លោក​សួន សេរី​រដ្ឋា ហ៊ាន​អះអាង​១០០%​ជា​សំឡេង​ឯកឧត្តម​កឹម សុខា និង​មិន​ខ្លាច​ការប្តឹង​

11-03-2016 4:26 pm 6489

​រឿងអាស្រូវ​ស្នេហា​របស់​ឯកឧត្តម​កឹម សុខា ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រឹមត្រូវ កំពុងតែ​ធ្វើឲ្យ​សារព័ត៌មាន​ក្នុងស្រុក ក៏ដូចជា​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ផ្តោត​ការចាប់អារម្មណ៍​ប៉ុណ្ណោះ​ទេ សូម្បី​អ្នក​នយោបាយ​មួយចំនួន​ក៏​ចាប់អារម្មណ៍​ដែរ​។​

​ជាក់ស្តែង នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​១១ ខែ​មីនា លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បានបង្ហាញ​ការចាប់អារម្មណ៍ លើ​ករណី​រឿង​ភាគ​ស្នេហ៍​ឯកឧត្តម​កឹម សុខា ដែល​ត្រូវបាន​ចាក់​ផ្សាយ​ជា​បន្តបន្ទាប់​។ ទន្ទឹម​នឹង​ការតាមដាន ស្ទើ​គ្រាប​ភាគ ប្រធាន​គណបក្ស​ទើប​បង្កើត​ថ្មី​រូបនេះ ក៏​បាន​ទាមទារ​ឲ្យ​ឯកឧត្តម កឹម សុខា ចេញមុខ​បកស្រាយ​បំភ្លឺ​ការពិត ដល់​សាធារណជន​ផងដែរ​។​

​លោក​សួន សេរី​រដ្ឋា បាន​លើកឡើង​ថា “​បើ​ទោះបី​មាន​អ្នកគាំទ្រ​ឯកឧត្តម​កឹម សុខា មួយចំនួន​ដែល​កំពុងតែ​ផ្កាប់មុខ ថា​វា​ជា​រឿង​បុគ្គល ជា​រឿង​ឯកជន ដែល​មិន​ត្រូវ​លើក​មក​និយាយ​ក៏ដោយ ប៉ុន្តែ​បើ​និយាយ​ពី​តម្លៃ​នៃ​គ្រួសារ​របស់​អ្នកនយោបាយ (Family Values) គឺ​គេ​ត្រូវតែ​និយាយ​។ ព្រោះ​ឯកឧត្តម​កឹម សុខា មិនមែន ជា​អ្នក​អាវ៉ាសែ កម្មករសំណង់ អ្នកផឹកស៊ី តាម​ចិញ្ចើម​ផ្លូវ ទោះ​មាន​ស្រី​ញី​ប៉ុន្មាន​ក៏​គេ​មិន​ខ្វាយខ្វល់​ដែរ​។ ប៉ុន្តែ​នេះ លោក​គឺជា​អនុប្រធាន​គណបក្ស​នយោបាយ​ប្រឆាំង​ធំ​មួយ​នៅក្នុង​ប្រទេស ហើយក៏​ជា​អតីត​អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនាគត​មេដឹកនាំ ដែល​គេ​ត្រូវ​ជ្រើសរើស មាន​អ្នកគាំទ្រ​រាប់លាន​នាក់​។​

​ដូច្នេះ​ហើយ​ឯកឧត្តម​កឹម សុខា ត្រូវ​តម្លៃ​គ្រួសារ​ឲ្យបាន​ច្បាស់លាស់ ជា​ជន​គំរូ​ដែល​គេ​ត្រូវ​ជ្រើសរើស​យក​មក​ដឹកនាំ មិនមែន មានការ​បែកធ្លាយ​រឿង​ស្រី​ញី​ច្រើន​រាប់​មិន​អស់ចឹង​ទេ មិន​សាក​សមជា​អ្នក​នយោបាយ​ឡើយ ហើយ​បើ​ពិត​ជា​ចឹង​មែន​គួរ​លាលែង​ឈប់​ទៅ​។​

