អំពើ​ភេរវកម្ម​​និង​ការគ្រប់គ្រង​​អាវុធ​​នឹង​ក្លាយជា​​បញ្ហា​សំខាន់​​ក្នុង​យុទ្ធនាការ​​បោះឆ្នោត​​នៅ​អាមេរិក​?

14-06-2016 2:59 pm 1472
ការបាញ់ប្រហារ​នៅក្លឹបរាត្រី​​ត្រូវលោកស្រីគ្លីនតុន​និងលោកត្រាំ​យល់ឃើញផ្ទុយគ្នា

​នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ថ្ងៃ​នេះ មាន​សេចក្ដីរាយការណ៍​ពី​ពេញ ផេង​ទាក់ទង​នឹង​ការបាញ់ប្រហារ​នៅ​អាមេរិក ដោយ​បញ្ហា​នេះ​អាច​ត្រូវ​ក្លាយជា​ប្រធានបទ​សំខាន់​សម្រាប់​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ក្នុង​ឆ្នាំ​២០១៦​។​ក្រោយ​កើតហេតុ លោក​ស្រីគ្លីន​តុន​និង​លោក​ត្រាំ បាន​បកស្រាយ​បញ្ច្រាសទិស​គ្នា​។​លោក​ស្រីគ្លីន​តុន​ចង់ឲ្យ​មាន​ច្បាប់គ្រប់គ្រងអាវុ​ធ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​សកម្មភាព​បាញ់​ប្រហារ​សម្លាប់​មនុស្ស​ដោ​យ​សេរី​។​លោក​ដូណាល់ ត្រាំ​វិញ​ថា ចង់​លុបបំបាត់​អំពើ​ភេរវកម្ម ត្រូវ​ហាមឃាត់​មិន​ឲ្យ​ជនភៀសខ្លួន​ចូល​ទឹកដី​អាមេរិក​ផ្ដេសផ្ដាស​ឡើយ ព្រោះ​ក្រុម​ជនភៀសខ្លួន​នឹងមាន​ក្រុម​អ៊ីស្លាម​និយម ក្រុម​ភេរវកម្ម​និយម ដែល​ពួកនេះ​សម្លាប់​មនុស្ស​មិន​ញញើត​ដៃ​។​


​ដើម្បី​ច្បាស់​ព័ត៌មាន​បន្ថែម សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង​ដូចតទៅ​៖

សំឡេង៖

 

​បន្ទាប់ពី​មាន​ហេតុការណ៍​បាញ់ប្រហារ​សម្លាប់​មនុស្ស​ក្នុង​រដ្ឋ​Florida​សហរដ្ឋអាមេរិក បញ្ហា​ភេរវកម្ម​និយម​និង​ការគ្រប់គ្រង​អាវុធ ទំនង​ក្លាយជា​ប្រធានបទ​សំខាន់​មួយទៀត សម្រាប់​បេក្ខជន​ប្រធានាធិបតី​យកមក​ឃោសនា​រក​សំឡេងឆ្នោត​។​ការបាញ់ប្រហារ​មាន​មនុស្ស​ស្លាប់​រហូតដល់​៤៩​នាក់​និង​របួស​៥៣​នាក់ ជា​អំពើ​ភេរវកម្ម​ដ៏​សាហាវ​ក្នុង​ប្រវត្ដិសាស្ដ្រ​អាមេរិក បន្ទាប់​ពី​សោកនាដកម្ម​យន្ដហោះ​បុក​អគារ​ពាណិជ្ជកម្ម​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១​។​ការបាញ់ប្រហារ​កើតឡើង​កាលពី​​ម៉ោង២រំលងអធ្រា​ត​​ឈានចូល​ថ្ងៃ​អាទិត្យ នៅ​ក្លឹប​រាត្រី​មួយ​កន្លែង​ក្នុង​ក្រុង​Orlando រដ្ឋ​Florida ដោយ​បុរស​ម្នាក់​ឈ្មោះ​Omar Mateen អាយុ​២៩​ឆ្នាំ​ជា​អ្នក​បាញ់ប្រហារ​។​


​ខ្មាន់កាំភ្លើង​ត្រូវបាន​ចោទប្រកាន់​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម ជា​ក្រុម​ភេរ​វករ​ឃោ​ឃៅ​កំពុង​គ្រប់គ្រង​ទឹកដី​មួយ​ភាគ​ធំ​ក្នុង​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់ ហើយក៏​បាន​ធ្វើ​សកម្មភាព​វាយប្រហារ​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​ក្នុង​ក្រុងប៉ារីស​ឆ្នាំមុន​។​ពាក់ព័ន្ធ​បញ្ហា​នេះ ប្រធានាធិបតី​អាមេរិក​បា​រ៉ាក់ អូ​បា​ម៉ា​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា Omar Mateen​ត្រូវបាន​លើក​ទឹកចិ​ត្ដ​ដោយ​ការឃោស​នា​ពី​អំពើ​ភេរវកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត ព្រោះថា​បច្ចុប្បន្ន​គ្មាន​ភស្ដុតាង​បង្ហាញថា Mateen​ជាប់ទាក់ទង​ដោយផ្ទាល់​ជាមួយ​ក្រុម​ជ្រុលនិយម​ទេ​។​ជំហាន​ដំបូង​ពុំទាន់​មាន​អ្វី​អះអាង​បាន​ថា ការបាញ់ប្រហារ​នៅ​ក្លឹប​រាត្រី​ក្នុង​រដ្ឋ​Florida ជា​សកម្មភាព​គាំទ្រ​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ឬ​យ៉ាងណា​ឡើយ នៅ​រង់ចាំ​ការស៊ើបអង្កេត​បន្ថែម​។​


​ការបាញ់ប្រហារ​បានកើត​ឡើង ចំ​ពេល​ដែល​អាមេរិក​កំពុង​ដឹកនាំ​ឈាន​ទៅរក​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ក្នុង​ឆ្នាំ​២០១៦​។​អ្នកជំនាញ​ថា​ការវាយប្រហារ​ភេរវកម្ម​អាច​នឹង​ប៉ះពាល់​ខ្លាំង​ដល់​ការបោះឆ្នោត​។​ការគ្រប់គ្រង​អាវុធ បញ្ហា​ភេរវកម្ម​និយម ការពង្រីក​គោលនយោបាយ​ការបរទេស​អាមេរិក នឹង​ត្រូវ​បេក្ខជន​ប្រធានាធិបតី​អាមេរិក​យក​ធ្វើ​ប្រធានបទ ប្រជែង​គ្នា​ដណ្ដើមយក​តំណែង​ប្រធានាធិបតី​។​


​ជាក់ស្ដែង​ក្រោយ​កើតហេតុ គូប្រជែង​ក្នុង​ការបោះឆ្នោត​បាន​វាយប្រហារ​គ្នា​ទៅវិញទៅមក​រួចហើយ​។​អ្នក​ឆ្វេងនិយម​គឺ​គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយ​ពីអ្វី​ដែល​ខ្លួន​ចង់បាន នោះ​គឺ​ការគ្រប់គ្រង​អាវុធ​។​រីឯ​ក្រុម​ស្ដាំនិយម​គឺ​ខាង​គណបក្ស​សាធារណរដ្ឋ​វិញ អំពាវនាវ​ឲ្យ​ចាត់​វិធានការ​ប្រឆាំង​ក្រុម​អ៊ីស្លាម​និយម​។​ក្នុងពេល​ថ្លែង​សុន្ទរកថា​កាលពី​ថ្ងៃ​ចន្ទ លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​បាន​និយាយ​ពី​តម្រូវការ​ចាំបាច់​ក្នុង​ការដោះស្រាយ​បញ្ហា​ភេរវកម្ម ប៉ុន្ដែ​លោកស្រី​ថា ការគ្រប់គ្រង​អាវុធ​ក៏​ជា​តម្រូវការ​ចាំបាច់​មួយ​ដែរ​សម្រាប់​អាមេរិក​។​ទាក់ទង​នឹង​ច្បាប់​គ្រប់គ្រង​អាវុធ លោក​ប្រធានាធិបតី​បា​រ៉ាក់ អូ​បា​ម៉ា​ធ្លាប់​បាន​ស្នើសុំ ប៉ុន្ដែ​មិន​ទទួលជោគជ័យ​។​គោលជំហរ​នៅ​បន្ដ​ដល់​លោក​ស្រីគ្លីន​តុ​ន ដែល​ជា​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ អាច​និយាយថា លោក​ស្រី​នឹង​បន្ដ​ស្នើសុំ​ឲ្យមាន​ច្បាប់​ហាមឃាត់​ការប្រើប្រាស់​អាវុធ​បន្ដ​ពី​លោក​អូ​បា​ម៉ា​។​


​ក្នុង​ថ្ងៃ​ដដែល​បន្ទាប់​ពី​លោក​ស្រីគ្លីន​តុន​និយាយ លោក​ដូណាល់ ត្រាំ​ជា​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​បាន​និយាយថា លោក​នឹង​មិនឲ្យ​មាន​ជន​ចំណាកស្រុក​ចូល​ក្នុង​ទឹកដី​អាមេរិ​ក​ទេ ព្រោះ​អាច​ធ្វើឲ្យ​អាមេរិក​កើតមាន​អំពើ​ភេរវកម្ម​។​ឆ្លើយតប​ទៅ​អ្នក​ជឿជាក់ថា ច្បាប់​គ្រប់គ្រង​អាវុធ​អាច​ការពារ​ប្រជាជន​អាមេរិក​ឲ្យមាន​សុវត្ថិភា​ព លោក​ដូណាល់ ត្រាំ​ថា ប្រទេស​បារាំង​ជា​ប្រទេស​មាន​ច្បាប់គ្រប់គ្រងអាវុធ​តឹងរ៉ឹង​បំផុត ប៉ុន្ដែ​នៅតែ​មាន​ការវាយប្រហារ​សម្លាប់​មនុស្ស​ជាច្រើន​នាក់​កាលពី​ឆ្នាំមុន​។​ការគ្រប់គ្រង​អាវុធ​កាន់តែខ្លាំង បានន័យថា​ដូច​ដកហូត​អាវុធ​ពី​ប្រជាជន​អាមេរិក​អ៊ីចឹង​ដែរ ដើម្បី​ឲ្យ​ពួក​គេ​គោរព​ច្បាប់​។​ធ្វើ​បែប​នេះ​ប្រជាជន​អាមេរិក​នឹង​រឹតតែ​ងាយ​រងគ្រោះ ដោយសារ​ការវាយប្រហា​រ​ភេរវកម្ម​។​


