អាមេរិក​​ផុង​កាន់តែ​ជ្រៅ​​ក្នុង​សង្គ្រាម​​ប្រឆាំង​ភេរវកម្ម​​ក្រោយ​​សម្លាប់​​លោក​​Osama bin Laden

03-05-2016 11:36 am 1677
កងទ័ពអាមេរិក​ដែលចូលរួម​ការប្រយុទ្ធ​ប្រឆាំង​ក្រុមភេរវករ

​នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ថ្ងៃ​នេះ យើង​មាន​សេចក្ដីរាយការណ៍​ពី​ពេញ ផេង ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​អាមេរិក ប្រឆាំង​អំពើ​ភេរវកម្ម​។​ក្រោយពេល​កងទ័ព​អាមេរិក​បាន​សម្លាប់​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា​លោក​Osama bin Laden​កាលពី​ឆ្នាំ​២០១១ អាមេរិក​នៅ​តែ​មមារ​ញឹក​ក្នុង​យុទ្ធនាការ​ប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​ដដែល ទោះ​មេដឹកនាំ​ពួកគេ​បាន​ស្លាប់​ក៏​ដោយ​។​ក្រុម​សកម្មប្រយុទ្ធ​បាន​កៀងគរ​សមាជិក​បន្ដិច​ម្ដងៗ រហូត​បក្សពួក​របស់​គេ​កើនឡើង និង​បាន​វាយបក​ទៅ​អាមេរិក​វិញ តាមរយៈ​ការវាយប្រហារ​ភេរវកម្ម​។​អាមេរិក​លូកដៃ​កាន់តែខ្លាំង ក្រុម​សកម្មប្រយុទ្ធ​បាន​ធ្វើឲ្យ​អាមេរិ​ករវល់​កាន់តែខ្លាំង​ដែរ​។​បច្ចុប្បន្ន អាមេរិក​មិន​ទាន់​ងាកខ្លួន​រួច​ពី​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​ឡើយ គឺ​កំពុងតែ​ផុង​កាន់តែ​ជ្រៅ​។


​ដើម្បី​ច្បាស់​ព័ត៌មាន​បន្ថែម​ថា​អាមេរិក​កំពុង​ប្រឈម​បញ្ហា​អ្វីខ្លះ ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពិស្ដារ​ពី​ពេញ ផេង​ដូចតទៅ​៖


​សំឡេង​៖


​អាមេរិក​គឺជា​ប្រទេស​មហាអំណាច ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​វិស័យ​យោធា​ទៀត​សោត​ក៏​ខ្លាំងក្លា​។​ក្នុងនាម​ជា​ប្រទេស​មហាអំណាច អាមេរិក​តែងតែ​ដើរតួនាទី​យ៉ាង​សំខាន់ ដើម្បី​ស្វែងរក​សន្ដិភាព​ជូន​ពិភពលោក​។​មិន​ថា​ប្រទេស​ណាមួយ​មាន​បញ្ហា អាមេរិក​បាន​ចូលរួម​ជួយ​ដោះស្រាយ សម្របសម្រួល​កុំឲ្យ​មាន​ជម្លោះ​និង​សង្គ្រាម​កើតឡើង​។​អ្វី​ដែល​មើលឃើញ​ថា​អាមេរិក​ខិតខំ​កាន់តែខ្លាំង គឺ​យុទ្ធនាការ​បង្ក្រាប​អំពើ​ភេរវកម្ម អំពើ​ជ្រុលនិយម ជាពិសេស​យុទ្ធនាការ​ក្នុង​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​។​អាមេរិក​បាន​ដឹកនាំ​សម្ព័ន្ធ​អន្ដរជាតិ បើក​ការវាយប្រហារ​តាម​អាកាស​កម្ទេច​ក្រុម​រដ្ឋ​អ៊ីស្លាម​ឥត​សំចៃ​ដៃ​។​ក្រៅពីនេះ អាមេរិក​ក៏​បាន​បញ្ជូន​កងកម្លាំង​ពិសេស​ទៅ​ជួយ​បង្ហាត់បង្រៀន​ផ្នែក​បច្ចេកទេស​យោធា ដល់​កងទ័ព​ម្ចាស់​ស្រុក​បន្ថែមទៀត ដើម្បី​ជួយ​ពួកគេ​ប្រឆាំងនឹង​ក្រុម​ជ្រុលនិយម រំដោះ​ប្រទេស​ពី​ការឈ្លានពាន​។​


