គួរតែ​មាន​តុ ឲ្យ​អ្នក​នយោបាយ​អង្គុយ​រួមគ្នា ពិភាក្សា​និង​ដោះស្រាយ​បញ្ហា​ជាតិ​ដែររឺទេ​

01-03-2016 6:04 pm 2618

​អ្នកនយោបាយ​ខ្លះ​នឹង​ធ្វើអោយ​បាត់បង់​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ នៅពេល​អ្នកនយោបាយ ដែល​បាន​អំណាច​ពី​ប្រជាជន​ទៅ​ហើយ​នោះ មិន​បាន​បង្ហាញ​ឆន្ទៈ​ជា​អតិបរមា ក្នុង​ការស្វែងរក​ដំណោះស្រាយ ជូន​ពលរដ្ឋ​។ អ្នកនយោបាយ​ដែល​ចំណាយ​ពេល​ច្រើន តែ​ទៅលើ​រឿង​ឌឺដង អួតអាង គ្នា​ទៅវិញទៅមក ហើយ​ទុក​បញ្ហា​របស់​ប្រជាពលរដ្ឋ​ទុកចោល នោះ​មិន​បាន​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​ជាតិ​នោះទេ​។ គ្រប់​អ្នកនយោបាយ​គប្បី​ចូល​រួមគំនិត កំលាំង តាមរយៈ​ការជជែក​គ្នា​ដោយ​ដោយ​សន្តិវិធី ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​។ សាក​គិត​មើល​ថា ប្រសិនបើ​មាន​វេទិកា​មួយ​ជា​សាធារណៈ ដែល​រៀបចំ​ជា​ទៀងទាត់ មួយ​ខែម្តង រឺ ញឹកញាប់​ជាង​នេះ ដោយ​មាន​ការចូលរួម​ពី​គ្រប់​អ្នកនយោបាយ មកពី​គ្រប់​គណបក្ស  ហើយ​ពិភាក្សា​ជា​សាធារណៈ​ទៅលើ​បញ្ហា​សង្គម​នានា តើ​ជា​ការ​ប្រសើរ​ដែរ​រឺទេ​?

ពាក្យ​ថា នយោបាយ គឺជា "​ការ​ប្រជែង ដើម្បី បាន​ដឹកនាំ​ប្រទេសជាតិ​" មិនមែន​ជា​ការបោកប្រាស់ ខ្មៅ​កខ្វក់ ឬ​ស្មោកគ្រោក​នោះទេ ពាក្យ​នេះ បាន​លេចឮ​ឡើង តាំងពី​សម័យ​យូរលង់​ណាស់​មកហើយ នៅលើ​សកលលោក​នេះ មិនមែន​ទើបតែ​ឮ​នៅក្នុង​ពេល​បច្ចុប្បន្ន​នោះទេ​។ សម្រាប់​បរិបទ​ប្រទេស កម្ពុជា ដែល​គេ​មើលឃើញថា ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ ហើយ​ធនធានមនុស្ស​នៅ​មាន​កម្រិត​នោះ ផ្នត់គំនិត​ពលរដ្ឋ​មួយចំនួនធំ បាន​ឲ្យនិយមន័យ​នយោបា​យ ក្នុង​គោលដៅ​ចំអក ឬ​ស្អប់ ចំពោះ​ពាក្យ នយោបាយ​ថា គឺ​ជាន​យោ​បោក ហើយ​ថែមទាំង​យល់ថា នយោបាយ​គឺជា​ការងារ​មួយ​ថោកទាប មិន​ស្មោះត្រង់ និង​ពោរពេញ​ដោយ​ល្បិចកល​ខ្មៅ​ងងឹត គ្រប់បែបយ៉ាង ធ្វើ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ក្រុម​បក្ខពួក​របស់​ខ្លួន និង​ដើម្បី​តែ​អំណាច​ប៉ុណ្ណោះ​។

​យ៉ាងណាមិញ ការ​ប្រជែង​ស៊ីសាច់​ហុតឈាម របស់​អ្នកនយោបាយ ច្រើន​តែ​បង្ហាញ​រូបភាព​ល្អ​នៅ​ខាងក្រៅ តែ​ខាង​ក្នុង គឺ​ពោរពេញ​ដោយ​ល្បិចកល​រាប់រយ​ជំពូក​។ សម្រាប់​ប្រជាពលរដ្ឋ អ្នកនយោបាយ​ក្រៅពី​ប្រជែង​គ្នា ដើម្បី​បាន​អំណាច ភារកិច្ច​ចំបង​របស់​ពួកគេ គឺ​ការដោះស្រាយ​បញ្ហា ដែល​កើតមាន​នៅក្នុង​សង្គម​។ សង្គម​ពោរពេញ​ដោយ​បញ្ហា​រាប់ពាន់​ជំពូក ទាមទារ​ទាំង​ពេល ទាំង​ការ​សហការ ក្នុង​គោលដៅ​ស្វែងរក​ដំណោះស្រាយ​។​

