សម្តេច​​ហ៊ុន សែន ​បញ្ជា​ឱ្យ​​ទូរទស្សន៍​​ផ្សាយ​សិល្បះ​​បុរាណ​ខ្មែរ​ដើម្បី​​ទប់ស្កាត់​​ការហូរ​​ចូល​វប្បធម៌​​បរទេស​​

03-03-2016 4:15 pm 1708

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ ២០១៦​នេះ គឺជា​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​១៨​។ នៅ​ក្នុង​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​១៨ ឆ្នាំ​២០១៦​នេះ និង​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ​” ។ ថ្លែង​នៅក្នុង​ទិវា​វប្បធម៌​ជាតិ​នៅថ្ងៃនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ស្នើ​ឱ្យ​ស្ថានីយទូរទស្សន៍​ក្នុង​ស្រុក​ទាំងអស់ ចាក់​ផ្សាយ​នូវ​ទម្រង់​សិល្បះ​បុរាណ​ខ្មែរ ព្រមទាំង​អំពាវនាវ​ឱ្យ​ម្ចាស់​ស្ថានីយទូរទស្សន៍ និង​អ្នកមាន​ធនធាន​ទាំងអស់​សហការ​ជាមួយ ក្រុម របាំ ល្ខោនបាសាក់ ឫ​ទម្រង់​យីកេ​ផ្សេងៗ ដើម្បី​ថត​ការសម្តែង យកមក​ចាក់​ផ្សាយ​លើ​ទូរទស្សន៍ ក្នុង​គាំទ្រ​សិល្បះ​បុរាណ​របស់ជាតិ​។​

 

​ទិវា​វប្បធម៌​ជាតិ ៣ មីនា លើក​ទី​១៨ ក្រោម​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» និង​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស ដែល​ប្រារព្ឋធ្វើឡើង​នៅ​សាលសន្និសីទ​ចតុមុ​ខ រាជា​ធានី​ភ្នំពេញ នៅថ្ងៃនេះ​។ ទិវា​វប្បធម៌​នេះ ត្រូវ​រដ្ឋាភិបាល ប្រារព្ឋ​ឡើង​ជា​រៀងរាល់ឆ្នាំ ក្នុង​បំណង​បំផុស​ស្មារតី ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន​កម្ពុជា ឲ្យ​ចេះ​ស្រឡាញ់ ថែរក្សា និង​អភិរក្ស នូវ​វប្បធម៌​ជាតិ ដ៏​ល្អ​ផូរផង់​។​

 

​ថ្លែង​នៅក្នុង​ទិវា​វប្បធម៌​ជាតិ​នៅថ្ងៃនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា  បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា មាន​វប្បធម៌ ប្រពៃណី ទំនៀម​ទំ្លាប់​របស់​ខ្លួន​ជា​យូរលង់​ណាស់​មកហើយ ដែល​បាន​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ជាតិ​ខ្មែរ​ដ៏​ល្បីល្បាញ​។ សម្បត្តិ​វប្បធម៌ ដែល​បាន​កើតចេញ​ពី​កិច្ច​ខំប្រឹងប្រែង​នៃ​បុព្វបុរស​ដូនតា​តាំងពីដើម បាន​ក្លាយជា​ដួងព្រលឹង ជា​អត្តសញ្ញាណ​ប្រកប​ដោយ​កិត្យានុពលភាព​ជាតិ និង​ជា​មរតក​ប្រកបដោយ​សក្តានុពល​បំផុត ក្នុង​ការរួមចំណែក​អភិវឌ្ឍន៌​សេដ្ឋកិច្ចស​ង្គ​ម​។

 

​សម្តេច​ហ៊ុន សែន បាន​បន្តថា ទិវា​វប្បធម៌​ជាតិ ៣ មិនា​នេះ នឹង​ប្រារព្វ​ធ្វើ​ជា​រៀងរាល់ឆ្នាំ ដើម្បី​ជំរុញ ឲ្យមាន ការផ្សព្វផ្សាយ ការផ្ទេរ​ចំណេះដឹង ចំណេះធ្វើ ជំនាញ​បច្ចេកទេស និង​ទេពកោសល្យ​វប្បធម៌ ក៏​ដូច​ជា​ការ​ក្រើនរំឭក បំផុស​ស្មារតី និង​មនសិការ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​មាន​កាតព្វកិច្ច​ក្នុង​ការថែរក្សា ការពារ​ឱ្យបាន​ស្ថិតស្ថេរ​គង់វង្ស​នូវ​វប្បធម៌​ជាតិ និង​វប្បធម៌​ចម្រុះ​របស់​សហគមន៍​ជនជាតិ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​សំឡេង សម្តេច ហ៊ុន សែន​៖

 

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ដដែល​រូបនេះ បាន​សង្កត់ធ្ងន់ថា ទិវា​វប្បធម៌​នេះ​គឺជា​ព្រឹត្តិការណ៍​វប្បធម៌​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​លើកតម្កើង​កេរដំណែល​វប្បធម៌ សីលធម៌​ដ៏​ល្អ​ថ្លៃថ្លា​របស់​ជាតិ ទប់ស្កាត់​ការហូរចូល​នូវ​វប្បធម៌​អវិជ្ជមាន​ពី​បរទេស លុបបំបាត់​សកម្មភាព​មិន​ល្អ ក្នុង​សង្គម​ជាតិ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ខ្មែរ​។​

 

​ទន្ទឹមនឹងនេះ សម្តេច ហ៊ុន សែន បាន​ស្នើ​ឱ្យ​ស្ថានីយទូរទស្សន៍​ទាំងអស់ ចាក់​ផ្សាយ​នូវ​ទម្រង់​សិល្បះ​បុរាណ​ខ្មែរ ព្រមទាំង​អំពាវនាវ​ឱ្យ​ម្ចាស់​ស្ថានីយទូរទស្សន៍​ទាំងអស់​នោះ​សហការ​ជាមួយ ក្រុម របាំ ល្ខោនបាសាក់ ឫ​ទម្រង់​យីកេ​ផ្សេងៗ ដើម្បី​ថត​ការសម្តែង​មក ចាក់ផ្សាយ​លើ​ទូរទស្សន៍​របស់ខ្លួន​។ ស្រប​ជាមួយ​គ្នា​នោះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​រូបនេះ ក៏​បាន​ស្នើ​ទៅ​កាន់ អ្នក​ពាណិជ្ជករ និង​អ្នក​ដែល មាន​ធន ធាន​ទាំងឡាយ គាំទ្រ​វិស័យ​សិល្បះ​បុរាណ​ខ្មែរ និង​កីឡា​ជាតិ​ផង​ដែរ​។​

​សំឡេង សម្តេច ហ៊ុន សែន​៖

 

​គួរបញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា គឺ​មាន​វប្បធម៌ ប្រពៃណី​របស់​ខ្លួន​តាំងពី​យូរលង់ ណាស់​មកហើយ​។ វប្បធម៌ ប្រពៃណី នេះ​បើ​ឯកសារ​តាម​ប្រវត្តិសាស្ត្រ​សរសេរថា គឺ​មាន​តាំងពី​ការកកើត​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មក​ម្ល៉េះ​។ ប៉ុន្តែ​នៅក្នុង​រយៈពេល​ចុះ​ក្រោយនេះ វប្បធម៌ ប្រពៃណី​របស់​ប្រទេស​កម្ពុជា ត្រូវបាន​មើលឃើញថា មាន​ភាព​ធ្លាក់ចុះ​ប្រជាប្រិយភាព​របស់​ខ្លួន ក្រោយពី​មាន​វប្បធម៌​បរទេស ចូលមក​កម្ពុជា​។ ដោយសា​តែ​មើល​ឃើញ​យ៉ាង​ដូច្នេះហើយ ទើបបានជា​រាជរដ្ឋាភិបាល​កម្ពុជា រៀបចំ​នូវ គោ​នយោបាយ​របស់​ខ្លួន​ដើម្បី​ស្តា​ប្រជាប្រិយភាព​វប្បធម៌ ប្រពៃណី​របស់​ដូនតា​ខ្មែរ​ឡើងវិញ​៕

(ដោយ៖គួន សំបូរ)


ព័ត៌មានផ្សេងទៀត