​ប៉ុន្ដែ​យ៉ាងណាមិញ ទោះបី​អាមេរិក​ខិតខំ​យ៉ាងណាក៏ដោយ ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម រួម​ជាមួយ​ក្រុម​ភេរ​វករ​ផ្សេង​ទៀត​មាន​ក្រុម​អាល់​កៃ​ដា​ជាដើម នៅតែ​បន្ដ​សកម្មភាព​វាយប្រហារ​ជា​ញយ​ដង​។​មិនមែន​តែ​នៅ​អ៊ីរ៉ាក់​និង​ស៊ី​រី មាន​នៅក្នុង​ប្រទេស​ធំៗ​ក្នុង​តំបន់​អឺរ៉ុប​ផង​។​កន្លងមក​មាន​នៅ​បារាំង​និង​បែលហ្ស៊ិក ដែល​សុទ្ធតែ​ត្រូវ​ក្រុម​រដ្ឋ​អ៊ីស្លាម​ចេញមុខ​ទទួលខុសត្រូវ​។​


​ចាប់តាំងពី​កងទ័ព​អាមេរិក បានសម្លាប់​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា​ដ៏​ល្បីឈ្មោះ លោក​Osama bin Laden​កាលពី​ឆ្នាំ​២០១១ ការគំរាមកំហែង​ផ្នែក​អំពើ​ហិង្សា​និយម មាន​ការវាយប្រហារ​ភេរវកម្ម នៅ​តែ​កើនឡើង​ជា​បន្ដបន្ទាប់​។​លោក​Osama bin Laden​បាន​ស្លាប់​ជិត​មួយ​ទសវត្សរ៍​មក​ហើយ​ក្ដី ប៉ុន្ដែ​ចលនា​ប្រឆាំង​នឹង​អាមេរិក​ដែល​លោក​បាន​បង្កើត មិន​បាន​ស្លាប់​ទៅ​ជាមួយ​លោក​ទេ នៅ​មាន​ក្រុម​សកម្មប្រយុទ្ធ​ដែល​ស្មោះស្ម័គ្រ​នឹង​រូបលោក បន្ដ​កៀងគរ​ប្រមូលផ្ដុំ​គ្នីគ្នា​វាយឆ្មក់​ជា​បន្ដបន្ទាប់​។​ពី​តំបន់​អាហ្វ្រិក​ខាងលិច​និង​អាហ្វ្រិក​ខាងជើង​រហូតដល់​តំបន់​អាស៊ី​ខាងត្បូង ក្រុម​ជ្រុលនិយម​បាន​ប្រកាស​ពី​ភក្ដីភាព​ជាមួយ​ក្រុម​អាល់​កៃ​ដា និង​ក្រុម​រដ្ឋ​អ៊ីស្លាម ហើយ​មាន​ក្រុម​អាល់​កៃ​ដា​ថ្មី​មួយទៀត​ត្រូវបាន​បង្កើតឡើង បន្ទាប់​ពី​អាមេរិក​បាន​ចូលលុកលុយ​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ​២០០៣​។​


​មិនតែប៉ុណ្ណោះ កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៥ មាន​មនុស្ស​ចន្លោះ​ពី​២៧,០០០​នាក់​ដល់៣១,០០០​នាក់​ បាន​ធ្វើដំណើរ​ទៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ ដើម្បី​ទៅ​ចូលរួម​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម និង​ក្រុម​ជ្រុលនិយម​ផ្សេងទៀត​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​ក្រុម​Soufan Group ជា​ក្រុមប្រឹក្សា​យោបល់​ផ្នែក​សន្ដិសុខ​មាន​មូលដ្ឋាន​នៅ​យូវ​យ៉​ក​សហរដ្ឋអាមេរិក​។​នៅក្នុង​របាយការណ៍​ដំបូង​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា “​អ្នក​ប្រយុទ្ធ​បរទេស​ក្នុងប្រទេស​ស៊ី​រី​” បានបង្ហាញ​កាលពី​ខែ​មិថុនា​ឆ្នាំ​២០១៤ The Soufan Group​បានកំណត់​អត្ដ​សញ្ញាណ​ថា មាន​អ្នក​ប្រយុទ្ធ​បរទេស​១២,០០០​នាក់ បាន​ចាកចេញ​ពី​៨១​ប្រទេស​ក្នុង​ពិភពលោក ទៅ​ចូលរួម​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​។​ការកើនឡើង​នូវ​ការជ្រើសរើស​អ្នក​ប្រយុទ្ធ​បរទេស​ចូល​ក្នុង​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់ គឺជា​ភស្ដុតាង​បង្ហាញ​ថា​បាន​បង្ក​ឲ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​កើតឡើង​។​


​បន្ថែម​លើ​ការជ្រើសរើស​អ្នក​ប្រយុទ្ធ​បរទេស​ឲ្យចូល​រួម​ដោយផ្ទាល់ ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ដាក់​មនោគមវិជ្ជា​លើ​ប្រជាជន​បរទេស​ផ្សេងទៀត ឲ្យធ្វើ​សកម្មភាព​តាម​ការប​ង្គា​ប់​បញ្ជា​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ប្រទេស​របស់​ពួកគេ​ផ្ទាល់​តែម្ដង​។​នេះ​ជា​អ្វី​ដែល​គេ​កំពុង​ព្រួយបារម្ភ​ខ្លាំង​មួយ​ទៀត​។​


​រឿងរ៉ាវ​ទាំងអស់​បាន​បញ្ជាក់ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា ក្រោម​កិច្ច​ខិតខំ​របស់​អាមេរិក​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​ភេរវកម្ម អាមេរិក​បាន​ផុងខ្លួន​កាន់តែ​ជ្រៅ ពោល​គឺ​៥​ឆ្នាំ​បន្ទាប់ពី​បានសម្លាប់​មេដឹកនាំ​ក្រុម​អាល់កៃដាលោក​Osama bin Laden អាមេរិក​នៅ​តែ​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​។​បន្ទាប់​ពី​សម្លាប់​បុរស​ខ្លាំង bin Laden ក្នុង​តំបន់​មជ្ឈិមបូព៌ា​ក៏ត្រូវ​បាត់បង់​សណ្ដាប់ធ្នាប់ ក្រុម​សកម្មប្រយុទ្ធ​កើនឡើង​កាន់តែច្រើន​។​ការវាយប្រហារ​របស់​អាមេរិក​ធ្វើឡើង​កាន់តែខ្លាំង ក្រុម​សកម្មប្រយុទ្ធ​ប្រកាស​ប្រឆាំង​កាន់តែ​ខ្លាំង​ដូចគ្នា ហើយ​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៥ អាមេរិក​មាន​អំពើ​ភេរវកម្ម​កើតឡើង គឺ​ការបាញ់ប្រហារ​បានសម្លាប់​មនុស្ស​ដល់​១៤​នាក់​។​


​ទន្ទឹម​នឹង​កិច្ចខិតខំ​ប្រឹងប្រែង អាមេរិក​ក៏​ត្រូវ​រង​ការរិះគន់​យ៉ាង​ខ្លាំង​។​រិះគន់​គឺថា​ស្ថិត​ក្រោម​គោលនយោបាយ​អាមេរិក ស្ថានភាព​វឹកវរ​មិនបាន​សាបរលាប ហើយ​ដោយសារ​តែ​អាមេរិក ទើប​ធ្វើឲ្យ​ក្រុម​ភេរវ​ករអាច​បង្វិល​ពិភពលោក​ឲ្យ​ក្រឡាប់​ចាក់​បាន​។​មាន​ការលើកឡើង​ទៀតថា អាមេរិក​បាន​ប្រកាស​ប្ដេជ្ញា​កម្ទេច​ក្រុម​ជ្រុលនិយម ក្រុម​ភេរ​វករ ប៉ុន្ដែ​ទីក្រុង​វ៉ាស៊ីនតោន​មិនបាន​យកចិត្ដទុកដាក់ មិន​បាន​ស្វែងរក​ឫសគល់​នៃ​អំពើ​ភេរវកម្ម​ទេ​។​ដរាបណា​អាមេរិក​មិន​ស្វែងរក​ឫសគល់​បង្ក​ឲ្យមាន​អំពើ​ភេរវកម្ម​និង​អំពើ​ជ្រុលនិយម នោះ​សង្គ្រាម​ប្រឆាំង​អំពើ​ភេរវកម្ម​ពិតជា​មិន​អាច​បញ្ចប់​បាន​ឡើយ​។​


​ជារួម​ទៅ បច្ចុប្បន្ន​អាមេរិក​កំពុង​រវល់​ជាមួយ​កិច្ចការ​ប្រឆាំង​ក្រុម​ភេរ​វករ ដោយ​អាមេរិក​កំពុង​ធ្វើ​យុទ្ធនាការ​ក្រៅប្រទេស​ផង និង​កំពុង​បន្ដ​រឹតបន្ដឹង​សន្ដិសុខ​ក្នុង​ប្រទេស​ខ្លួន​ផង​។​ក្នុងនាម​ជា​ប្រទេស​មហាអំណាច អាមេរិក​មិន​អាច​ឱបដៃ​ដើរចេញ​ឡើយ ត្រូវតែ​សហការ​ជាមួយ​ប្រទេស​រងគ្រោះ​ដោះស្រាយ​បញ្ហា​ប្រឈម​ខ្លាំង​គឺ​ការគំរាមកំហែង​ភេរវកម្ម​។​អាមេរិក​ក៏​មិន​សង្ឃឹម​ដែរ​ថា​អាច​បញ្ចប់​វា​បាន​ដោយ​ងាយ ព្រោះ​ក្រុម​សកម្មប្រយុទ្ធ​នៅតែមាន​ជំហរ​ប្រឆាំង​ដដែល​៕

ព័ត៌មានផ្សេងទៀត