ប្រជាជន​អូស្ដ្រាលី​​រាប់ពាន់​នាក់​​ស្នើសុំ​ឲ្យ​​អ្នក​ស្រឡាញ់​​ភេទ​ដូចគ្នា​​អាច​រៀប​ការ​បាន​

25-06-2016 3:49 pm 548
ក្រុម​តវ៉ា​​កាន់ទង់ជាតិ​ដើរដង្ហែក្បួន

​ប្រជាជន​អូស្ដ្រាលី​រាប់ពាន់​នាក់​នៅ​ថ្ងៃ​ទី​២៥​មិថុនា​នេះ បាន​ប្រមូលផ្ដុំ​គ្នា​ដង្ហែ​ក្បួន​ក្នុងប្រទេស​អូស្ដ្រាលី អំពាវនាវ​ឲ្យ​គណបក្ស​ណា​ក៏​ដោយ​ដែល​ឈ្នះ​ការបោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​០២​កក្កដា​ខាង​មុខ ត្រូវ​ពន្លឿន​ការណែនាំ​ឲ្យ​អនុម័ត​ច្បាប់​រៀប​អាពាហ៍ពិពាហ៍​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។​ក្រុម​តវ៉ា​បាន​ជួបជុំក្នុង​ក្រុង​Sydney ក្រុង​Melbourne ក្រុង​Brisbane និង​ក្រុង​Perth ដោយ​ពួកគេ​ដង្ហែ​ក្បួន​កាន់​ទង់ជាតិ​ធំ​មួយ​មាន​សញ្ញា​និយាយថា​"Equality now" បានន័យថា​“​ពេល​នេះ​ត្រូវតែ​មាន​សមភាព​”​។​ក្រុម​តវ៉ា​ខ្លះ​បាន​ស្លៀក​សំលៀក​បំពាក់​របស់​អតីត​នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី​លោក​Tony Abbott ដែលជា​អ្នក​ប្រឆាំង​ច្បាប់​នេះ​។​


​ពាក់ព័ន្ធ​នឹង​ច្បាប់​អនុញ្ញាត​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​អាច​រៀប​អាពាហ៍ពិពាហ៍​បាន ខាង​គណបក្ស​អភិរក្សនិយម​របស់លោក​នាយករដ្ឋមន្ដ្រី​Malcolm Turnbull​គាំទ្រ ហើយ​សន្យាថា​រៀបចំ​ការបោះឆ្នោត​ជា​សាធារណៈ​មួយ​មុន​ចុងឆ្នាំ​២០១៦​។​ចំណែកឯ​ខាង​គណបក្ស​ពលករ​ជា​បក្សប្រឆាំង​វិញ​បាន​និយាយថា ខ្លួន​នឹង​មិន​ចាំបាច់​បោះឆ្នោត​ជា​សាធារណៈ​អី​ទេ ដោយ​យក​ច្បាប់​នេះ​ទៅ​បង្ហាញ​ក្នុង​សភាព​ក្នុង​រយៈពេល​១០០​ថ្ងៃ​តែ​ម្ដង បើសិន​គណបក្ស​ឈ្នះ​ការបោះឆ្នោត​។​ការឆ្លើយតប​បែប​នេះ​ហាក់​បង្ហាញថា គណបក្ស​ធំៗ​ទាំង​ពីរ​កំពុង​តែ​ប្រកួតប្រជែង​គ្នា​ខ្លាំង​មុន​ការបោះឆ្នោត​មកដល់​។​នេះ​បើ​តាម​ការស្ទង់មតិ​។​


​សូមបញ្ជាក់​ថា អូស្ដ្រាលី​ត្រូវ​រង​ការរិះគន់​ពី​ក្រុម​សិទ្ធិ​មនុស្ស​អន្ដរជាតិ ជុំវិញ​ភាពយឺតយ៉ាវ​ក្នុង​ការឆ្លើយតប​ច្បាប់​រៀបការ​ភេទ​ដូចគ្នា​។​ប្រទេស​មួយចំនួន​មាន​កាណាដា អង់គ្លេស អាមេរិក បារាំង នូវែល​ហ្ស​ឡង់ អៀរ​ឡង់ និង​អាហ្វ្រិក​ខាងត្បូង បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​អាពាហ៍ពិពាហ៍ ទទួលស្គាល់​ការស្រឡាញ់​ភេទ​ដូចគ្នា​រួចហើយ​៕

ព័ត៌មានផ្សេងទៀត