ឯកឧត្តម​កឹម សុខា នៅតែ​មិន​ព្រម​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​រឿងអាស្រូវ​ស្នេហា​

05-03-2016 1:00 pm 4621

​ក្រុមយុវជន និង​សិស្ស​និស្សិត​ជិត​២០​នាក់ នៅ​ថ្ងៃ​ទី​០៥ មីនា​នេះ បាន​ប្រមូលផ្តុំ​គ្នា នៅខាងមុខ​វេទិកា​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ នៅ​ខេត្ត​ព្រះសីហនុ ខណៈ​ដែល​ឯកឧត្តម​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ថ្លែង​នៅ​លើ​វេទិកា​។​

​ការប្រមូលផ្តុំ​នេះ មិន​ត្រូវបាន​គេ​ដឹងថា ដើម្បី​ទាមទារ​អ្វី​នោះ​ទេ ខណៈ​ដែល​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​មក​សួរនាំ អំពី​ការជួបជុំ​នេះ​។ លោក​ជា ប៉ូច តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជ​តិ ដែល​បាន​ចេញមក​ជួប ក្រុមយុវជន​ទាំងនោះ បាន​អះអាង​ថា លោក​បាន​ជួប​យុវជន​ទាំង​នោះ ដែល​មាន​គ្នា​ពី​១២ ទៅ​១៣​នាក់​ប៉ុណ្ណោះ​។ លោក​សួរ​ថា តើ​មកនេះ​មាន​គោលបំណង​អ្វី ឬ​មក​ចូលរួម​ក្នុង​វេទិកា​គណបក្ស​សង្គ្រោះ​ជាតិ ។ ទន្ទឹមនេះ លោក​ជា ប៉ូច ក៏​បាន​ពន្យល់​ណែនាំ ពី​សិទ្ធិ​ក្នុង​ការបញ្ចេញមតិ ទើប​ក្រុម​យុវជន​ទាំងនោះ ត្រឡប់​ទៅ​វិញ ដោយ​មិន​បាន​ស្រែក​ទាមទារ​អ្វី​ទាំងអស់​។ ដូច្នេះ​គេ​មិនដឹងថា តើ​ក្រុមយុវជន និង​និស្សិត​ទាំងនេះ មក​ក្នុង​គោលដៅ​អ្វី​ឡើយ​។​

​បើទោះបីជា​មិន​មាន​ការអះអាង​ថា ក្រុមយុវជន​ទាំងនេះ មក​ប្រមូលផ្តុំ​គ្នា​ដើម្បី​ទាមទារ​អ្វី   ក៏ ដោយ ប៉ុន្តែ​គេ​អាចសន្និដ្ឋាន​ថា ការជួបជុំ​នេះ ដើម្បី​ទាមទារ​ឲ្យ ឯកឧត្តម​កឹម សុខា​ចេញមុខ​បញ្ជាក់​ពី​សារ​សំឡេង រឿងអាស្រូវ ដែល​បង្ហោះ​នៅលើ​គណនី​ហ្វេ​ក​ប៊ុ​ក​របស់​នារី​ម្នាក់​។ អាច​សន្និដ្ឋាន​បាន​ដូចនេះ គឺ​បន្ទាប់ពី  តំណាង​ក្រុមនិស្សិត និង​ជា​និស្សិត​ផ្នែក​ច្បាប់​ម្នាក់ លោក​ប៉េង ភី​រេ​ន អះអាងថា ប្រសិនបើ​មិន​បាន​ជួប​លោក​កឹម សុខា​ដោយ​ផ្ទាល់​ទេ ពួកគេ​នឹង​បន្ត​តាម​ជួប​លោក​កឹម សុខា នៅ​តាម​វេទិការ​សាធារណៈ នៅ​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​៥​មីនា​។​


ការជួបជុំ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច​នេះ ធ្វើឡើង​១​ថ្ងៃ​បន្ទាប់​ពី​មាន​ក្រុមនិស្សិត ប្រមាណ​ជា​១០០​នាក់ បាន​យក​ញត្តិ​ដាក់​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​ឲ្យ​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ចេញមុខ​បកស្រាយ បំភ្លឺ​ការពិត ជុំវិញ​រឿងអាស្រូវ ដែល​ត្រូវបាន​ចោទប្រកាន់ថា មាន​ទំនាក់ទំនង​ស្នេហា ជាមួយ​នារីៗ​តាមរយៈ​ទូរស័ព្ទ ដែល​ត្រូវ​បាន​បង្ហោះ​ចែកចាយ ជា​បន្តបន្ទាប់ លើ​បណ្តាញ​សង្គម​។​

យ៉ាងណាក៏ដោយ បន្ទាប់​ពី​បញ្ចប់​វេទិកាសាធារណៈ នៅ​ខេត្ត​ព្រះសីហនុ ក្រុម​អ្នកសារព័ត៌មាន​ជាច្រើន​នាក់ តាម​សុំ​ការបំភ្លឺ​ពី​ឯកឧត្តម​កឹម សុខា  ក្នុង​គោលបំណង​សុំ​ការបំភ្លឺ​ពាក់ព័ន្ធ នឹង​ខ្សែអាត់ សំឡេង ប៉ុន្តែ​ត្រូវបាន​ឯកឧត្តម​កឹម សុខា គេចវេស មិន​ព្រម​ឆ្លើយតប​ឡើយ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​ទី​០៥ មីនា​នេះ​ថា រឿងនេះ ជា​រឿង​របស់​គ្រួសារ មិនមែន​ជា​រឿង​ទាក់ទង​នឹង​ច្បាប់​ទេ​។ ហើយ​អ្នក​ដែល​ចង់ដឹង បំផុត​នោះ គឺ​ក្រុម​គ្រួសារ​ឯកឧត្តម​កឹម សុខា​។ ប៉ុន្តែ​ការស្នើសុំ​ឲ្យមាន​ការប​ក​ស្រាយ​ពី​ក្រុម​យុវជន ក៏​មិន​មាន​អ្វី​ខុស​ទាស់​ដែរ​។​

សំឡេង​លោក​អ៊ូ វីរៈ

​គួរបញ្ជាក់​ថា បន្ទាប់​ពី​ខ្សែអាត់​សំឡេង​ស្នេហា​អសីលធម៌ រវាង​តួអង្គ​សំខាន់​ពីរ​រូប គឺ​នារី​វ័យក្មេង​ម្នាក់ និង​សំឡេង​តួអង្គ​ប្រុស ដែល​ត្រូវ​នារី​នោះ​អះអាងថា​ជា​លោក​កឹម សុខា​អនុប្រធានា​គណបក្ស​សង្គ្រោះ​ជាតិ​បានបែកធ្លាយ បង្ក​ឲ្យមាន​ចម្ងល់​យ៉ាងខ្លាំង​ពី​សារធា​រណៈ​ជន​ទូទាំង​ប្រទេស​។ នៅក្នុង​សារ​សំឡេង​ត្រូវបាន​នារី​នោះ អះអាងថា​នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក​កឹម សុខា​រហូតដល់​មានកូន​។ យ៉ាងណា​ក៏​ដោយ​លោក​យ៉ែម បុញ្ញ​ឫទ្ធិ​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចាប់​អារម្មណ៍ ចំពោះ​រឿង​ទាំងអស់​នោះ​ទេ ពី​ព្រោះ​រឿង​ដែល​បាន​បង្កើតឡើង​ប្រភេទ​នេះ គឺជា​រឿង​ដដែលៗ ដែល​គណបក្ស​ធ្លាប់​ជួប​កន្លង​មក​រួចទៅហើយ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត