អឺរ៉ុប​​ទាមទារ​​លែងលះ​​ជាមួយ​អង់គ្លេស​​ឲ្យបាន​ឆាប់

26-06-2016 3:06 pm 4042
​សមាជិក​អឺរ៉ុប​​៦​ប្រទេសក្នុងចំណោម២៨ដែលជួបពិភាក្សាគ្នានៅប៊ែកឡាំងកាលពីថ្ងៃទី២៥មិថុនា

​មហារ​អំណាច​អឺរ៉ុប​បាន​ទាមទារ ឲ្យ​អង់គ្លេស​ប្រញាប់​ចាប់ផ្តើម​បើក​ការចរចា ដើម្បី​លែងលះគ្នា កាត់ឈ្មោះ​អង់គ្លេស ចេញ​ពី​សមាជិក​អឺរ៉ុប​ឲ្យបាន​ឆាប់រហ័ស​។  ​អម​ជាមួយ​ការទាមទារ​លែងលះ​ឲ្យដាច់​ស្រេ​ចជា​ផ្លូវការ​ជាមួយ​អង់គ្លេស អឺរ៉ុប​បាន​បោះពាក្យ​ព្រមាន​អង់គ្លេស​ផងដែរ​ថា អង់គ្លេស​នឹង​ជួប​ភាព​អហន្ត​រាយ​ផ្នែក​វិស័យ​សេដ្ឋកិច្ច បន្ទាប់​ពី​ប្រជាជន​អង់គ្លេស​បាន​បោះឆ្នោត​សម្រេច​ឲ្យ​អង់គ្លេច​ផ្តាច់ចេញ​ពី​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​២៣​មិថុនា​។ ក្រោយ​លទ្ធផល​បោះឆ្នោត​ប្រកាស​ជា​ផ្លូវការ​នា​ថ្ងៃទី​២៤​មិថុនា គ្មាន​អ្នកណា​ដឹងថា វា​ក៏​ជា​ថ្ងៃ​ដែល​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​Cameron ប្រកាស​ចុះចេញ​ពី​តំណែង​របស់​គាត់​ដែរ​។ លោក Cameron​បញ្ជាក់ថា លោក​នៅ​បន្ត​ជួយ​ប្រទេស​អង់គ្លេស​ក្នុងនាម​ជា​នាយ​រដ្ឋមន្ត្រី រហូត​ដល់​ជ្រើសរើស​បាន​នាយក​រដ្ឋមន្ត្រី​ថ្មី  នៅ​អំឡុង​ខែតុលា​។ លោក​Cameron​បញ្ជាក់ថា នាយក​រដ្ឋមន្ត្រី​ថ្មី​នឹង​ជា​អ្នក​ចាប់ផ្តើម​ចរចា​ចាកចេញ​ពី​សមាជិក​អឺរ៉ុប​។

 

​ប៉ុន្តែ​មហាអំណាច​អឺរ៉ុប​បាន​ជម្រុញ​អង់គ្លេស​កុំ​ពន្យារ​ពេល​តទៅទៀត ដោយ​អះអាង​ថា ដំណើរការ​ចរចា​ចាក​ចេញ​នេះ ត្រូវតែ​ធ្វើ​ឲ្យបាន​ឆាប់រហ័ស​។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាល្លឺម៉ង់​Frank-Walter Steinmeier​បាន​និយាយ បន្ទាប់ពី​កិច្ចប្រជុំ​នៅក្នុង​ទីក្រុង​ប៊ែក​ឡាំង​។ ជា​កិច្ចប្រជុំ​បន្ទាន់ ពិភាក្ស​ពាក់ព័ន្ធ​ការចា​ក​ចេញ​របស់​អង់គ្លេស មាន​ការចូលរួម​ពី​សមាជិក​អឺរ៉ុប​ចំនួន​៦​ប្រទេស រួមមាន​ប្រទេស​អាល្លឺម៉ង់​, បារាំង​, អ៊ីតាលី​, ហូ​ល្លង់​, បែលហ្ស៊ិក​និង​លុច​សំបួ​។ ពាក់ព័ន្ធ​ការជ្រើសរើស​នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្មី បារាំង បាន​ជម្រុញ​ឲ្យ​លោក​Cameron​ប្រញាប់​ចុះចេញ​ពី​តំណែង ដើម្បី​ប្រញាប់​ជ្រើសតាំង​នាយក​រដ្ឋមន្ត្រី​ថ្មី ធ្វើការ​បន្ត​ពី​លោក​។

 

​យ៉ាងណាក៏ដោយ អឺរ៉ុប​បាន​សំដែង​ការសោកស្តាយ​ដែរ បន្ទាប់​ពី​លទ្ធផល​ប្រជាមតិ​បង្ហាញថា​អង់គ្លេស​ទទួល​សំឡេង​គាំទ្រ​ឲ្យ​ចាកចេញ​ពី​អឺរ៉ុប​ជា​ផ្លូវការ​។ សហភាព​អឺរ៉ុប​ដែល​នៅសល់​សមាជិក​២៧​ប្រទេស​នឹង​បន្ដ​រួបរួមគ្នា បន្ដ​ការងារ​ដោះស្រាយ​បញ្ហា​ប្រឈម ធ្វើឲ្យ​មាន​កំណើនសេដ្ឋកិច្ច បង្កើន​ភាពរុងរឿង​។ អង់គ្លេស​នៅតែ​ជា​សមាជិក​អឺរ៉ុប​បណ្ដោះអាសន្ន រហូតដល់​មាន​ការចរចា​សម្រេច​ឲ្យ​ចាក​ចេញ​ជា​ផ្លូវការ ហើយ​ការចរចា​នេះ​ទំនងជា​ប្រើ​រយៈពេល​យូរ​៕

ព័ត៌មានផ្សេងទៀត