​លោក​សួន សេរី​រដ្ឋា បាន​បន្ថែមថា លោក​ហ៊ាន​អះអាងថា សំឡេង​នៅក្នុង​ទូរស័ព្ទ​ឆ្លើយឆ្លង​គ្នា គឺជា​សំឡេង​ឯកឧត្តម​កឹម សុខា ពិត​១០០% គ្មាន​បច្ចេកវិទ្យា​ណា កែ​សំឡេង​ឲ្យ​ដូច​បុគ្គល​ណា​ម្នាក់​បាន​ទេ​។ លោក​បន្ត​ទៀត​ថា បើ​ឯកឧត្តម​កឹម សុខា ប្រកែក​ថា​មិនមែន​ជា​សំឡេង​របស់​ខ្លួន គឺ​អាច​ប្តឹង​រូបលោក​បាន​។​

សំឡេង​លោក​សួន សេរី​រដ្ឋា

​ប្រសិនបើ​អ្នក​នយោបាយ​គ្មាន​ការគិតគូរ​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ ហើយ​យក​ស្រី ស្រា មក​ដាក់​មុខ​ជា​ធំ គឺ​មិន​សាក​សម​ធ្វើ​ជា​អ្នក​នយោបាយ​ទេ​។ អ្នកនយោបាយ​ល្មោភ​ស្រី ល្មោភកាម ហ្នឹង​ហើយ​ទើបបាន​ធ្វើឲ្យ​ប្រទេស​ពីធំ មក​ដល់​តូច​។ ហើយ​ប្រសិនបើ​ករណី​នេះ កើតឡើង​ចំពោះ​មន្ត្រី​គណបក្ស​អំណាច​ខ្មែរ ឬ​កើត​លើ​រូប​លោក​ផ្ទាល់ នោះ​លោក​នឹង​ហ៊ាន​ប្រឈម​ការពិត ហើយ​លា​ចេញពី​តំណែង មិន​ឲ្យដល់​២៤​ម៉ោង​ទេ​។​នេះ​ជា​ការលើកឡើង​បន្ថែម​ពី​លោក​សួន សេរី​រដ្ឋា​។ 

សំឡេង​លោក​សួន សេរី​រដ្ឋាSound_Rotha 3.mp3">

​ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​១១ មីនា កញ្ញា​ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ចំពោះមុខ​មន្ត្រី នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៅ​ក្រសួង​មហាផ្ទៃ អស់​រយៈពេល​ជាច្រើន​ម៉ោង​។ 

​លោក​អ៊ី សុខ​ឃី  ប្រធាន​នាយកដ្ឋាន ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង បានបញ្ជាក់ថា នៅពេល​សាកសួរ គឺ​កញ្ញា​ស្រីមុំ បាន​សហការ​យ៉ាង​ល្អ ជា​មួយ​របស់​សមត្ថកិច្ច ប៉ុន្តែ​លោក​អ៊ី សុខ​ឃី មិន​បាន​បញ្ជាក់​ពី​ព័ត៌មាន​លំអិត ជុំវិញ​ការសាកសួរ​ឡើយ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា ការពិត​យ៉ាងណា​នោះ គឺ​អាស្រ័យ​លើ​ភស្តុតាង និង​សាក្សី​ពាក់ព័ន្ធ​។ នេះ​បើ​តាម​ការអះអាង​ប្រាប់​ដល់​អង្គភាព​Fresh News​។​

​ក្រោយ​បញ្ចប់​ការសាកសួរ កញ្ញា​ស្រីមុំ មិន​ព្រម​ផ្តល់​បទសម្ភាសន៍ ដល់​អ្នកសារព័ត៌មាន ដែល​បាន​រង់ចាំ​ទាំង​ដាច់បាយ ក្រហាយ​ទឹក​ឡើយ​។ ប៉ុន្តែ​បើ​តាម​ការបញ្ជាក់ ពី​លោកស្រី​ទ្រី ឈូ​ន មេធាវី​ការពារ​ក្ដី របស់​កញ្ញា​ស្រីមុំ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា  កូនក្តី​របស់​លោកស្រី បដិសេធ​សំឡេង នៅក្នុង​ខ្សែអាត់​ដែល​បែកធ្លាយ នៅលើ​បណ្តាញ​សង្គម និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

