ប្រធានាធិបតីហ្វីលីពីនទើបជាប់ឆ្នោតលោកRodrigo Duterte នៅថ្ងៃ២៧មិថុនានេះបានរិះគន់ក្រុមអ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្ស ហើយលោកនៅតែប្រកាន់ជំហរប្រឆាំងឧក្រិដ្ឋកម្មដដែល គឺនឹងកាត់ទោសប្រហារជីវិតលើអ្នកប្រព្រឹត្ដដើម្បីជាការដាក់ទណ្ឌកម្ម។លោកRodrigo Duterte តាំងពីមុនការបោះឆ្នោតលោកបានប្រកាសគោលនយោបាយប្រឆាំងអំពើឧក្រិដ្ឋកម្មដាច់ខាត ហើយបើលោកជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន លោកសន្យាចាត់វិធានការលុបបំបាត់បញ្ហានេះក្នុងរយៈពេល៦ខែប៉ុណ្ណោះ។ការអះអាងបែបនេះត្រូវរងការរិះគន់ ពិសេសពីក្រុមអង្គការសិទ្ធិមនុស្សផ្ទាល់តែម្ដង ដោយលើកឡើងថាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់បញ្ហាសិទ្ធិមនុស្ស។
ថ្លែងសុន្ទរកថាក្នុងក្រុងDavaoជាស្រុកកំណើតរបស់ខ្លួន ប្រធានាធិបតីទើបជាប់ឆ្នោតរូបនេះថានៅពេលចូលកាន់តំណែងជាផ្លូវការ លោកត្រូវផ្ដោតសំខាន់លើផែនការប្រយុទ្ធប្រឆាំងបញ្ហាឧក្រិដ្ឋកម្មដែលកំពុងមានភាពចម្រូងចម្រាស។លោកបាននិយាយពីក្រុមសិទ្ធិមនុស្ស ពីសមាជិកសភាដែលប្រឆាំងផែនការរបស់លោកថា “ឱអ្នកទាំងអស់គ្នាអើយ ម៉េចអ្នកឯងល្ងង់ម្ល៉េះ។ខ្ញុំជឿជាក់ទៅលើការដាក់ទណ្ឌកម្ម។ហេតុអ្វី?អ្នកត្រូវតែហ៊ានស៊ីសង។នៅពេលអ្នកសម្លាប់នរណាម្នាក់ រំលោភនរណាម្នាក់ អ្នកត្រូវតែស្លាប់។”
លោកRodrigo Duterteស្ថិតក្នុងវ័យ៧១ឆ្នាំ បានឈ្នះការបោះឆ្នោតកាលពីខែមុន បន្ទាប់ពីធ្វើយុទ្ធនាការឃោសនាទ្រង់ទ្រាយធំបញ្ចប់បទល្មើសឧក្រិដ្ឋកម្ម។យុទ្ធនាការនេះក៏ធ្វើឲ្យមានការព្រមានដែរថា បើលោកDuterteជាប្រធានាធិបតីនោះហ្វីលីពីននឹងស្ថិតក្នុងគ្រោះថ្នាក់។ប៉ុន្ដែមិនខ្វល់ពីសម្ដីរិះគន់ អ្វីធ្លាប់សន្យាកន្លងមកចាំបាច់ត្រូវធ្វើ ព្រមទាំងសន្យានឹងសម្លាប់មនុស្សរាប់ពាន់នាក់ ដោយសារពួកគេជាអ្នកពាក់ព័ន្ធបទឧក្រិដ្ឋ។លោកDuterteក៏ធ្លាប់សន្យាផ្ដល់រង្វាន់លើកទឹកចិត្ដដល់ប៉ូលិសដែលអាចសម្លាប់ឈ្មួញជួញដូរគ្រឿងញៀនបាន និងបានលើកទឹកចិត្ដដូចគ្នាដល់ជនស៊ីវិលដែលអាចសម្លាប់ឬចាប់ខ្លួនជនសង្ស័យបាន៕