លោក​Sanders​ថា​​នឹង​បោះឆ្នោត​ឲ្យ​​លោកស្រី​Clinton​​យកឈ្នះ​​លោក​Trump

25-06-2016 11:45 am 1191
​លោក​Bernie Sanders​ពេលថ្លែង​ទៅកាន់​អ្នកគាំទ្រ

បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​លោក​Bernie Sanders ដែល​មិន​ទាន់​ទាំង​បញ្ចប់​យុទ្ធនាការ​ការប្រកួតប្រជែង​ជា​ផ្លូវការ​ផង លោក​បាន​និយាយ​កាលពី​ថ្ងៃ​ទី​២៤​មិថុនា​ថា​នឹង​បោះឆ្នោត​ឲ្យ​លោកស្រី​Hillary Clinton​ជាប់​ជា​ប្រធានាធិបតី​អាមេរិក ដើម្បី​បិទ​ផ្លូវ​លោក​Donald Trump​។​លោក​Sanders​កន្លងមក​ជា​គូ​ប្រកួតប្រជែង​ជាមួយ​លោកស្រី​Clinton​ក្នុង​បក្ស​ប្រជាធិបតេយ្យ ដណ្ដើម​យក​តំណែង​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស ទៅ​ប្រកួត​ជាមួយ​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​សាធារណរដ្ឋ​។​ប៉ុន្ដែ​លោក​មិន​ជោគជ័យ​ដូច​លោក​ស្រី​Clinton​ទេ ម្យ៉ាង​ដោយ​មើលឃើញ​ពី​ចំណុច​អវិជ្ជមាន​មួយចំនួន​របស់​លោក​Donald Trump ទើប​សម្រេចចិត្ដ​គាំទ្រ​លោក​ស្រី​Clinton​ឲ្យ​យកឈ្នះ​លើ​លោក​Trump ពេល​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​។​


​នៅពេល​ត្រូវ​គេ​សួរ​ក្នុង​កម្មវិធី​មួយ​ថា លោក​ពិតជា​បោះឆ្នោត​គាំទ្រ​លោក​ស្រី​Clinton ជា​ប្រធានាធិបតី​អាមេរិក​ឬ​យ៉ាងណា លោក​Sanders​ឆ្លើយ​ដោយ​គ្មាន​ស្ទាក់ស្ទើ​រថា ត្រឹមត្រូវ​ហើយ​។​“​បញ្ហា​នៅ​ពេល​នេះ​គឺ​ខ្ញុំ​នឹង​ធ្វើ​គ្រប់យ៉ាង​តាម​ដែល​អាច​ទៅរួច ដើម្បី​ទម្លាក់​លោក​Donald Trump​។​ខ្ញុំ​គិតថា​លោក​Trump​ក្នុង​វិធីសាស្ដ្រ​ជាច្រើន​របស់​គេ ប្រាកដ​ជា​ធ្វើឲ្យ​ប្រទេ​សជួប​គ្រោះថ្នាក់​បើសិន​បេក្ខជន​រូបនេះ​ត្រូវ​ជ្រើសរើស​ជា​ប្រធានាធិបតី​អាមេរិក​។​”​នេះ​ជា​សម្ដី​សង្កត់​ធ្ងន់​របស់លោក​Bernie Sanders​។​ប៉ុន្ដែ​ទោះ​បញ្ជាក់​ជំហរ​គាំទ្រ​លោក​ស្រី​Clinton លោក Sanders​នឹង​នៅតែ​បន្ដ​ការប្រកួតប្រជែង​ក្នុង​បក្ស​ប្រជាធិបតេយ្យ រហូត​ដល់​ការធ្វើ​សន្និបាត​បក្ស​សម្រេច​ក្នុង​ខែកក្កដា​ឆ្នាំ​២០១៦​នេះ​។​


​សូមបញ្ជាក់​ថា បច្ចុប្បន្ន​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ដែល​លេចធ្លោ ហើយ​បាន​ឈ្នះ​សំឡេង​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស គឺ​លោកស្រី​Hillary Clinton​នៅ​បក្ស​ប្រជាធិបតេយ្យ និង​លោក​Donald Trump​នៅ​បក្ស​សាធារណរដ្ឋ​។​អ្នក​ទាំង​ពីរ​បាន​ឈ្នះ​សំឡេង​គាំទ្រ​យ៉ាង​ច្រើន ព្រមទាំង​បាន​ផ្ដួល​គូប្រជែង​នៅក្នុង​បក្ស​រៀងៗ​ខ្លួន​។​យ៉ាងណា​ក៏​ដោយ​មន្ទិល​នៅតែ​មាន​អ៊ីចឹង​ដែរ លុះត្រា​ការតែងតាំង​សម្រេច​ក្នុង​បក្ស​ត្រូវ​បិទ​បញ្ចប់​ជាមុនសិន ព្រោះ​វាសនា​ពួកគេ​អាច​ប្រែប្រួល ប្រសិនបើ​នៅ​ថ្ងៃ​ចុង​ក្រោយ​សមាជិក​បក្ស​បែរ​ទៅ​គាំទ្រ​អ្នកផ្សេង​វិញ​។​សមាជិក​បក្ស​មាន​សិទ្ធិ​គាំទ្រ​អ្នក​ឯទៀត​ដែល​គេ​ពេញចិត្ដ​បាន នៅពេល​ធ្វើ​មហាសន្និបាត​សម្រេច​ចុងក្រោយ​។​


​អ្វី​ដែល​ឃើញជាក់ស្ដែង​នៅពេលនេះ គឺ​លោកស្រី​Hillary Clinton​និង​លោក​Donald Trump​កំពុង​បញ្ចេញថ្វីដៃ​ទាក់ទាញ​ប្រជាប្រិយភាព​ក្នុង​របៀប​ផ្សេងៗ​គ្នា​។​អ្វី​ដែល​គួរឲ្យកត់សម្គាល់ គោលនយោបាយ​លោក​Trump​ហាក់​ត្រូវ​រង​ការរិះគន់​ខ្លាំង​បន្ដិច ព្រោះ​មាន​ចំណុច​មួយចំនួន​ដែល​ប្រជាជន​អាមេរិក​មិន​ពេញចិត្ដ ជាក់ស្ដែង​មាន​គោល​នយោបាយ​ទាក់ទង​នឹង​ជនអន្ដោប្រវេសន៍​អ៊ីស្លាម​ជា​ដើម​៕

ព័ត៌មានផ្សេងទៀត