ឯកឧត្តម កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កំពុងជួបប្រទះរឿងអាស្រូវស្នេហា ថ្មីម្ដងទៀត នៅដើមឆ្នាំ២០១៦នេះ។ រឿងអាស្រូវស្នេហានេះ មិនមែនទើបតែកើតមានឡើងចំពោះឯកឧត្តម កឹម សុខា ជាលើកទីមួយនោះទេ។ គេនៅចាំបានថា កាលពីមុនការបោះឆ្នោតឆ្នាំ២០១៣ រឿងអាស្រូវស្នេហានេះ ក៏ធ្លាប់បានកើតឡើងលើប្រធានស្ដីទីគណបក្សប្រឆាំងរូបនេះផងដែរ។ ប៉ុន្តែយ៉ាងណាក្តី សម្រាប់អ្នកវិភាគបានចាត់ទុកថា ការបង្ហោះសារសំឡេងរឿងអាស្រូវស្នេហា ឯកឧត្តម កឹម សុខានេះ ជាការបំពុលបរិយាកាសសង្គមខ្មែរ ដោយមិនគិតនាំគ្នាជួយអភិវឌ្ឃន៍ប្រទេសជាតិ។
រឿងអាស្រូវស្នេហា របស់ឯកឧត្តម កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កំពុងតែធ្វើឲ្យសារព័ត៌មានក្នុងស្រុកខ្មែរ ក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសំណុំរឿងនេះ។ ហើយខ្សែអាត់សំឡេងជាច្រើនដែលត្រូវបានគេផ្សព្វផ្សាយលើបណ្ដាញសង្គម ដោយបានចោទប្រកាន់ថា ឯកឧត្តម កឹម សុខា មានទំនាក់ទំនងជាមួយនារីវ័យក្មេងម្នាក់ គឺស្ទើរក្លាយទៅជារឿងភាគស្នេហាទៅហើយ។ ហើយរហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងថា អ្វីទៅជាគោលដៅនៃការផ្សព្វផ្សាយរឿងអាស្រូវនេះនៅឡើងទេ។
ទាក់ទងនឹងបញ្ហាខាងលើកនេះ លោក អ៊ូ វីរៈ ប្រធានវិទ្យាស្ថានវេទិការអនាគត និងជាអ្នកវិភាគនយោបាយនៅកម្ពុជា បានមើលឃើញថា ការទម្លាយខ្សែអាត់សំឡេងជាច្រើន ដែលត្រូវបានគេផ្សព្វផ្សាយលើបណ្ដាញសង្គម ដោយបានចោទប្រកាន់ថា ឯកឧត្តម កឹម សុខា មានទំនាក់ទំនងជាមួយនារីវ័យក្មេងម្នាក់ គឺជារឿង នយោបាយ ហើយខ្សែអាត់សំឡេងជាច្រើននេះ ជាការបង្កើតឡើងជាក្រុម មិនមែនរៀបចំឡើងតែពីនារីវ័យក្មេងម្នាក់នោះទេ។
សំឡេង លោក អ៊ូ វីរៈ៖
លោក អ៊ូ វីរៈបានបន្តថា រឿងអាស្រូវស្នេហានេះគឺមានជាច្រើននៅលើកមន្ត្រីរាជការខ្មែរ ហើយលោកបានចោទជា សំណួរថា ចុះហេតុអ្វីបានជាមិនមានអ្នកណាមកចាប់អារម្មណ៍ បែរជាចាប់អារម្មណ៍តែ រឿងអាស្រូវស្នេហា របស់ឯកឧត្តម កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិទៅវិញ។ បើតាមអ្នកវិភាគនយោបាយរូបនេះ បានបញ្ជាក់ថា ចំពោះករណីខាងលើកនេះ គណបក្សសង្គ្រោះជាតិ គួរតែកុំឆ្លើយតប ចៀសវាងការធ្វើឲ្យបំពុលបរិយាកាសនយោបាយ ដែលមិនអាចនាំគ្នាគិតអំពីការអភិវឌ្ឃប្រទេសជាតិ។
សំឡេង លោក អ៊ូ វីរៈ៖
លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយនៅកម្ពុជា បានមើលឃើថា រឿងអាស្រូវស្នេហា របស់ឯកឧត្តម កឹម សុខានេះ មិនមែនជារឿងថ្មីទេសម្រាប់ឯកឧត្តម កឹម សុខា។ មិនមែនជារឿងថ្មី ដោយលោកស្រីអះអាងថា ព្រោះ រឿងនេះ ធ្លាប់កើតមានរួចទៅហើយកាលពីមុនការបោះឆ្នោតឆ្នាំ២០១៣។ ប៉ុន្តែលោកស្រីបានបញ្ជាក់ថា បើសិន ជាឯកឧត្តម កឹម សុខា ចេញមកបកស្រាយក៏ជារឿងល្អប្រសើផងដែរ។