ដូច្នេះ​ហើយ​ក្រៅពី​ការប្រកួតប្រជែង អ្នកនយោបាយ​មិន​មែន​ចេះតែ​ចោទប្រកាន់ មិនមែន​ចេះតែ​រិះគន់ ហើយក៏​មិន​មែន​ចេះ​ភូតភរ ថា​ខ្លួន​ជា​អ្នកនយោបាយ​ល្អ ជា​អ្នក​ស្រឡាញ់​ជាតិ​ដែរ​។ អ្នកនយោបាយ និង​អ្នកនយោបាយ អាច​នឹង​អង្គុយ​ទល់មុខ​គ្នា ដោយ​មិន​ប្រកាន់​ថា អ្នកណា​ខ្លាំង អ្នកណា​ខ្សោយ​។ អង្គុយ​ទល់មុខ​គ្នា ជជែក​គ្នា ដោះស្រាយ​បញ្ហា ល្អ​ជា​ជាង​ភាព​ឌឺដង ឆ្លើយឆ្លង​តែ​លើ​រឿង​អួតអាង​។​

​សម្រាប់​លោក យ៉ង សាំង​កុមារ សមាជិកសា្ថប​និក​គណបក្ស​ប្រជាធិបតេ​យ្យ​មូលដ្ឋាន បាន​ប្រាប់​ដល់​វិទ្យុ​វាយោ​ថា នេះ​ជា​គំនិត​ដល់​ល្អ ប្រសិនបើ​អ្នក​នយោបាយ​ទាំងអស់ អាច​ចូលរួម ជជែក​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​របស់​សង្គម​។ លោក យ៉ង សាំង​កុមារ បាន​បន្តទៀតថា ចំពោះ​ការរៀបចំ​វេទិកា​សាធារណៈ​នេះ​គួរតែ​ចេញពី​សង្គម​ស៊ីវិល ស្ថាប័ន​ឯករាជ្យ​ណាមួយ ឬក៏​បណ្តាញសារព័ត៌មាន ក្នុង​ការរៀបចំ​ហើយ​ធ្វើ​ការជជែក​ពិភាក្សា​គ្នា​...

​សំឡេង​លោក យ៉ង សាំង​កុមារ​៖

​ចំពោះ​អ្នកវិភាគ​លោក អ៊ូ វី​រះ ដែល​ជា​ប្រធាន​វេទិកា​អនាគត ក៏បាន​លើកឡើង​ដែលថា ការរៀបចំ​វេទិកា​នេះ​គឺ​គួរតែ​មាន​តម្លាភាព ព្រោះ​លោក​គិត​ថា​ភាព​ល្អូកល្អើន​របស់​គណបក្ស​នយោបាយ​ច្រើន​តែ​ចែក​អំណាច​គ្នា​និង​ផលប្រយោជន៍​គ្នា​។ លោក​អ៊ូ វី​រះ ក៏​បាន​បន្តទៀតថា ចំពោះ​ការជជែក​ពិភាក្សា​គ្នា​ពី​បញ្ហា​ជាតិ​គឺជា​ការ​ល្អ ហើយ​ការរៀបចំ​គួរ​ធ្វើ​ជា​សាធារណៈ​និង​តម្លាភាព​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​តាមដាន​និង​ចូលរួម​ដើម្បី​ផលប្រយោជន៍​ជាតិ​ផង​ដែរ​។​លោក​ក៏​បាន​បន្ថែមទៀតថា ដើម្បី​ឲ្យមាន​ឯករាជ្យ​គួ​រតែយក​ស្ថាប័ន​ឯកជន អង្គការ សា្ថប័ន​ឯករាជ្យ​ជាតិ​ណាមួយឬ​អាច​ជា​ស្ថានីយ៍​ទូរទស្សន៍​និង​គួរតែ​មាន​ការផ្សាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ផងដែរ​...

​សំឡេង​លោក អ៊ូ វី​រះ​៖

ព័ត៌មានផ្សេងទៀត