ការស្ទង់មតិ​​បង្ហាញថា​​លោកស្រី​Clinton​​កំពុង​នាំមុខ​​លោក​Trump

27-06-2016 11:57 am 2339
លោកស្រី​គ្លីនតុន​​កំពុង​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ

​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី​Hillary Clinton កំពុងតែ​នាំមុខ​លោក​Donald Trump បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​។​លោកស្រី​នាំមុខ​១២​ពិន្ទុ​គឺ​១២%​លើ​លោក​Trump​។​នេះ​បើ​តាម​ការស្ទង់មតិ​ដែល​បាន​បង្ហាញ​កាលពី​ថ្ងៃ​ទី​២៦​មិថុនា​។​លោកស្រី​Clinton​ក្នុង​ខែ​មិថុនា​កំពុង​សប្បាយចិត្ដ​នឹង​ជ័យជម្នះ​នាំមុខ​៥១% ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​អាមេរិក កើនឡើង​៧​ពិន្ទុ​លើស​ខែ​ឧសភា​។​រីឯ​លោក​Donald Trump​វិញ​ក្នុង​ខែ​មិថុនា​នេះ​ទទួលបាន​ការគាំទ្រ​ត្រឹមតែ​៣៩%​ប៉ុណ្ណោះ​ធ្លាក់ចុះ​៧​ពិន្ទុ​។​នេះ​ជា​តួលេខ​បង្ហាញ​ពី​ការស្ទង់មតិ​របស់​Washington Post​និង​ABC News​។​


​វា​ក៏​ជា​ការនាំ​មុខ​ដ៏​អស្ចារ្យ​របស់​លោកស្រី​Clinton​លើ​លោក​Trump គិត​តាំងពី​ខែ​ឧសភា​មក កាលណោះ​លោក​Trump​នាំមុខ​សំឡេង​៤៦%​ទល់នឹង​៤៤%​។​ការស្ទង់មតិ​រក​ឃើញ​ដែរ​ថា អ្នកបោះឆ្នោត​អាមេរិក​៥៦%​ជឿជាក់ថា លោក​Trump​ជំទាស់​ជំនឿ​របស់​ពួកគេ ខណៈ​៦៤%​ថា​លោក​Trump​គ្មាន​ចំណុច​សំខាន់​ណាមួយ​អាច​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក​បាន​ទេ​។​


​ការនិយាយ​រិះគន់​លើ​រឿងរ៉ាវ​ចម្រូងចម្រាស​ទាក់ទង​នឹង​ស្ដ្រី ក្រុម​ជនជាតិភាគតិច និង​ក្រុម​ម៉ូ​ស្លីម ត្រូវ​គេ​សន្និដ្ឋាន​ថា​ជាដើម​ហេតុ​ធ្វើឲ្យ​លោក​Donald Trump​ធ្លាក់​សំឡេងគាំទ្រ​។​អ្នកបោះឆ្នោត​ជា​ប្រជាជន​អាមេរិក​ចាត់ទុក​ការរិះគន់​របស់លោក​Donald Trump​ជា​គំនិត​អគតិ​។​សរុប​៦៦%​នៃ​ប្រជាជន​អាមេរិក​យល់ថា ការលើកឡើង​របស់​លោក​Trump​មិន​សម​ហេតុផល និង​២៩%​ថា​រឿង​ត្រឹមត្រូវ​។​


​អ្វី​ដែល​ឃើញជាក់ស្ដែង​នៅពេលនេះ គឺ​លោកស្រី​Hillary Clinton​និង​លោក​Donald Trump​កំពុង​បញ្ចេញថ្វីដៃ​ទាក់ទាញ​ប្រជាប្រិយភាព​ក្នុង​របៀប​ផ្សេងៗ​គ្នា​។​អ្វី​ដែល​គួរឲ្យកត់សម្គាល់ គោលនយោបាយ​លោក​Trump​ហាក់​ត្រូវ​រង​ការរិះគន់​ខ្លាំង​បន្ដិច ព្រោះ​មាន​ចំណុច​មួយចំនួន​ដែល​ប្រជាជន​អាមេរិក​មិន​ពេញចិត្ដ ជាក់ស្ដែង​មាន​គោល​នយោបាយ​ទាក់ទង​នឹង​ជនអន្ដោប្រវេសន៍​អ៊ីស្លាម​ជា​ដើម​៕

ព័ត៌មានផ្សេងទៀត