​លោក​ដូណាល់ ត្រាំ​បន្ថែមថា ក្រុម​អ៊ីស្លាម​ជ្រុលនិយម​គឺ​ពួកគេ​ប្រឆាំង​នឹង​ស្ដ្រី ប្រឆាំង​នឹង​ការស្រឡាញ់​ភេទ​ដូចគ្នា និង​ប្រឆាំង​ជនជាតិ​អាមេរិក ដូច្នេះ​លោក​មិន​អាច​រស់នៅ​ក្នុង​ប្រទេស​ដែល​ជា​គោលដៅ​វាយប្រហារ​របស់​ក្រុម​ជ្រុលនិយម​អ៊ីស្លាម​បាន​ជាដាច់ខាត​។​រម្លឹក​ឡើងវិញ​ពី​ការអំពាវនាវ​ឲ្យ​រុះរើ​រចនាសម្ព័ន្ធ​នៃ​ប្រពន្ធ​គ្រប់គ្រង​ជនអន្ដោប្រវេសន៍ លោក​ត្រាំ​ថា​ប្រព័ន្ធ​គ្រប់គ្រង​ជនអន្ដោប្រវេសន៍​បច្ចុប្បន្ន មិន​អាច​ការពារ​ប្រជាជន​អាមេរិក​បាន​ទេ​។​


​នេះ​ជា​ទស្សនៈ​ពីរ​ផ្ទុយគ្នា ដោយ​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​ចង់ឲ្យ​មាន​ច្បាប់គ្រប់គ្រងអាវុ​ធ ដើម្បី​កុំឲ្យ​មាន​ការបាញ់ប្រហា​រ​កើតឡើង​ដោយ​សេរី​។​រីឯ​លោក​ដូណាល់ ត្រាំ​វិញ ចង់​ហាមឃាត់​មិនឲ្យ​មាន​ជន​ចំណាកស្រុក​ចូល​ទឹកដី​អាមេរិក ពិសេស​គឺ​ក្រុម​អ៊ីស្លាម​និយម​តែម្ដង ដោយសារ​ក្រុម​នេះ​មាន​និន្នាការ​ប្រកាន់​ច្រើន ដូចជា​ការស្រឡាញ់​ភេទ​ដូចគ្នា​។​អ៊ីចឹង​ការបាញ់ប្រហារ​នៅ​ក្លឹប​រាត្រី​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អាច​ជា​ឧទាហរណ៍​ស្រាប់​ដែល​ក្រុម​អ៊ីស្លាម​និយម​ចង់បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ដ​។​


​ភាពចម្រូងចម្រាស​នេះ​ហើយ​ដែល​ធ្វើឲ្យ​អ្នកវិភាគ​យល់ថា ក្នុង​យុទ្ធនាការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​អាមេរិក តំណាង​ខាង​បក្ស​ធំៗ​ទាំងពីរ​របស់​អាមេរិក​នឹង​យក​បញ្ហា​ភេរវកម្ម​និយម​និង​ការគ្រប់គ្រង​អាវុធ ធ្វើ​ប្រធានបទ​ឃោសនា​បន្ថែម ឲ្យ​ប្រជាជន​គាំទ្រ​ពួកគេ​ម្ខាងៗ​។​លោក​ត្រាំ​អាច​និយាយថា គណបក្ស​ប្រជាធិបតេយ្យ​នៅ​ខ្សោយ​ក្នុង​ការដោះស្រាយ​បញ្ហា​ភេរវកម្ម ដូច្នេះ​អាមេរិក​ត្រូវការ​មេដឹកនាំ​ខ្លាំង ដែល​អាច​ស្ដារ​សណ្ដាប់ធ្នាប់​កំពុង​រញ៉េរញ៉ៃ​ឡើងវិញ​។​នោះ​គឺ​មានតែ​លោក​ទេ​មាន​សមត្ថភាព​។​លោក​ស្រីគ្លីន​តុន​វិញ​នឹង​ចង្អុលបង្ហាញ​ពី​គ្រោះថ្នាក់​នៃ​ការវាយប្រហារ​ដោយ​អាវុធ បើ​គ្មាន​ច្បាប់​ហាមឃាត់​ការប្រើប្រាស់​អាវុធ​ទេ​៕

ព័ត៌មានផ្សេងទៀត