពិសេស​មួយ​ដើម្បី​ពិភាក្សា​រៀបចំ​ផែនការ​និង​យុទ្ធសាស្ដ្រ​នានា​។​លោក​បន្ដថា​“​វា​គឺជា​រឿង​ស្មុគស្មាញ​ហើយ​ជា​កាតព្វកិច្ច​សំខាន់បំផុត​ដែល​អង់គ្លេស​ត្រូវ​រៀបចំ​។​អង្គភាព​ថ្មី​នឹង​ត្រូវ​ស្ថិត​នៅក្នុង​បេះដូង​រដ្ឋាភិបាល​តែ​ម្ដង ហើយ​ត្រូវ​ដឹកនាំ​រៀបចំ​ឲ្យបាន​ល្អប្រសើរ​លើ​សេវាកម្ម​ស៊ីវិល​។​ម្យ៉ាងវិញទៀត​ត្រូវ​រាយការណ៍​ដល់​គណៈរដ្ឋមន្ដ្រី​ទាំងមូល ត្រូវ​ផ្ដល់​យោបល់​លើ​បញ្ហា​ប្រឈម​បណ្ដោះអាសន្ន និង​ត្រូវ​រក​វិធីសាស្ដ្រ​ឬ​ជម្រើស​ណាមួយ​សម្រាប់​ទំនាក់​ទំនង​អង់គ្លេស​ជាមួយ​អឺរ៉ុប និង​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ក្នុង​ពិភពលោក​នា​ពេលអនាគត​។​”


​ក្នុង​កិច្ចប្រជុំ​បន្ទាន់​នៅ​សភា​នោះ​ដែរ លោក​Cameron​បញ្ជាក់​ពី​ការធ្វើប្រជាមតិ​ទៀតថា វា​ជា​លទ្ធផល​ដែល​លោក​មិន​ចង់បាន ហើយក៏​ជា​លទ្ធផល​ដែល​ជឿជាក់ថា​មិន​ល្អ​សម្រាប់​ប្រទេស​ដែល​លោក​ស្រឡាញ់​។​ប៉ុន្ដែ​គ្មាន​អ្វី​ត្រូវ​សង្ស័យ​លើ​លទ្ធផល​នេះ​ទេ​។​វា​នឹង​ក្លាយជា​រឿង​លំបាក ដោយ​យើង​បាន​ឃើញ​ហើយ​ថា​នឹង​ត្រូវ​សម្រួល​ឡើងវិញ​លើ​បញ្ហា​សេដ្ឋកិច្ច​បញ្ហា​រដ្ឋធម្មនុញ្ញ​ដ៏​ស្មុគស្មញ និង​ត្រូវ​ប្រឈមមុខ​គ្នា​ជាមួយ​អឺរ៉ុប​នៅពេល​មាន​កិច្ចចរចា​ថ្មី​។​ប៉ុន្ដែ​ប្រាកដ​ណាស់​ថា​ការសម្រេចចិត្ដ​ត្រូវតែ​ទទួលយក ហើយ​ដំណើរការ​នៃ​ការ​អនុវត្ដ​លើ​ការសម្រេចចិត្ដ​នេះ ក៏​ត្រូវតែ​ចាប់ផ្ដើម​ធ្វើ​ឥលូវ​ដែរ​។​


​លោក​David Cameron​ធានា​ថា​សម្រាប់​ប្រជាជន​អឺរ៉ុប​រស់នៅ​អង់គ្លេស ហើយ​ប្រជាជន​អង់គ្លេស​រស់​នៅក្នុង​ប្រទេស​នៅ​អឺរ៉ុប មិនទាន់​មាន​ការ​ផ្លាស់​ប្ដូរ​ភ្លាមៗ​ទេ​លើ​ស្ថាន ភាព​កាលៈទេសៈ​រស់នៅ​របស់​គេ ឬក៏​ការធ្វើដំណើរ ការផ្លាស់ប្ដូរ​ទំនិញ និង​សេវាកម្ម​លក់ដូរ​ផ្សេងៗ​។​ការចរចា​រឿង​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នឹង​ត្រូវ​ចាប់ផ្ដើម​ឡើង​ក្រោម​ការដឹកនាំ​របស់​នាយ​ក​រដ្ឋមន្ដ្រី​ថ្មី ដែល​នឹង​ចូល​មក​កាន់​តំណែង​បន្ទាប់ពី​លោក​ចុះចេញ​។​សូមបញ្ជាក់​ថា​លោក​David Cameron​បានប្រកាស​ភ្លាមៗ​បន្ទាប់​ពី​ការបង្ហាញ​លទ្ធផល​ប្រជាមតិ ថា​នឹង​ចុះចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ដ្រី​អង់គ្លេស​អាច​នៅ​ខែតុលា​។​មូលហេតុ​លោក​លើកឡើង​ថា មិន​អាច​ដឹកនាំ​ប្រទេស​តាម​មាគ៌ា​ដែល​ខុស​ពី​ឆន្ទៈ​របស់​លោក​ឡើយ ទុកឲ្យ​នាយក​រដ្ឋមន្ដ្រី​ថ្មី​ជា​អ្នកដឹកនាំ​ជំនួស​វិញ​ចុះ​៕

ព័ត៌មានផ្សេងទៀត