ក្រោយ​លទ្ធ​ផល​ប្រជាមតិ​​ចេញជាផ្លូវការ​លោក​​David Cameron​​ប្រកាស​​ចុះចេញ​​ពី​តំណែង​

24-06-2016 5:50 pm 3549
លោកDavid Cameron

​អ្វីៗ​បាន​ប្រែប្រួល​ត្រឹមតែ​មួយ​ពព្រិច​ភ្នែក ពោល​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​លទ្ធផល​បោះឆ្នោត​​ប្រជាមតិ​ជា​ផ្លូវការ បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​បញ្ជាក់ថា អង់គ្លេស ត្រូវ​ចាកចេញ​ពី​សមាជិក​អឺរ៉ុប លោក David Cameron នាយករដ្ឋមន្ត្រី​អង់គ្លេស​ក៏​ប្រកាស​ភ្លាម​ដែរ​ថា លោក​នឹង​ចុះចេញ​ពី​តំណែង​។ នៅក្នុង​សន្ទរកថា ដ៏​គួរឲ្យភ្ញាក់ផ្អើល លោក Cameron ថែម​ទាំង​ប្រកាសថា ត្រូវតែមាន​នាយក​រដ្ឋមន្ត្រី​ថ្មី ជំនួស​តំណែង​របស់​លោក ដើម្បី​ដឹកនាំ​អង់គ្លេស​នៅលើ​វិថី​មួយ ដែល​មិនមែនដើ​លើ​ផ្លូវ​ជា​មួយ​​អឺរ៉ុប​។ លោក Cameron​បញ្ជាក់ថា លោក​នឹង​ចុះចេញ​ពី​តំណែង​នៅ​ខែ​តុលា​ខាងមុខនេះ និង​ថា​លោក​ស្រឡាញ់​ប្រទេស​របស់​លោក ហើយ​លោក​មាន​កិត្តិយស​ដែល​បាន​បម្រើ​ប្រទេស​អង់គ្លេស​……

 

​សំឡេង៖

 

​នៅ​មុន​ការបោះឆ្នោត​ធ្វើ​ប្រជាមតិ ដើម្បី​សម្រេច​ថា អង់គ្លេស​ត្រូវ​នៅ ឬ​ចាកចេញ​ពី​សមាជិក​សហ​ភាព​អឺរ៉ុប ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៣​មិថុនា លោក Cameron បាន​ថ្លែង​សារ​លើកទឹកចិត្ត​ជាច្រើន ឲ្យ​ប្រជាជន​បោះឆ្នោត​គាំទ្រ រក្សា​អង់គ្លេស នៅ​ជា​សមាជិក​​អឺរ៉ុប​បន្តទៀត​។ ប៉ុន្តែ​លទ្ធផល​ផ្ទុយ​ពី​ការរំពឹង​ទុក ប្រជាជន​អង់គ្លេស​​បាន​គាំទ្រ​ឲ្យ​អង់គ្លេស​ចាកចេញ​ច្រើន​ជាង​នៅ​។ បើ​តាម​សារ​ចុង​ក្រោយ លោក Cameron បាន​ទទូច​ប្រាប់​ប្រជាជន​របស់​លោក ដោយ​សង្កត់ធ្ងន់ថា បើ​ចាកចេញ​ពី​សមាជិក​សហ​ភាព​អឺរ៉ុប​នឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​អង់គ្លេស​ធ្លាក់ចុះ តែ​បើ​នៅ​អង់គ្លេស​នឹង​ក្លាំង​។

 

​យ៉ាងណាក៏ដោយ លទ្ធផល​នៃ​ការបោះឆ្នោត​ប្រជាមតិ​បែប​ប្រវត្តិសាស្ត្រ​មួយ​នេះ ធាតុ​ពិត​បានបង្ហាញ​ថា ប្រជាជន​អង់គ្លេស​ចង់ចាកចេញពី​សមាជិក​អឺរ៉ុប​ក៏​ពិតមែន​។ ប៉ុន្តែ​វា​បាន​បង្កប់​ខ្លឹមសារ​ដែល​បង្ហាញឲ្យឃើញថា ប្រជាជន​អង់គ្លេស​ភាគច្រើន លែង​ជឿជាក់​លើ​ការដឹកនាំ​របស់​លោក​Cameron​ដែរ ទើប​ពួកគេ​សម្រេចចិត្ត​ផ្ទុយ​ពី​គំនិត​របស់​លោក​យ៉ាង​ដូច្នេះ​។​

 

​សូមបញ្ជាក់​ថា លោក​Cameron​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី តាំងពី​ប្រទេស​ស្ថិតក្រោម​ការដឹកនាំ​ដោយ​រដ្ឋាភិបាល​ចម្រុះ រវាង​គណបក្ស​អភិរក្ស​និយម និង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​។ ក្រោយមក​លោក​ត្រូវបាន​ជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រី​ជា​ថ្មី​ម្តងទៀត​នៅ​ឆ្នាំ​២០១៥ នៅពេល​ដែល​គណបក្ស​អភិរក្សនិយម​របស់លោក បានឈ្នះ​សំឡេង​ភាគច្រើន​នៅក្នុង​សភា​ជា​លើក​ទី​មួយ​តាំងពី​ឆ្នាំ​១៩៩២​មក​៕

 

 

ព័ត៌មានផ្សេងទៀត