សំឡេង លោកស្រី ជា វណ្ណាត៖
លោកស្រី ជា វណ្ណាតបានបន្តថា រឿងអាស្រូវស្នេហា របស់ឯកឧត្តម កឹម សុខា វាមិនអាចប៉ះពាល់ដល់សំឡេងគាំទ្រ របស់គណបក្សសង្គ្រោះជាតិទេ។ ពីព្រោះរឿងអាស្រូវស្នេហានេះ មិនមែនកើតមានតែឯកឧត្តម កឹម សុខា ទេ គឺមានច្រើនជាពិសេសមន្ត្រីធំៗនៅជួររដ្ឋាភិបាល។ ដូច្នេះហើយរឿងនេះវាងក្លាយទៅជារឿងសាមញ្ញទៅហើយសម្រាប់សង្គមកម្ពុជា។
មិនខុសពីអ្នកវិភាគលើទេលោក រស់ រ៉ាវុធ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ បានអះអាងថា រឿងអាស្រូវស្នេហា របស់ឯកឧត្តម កឹម សុខានេះ លោកមើលឃើញនូវទិដ្ធភាពចំនួន៣ធំៗ ទី២ អ្នកនយោបាយខ្មែរចូលចិត្ត វាយប្រហាគ្នាដើម្បីកេងចំណេញប្រជាប្រិយភាពគណបក្សខ្លួន។ ទី១ អ្នកនយោបាយកម្ពុជាចូលចិត្តចងបញ្ហា មិនព្រមរកដំណោះស្រាយនៃបញ្ហាដើម្បីរកដំណោះស្រាយយ៉ាងណាជួយប្រជាពលរដ្ឋខ្មែរទេ។ ទី៣ អ្នកនយោបាយបច្ចុប្បន្នច្រើនតែយករឿងបុគ្គលមកឡូកឡំនិងរឿងនយោបាយ។
សំឡេង លោក រស់ រ៉ាវុធ៖
គួរគត់សម្គាល់ថា ក្រោយមាននារីវ័យក្មេងម្នាក់ បានបង្ហោះសារជាសំឡេង នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយអះអាងថា ជាសំឡេងសន្ទនារវាងនាង ជាមួយឯកឧត្តមកឹម សុខា រហូតដល់មានកូនមក មានមេគណបក្សនយោបាយមួយចំនួនបានប្រតិកម្មចំពោះករណីនេះ ហើយក្នុងនោះ ក៏មានយុវជនមួយក្រុម ដែលអះអាងខ្លួនថា ជាក្រុមនិស្សិត បានជួបជុំគ្នានៅមុខទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ដើម្បីដាក់ញត្តិ ទាមទារឲ្យឯកឧត្តម កឹម សុខា ចេញមុខបញ្ជាក់ពីសារសំឡេង រឿងអាស្រូវនេះ។ដោយឡែកចំពោះការបញ្ចេញប្រតិកម្មពីគណបក្សប្រជាជនកម្ពុជា ដែលជគណបក្សកាន់អំណាចនោះ គេនៅមិនឃើញបញ្ចេញប្រតិកម្មយ៉ាងណានោះទេ ចំពោះរឿងអាស្រូវស្នេហា របស់ឯកឧត្តម កឹម សុខា ពេលនេះ។
សូមរម្លឹកថា នេះមិនមែនជាលើកទីមួយទេ ដែលមានស្ត្រីបានប្រកាសខ្លួនថា មានទំនាក់ទំនងជាមួយ ឯកឧត្តមកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ កាលពីមុនបោះឆ្នោត ថ្នាក់ជាតិឆ្នាំ២០១៣ ក៏មានស្ត្រីម្នាក់ បានប្រកាសខ្លួន ជាជនរងគ្រោះម្នាក់ នៅក្នុងរឿងស្នេហាត្រីកោណ ជាមួយឯកឧត្តមកឹម សុខា ដោយលោកស្រីនិយាយថា មានទំនាក់ទំនងស្នេហា រយ:ពេល ១៦ឆ្នាំ មុនពេលបែកបាក់គ្នា។ប៉ុន្តែរឿងអាស្រូវស្នេហារបស់ឯកឧត្តមកឹម សុខានេះ ត្រូវបានស្ងាត់ទៅវិញ ក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ចប់ រហូតមកដល់សព្វថ្ងៃនេះ៕
(ដោយ៖គួន សំបូរ)