ទន្ទឹមនឹងនេះ លោកស្រី​បាន​ស្នើ​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​អ្នក​ដែល​លួច​យក គណនី​ហ្វេ​សប៊ុក​ស្រីមុំ​ទៅ​ប្រើប្រាស់ និង​ស្នើ​ឱ្យមាន​ការការពារ​សុ​វត្តិភាព​ក្រុមគ្រួសារ​កូនក្តី​របស់​លោកស្រី ព្រោះ​មាន​អ្នក​ទៅ​តាម​ស្វែងរក​គ្រួសារ​របស់​នាង នៅ​ស្រុកកំណើត​។​

​ទាក់ទង​នឹង​រឿង​ភាគ​ស្នេហា​នេះ ក៏​មាន​ការ​លូកដៃ​ពី​ក្រុម​យុវជន​និស្សិត ដែល​តែងតែ​ទាមទារ​ឲ្យ​ឯកឧត្តម​កឹម សុខា ចេញ​បំភ្លឺ​ការពិត​ផងដែរ​។ ក្នុង​សន្និសីទកាសែត ដែល​ក្រុម​និស្សិត​រៀបចំ​ធ្វើ នៅ​រសៀល​ថ្ងៃ​ទី​១១ មីនា​នេះ គឺ​តំណាង​ក្រុមនិស្សិត លោក ស្រី ចំរើន បានប្រកាសថា ក្រុម​របស់​ខ្លួន នឹង​ដាក់​ពាក្យបណ្តឹង ទៅកាន់​សាលាដំបូង ដោយ​ប្តឹង​កញ្ញា​ស្រី មុំ ពីបទ ឆបោក ក្រោយ​ពី​នាង បាន​បដិសេធ ចំពោះ​ខ្សែអាត់​សំឡេង តាម​ទូរស័ព្ទ ជាមួយ​ឯកឧត្តម​កឹម សុខា​។​

​ការប្តឹង​នេះ គឺ​យោង​ទៅ​តាម​ការធ្វើ កោសល្យវិច្ឆ័យ​រលក​សំឡេង របស់​ស្រីមុំ ពេល​និយាយ​ជាមួយ ឯកឧត្តម​កឹម សុខា និង​ពេល​ផ្តល់​បទ​សម្ភា​ន៍​ជាមួយ លោក​ជុន ចាន់​បុត្យ គឺជា​សំឡេង​តែមួយ ដូច្នេះ​ទើប​ពួក​គេ​ប្តឹង​ពី​បទ​ឆបោក​។​

​ទាក់ទង​នឹង​រឿងនេះ លោក​អ៊ូ វីរៈ ប្រធាន​វិទ្យាស្ថាន​វេទិការ​អនាគត ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ដល់​វិទ្យុ​វាយោ​ថា មិន​យូរ​ទេ រឿង​ភាគ​ស្នេហា នៅលើ​បណ្តាញ​សង្គម​មួយ​នេះ នឹងត្រូវ​បញ្ចប់ នៅពេល​សាធារណៈជន លែង​ចាប់អារម្មណ៍ ហើយ​លោក​ក៏​មិន​ព្រួយបារម្ភ និង​គ្មាន​ការចាប់អារម្មណ៍ ចំពោះ​បញ្ហា​នេះឡើយ ព្រោះ​វា​ជា​រឿង​ឯកជន​។ លោក​អ៊ូ វីរៈ​បន្តថា រឿង​នេះ​មិន​ទាក់ទង​នឹង​ផ្លូវ​ច្បាប់​ឡើយ គឺ​វា​គ្រាន់តែ​ជា​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកលេង​ហ្វេ​សប៊ុក​ប៉ុណ្ណោះ​។​

រីឯ ឯកឧត្តម​កឹម សុខា ដែល​ទទួលរង​ការចោទប្រកាន់ មិន​បាន​ចេញ​មុខ​ប្រតិកម្ម​ឡើយ ជុំវិញ​ករណី​នេះ ដោយ​គ្រាន់តែ​លើកឡើង​ជា​ប្រយោល​ថា “​មិន​ឆ្លើយ មិន​ឆ្លង មិន​ឈ្លោះ​”​។ ដោយឡែក មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់បាន​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចាប់​អារម្មណ៍ ចំពោះ​រឿង​ទាំងអស់​នោះ​ទេ ពី​ព្រោះ​រឿង​ដែល​បាន​បង្កើតឡើង​ប្រភេទ​នេះ គឺជា​រឿង​ដដែលៗ ដែល​គណបក្ស​ធ្លាប់​ជួប​កន្លង​មក​រួចទៅហើយ​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត