ប្រព័ន្ធ​​សុខាភិបាល​កម្ពុជា​គួរ​តែ​​ធ្វើ​​បដិវត្ត​​សាជា​ថ្មី​​?​

29-02-2016 4:21 pm 1858

​ថ្លែង​នៅក្នុង​ពិធី​បើក​សម្ពោធ​អាគារ​មន្ទីរពេទ្យ​ថ្មី​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែង​ទទួលស្គាល់ថា មាន​គ្រូពេទ្យ​មួយចំនួន​គ្មាន​ក្រមសីលធម៌ គិត លុយ​ជា​ធំ និង​សម្តី​អាក្រក់ ដាក់​អ្នកជំងឺ​។ ប៉ុន្តែមិនអាចឈានទៅដល់​ការធ្វើ​បដិវត្ត​គ្រូពេទ្យ ដែល​អ្នកស្រាវជ្រាវ​ធ្លាប់បាន​លើកឡើងនោះទេ។ ដោយឡែក​ចំពោះ​អ្នកស្រាវជ្រាវ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មិន​យល់ ដួច​ប្រមុខ​រដ្ឋាភិបាល​ឡើយ ដោយ​ពួកគេ​មើលឃើញថា ប្រព័ន្ធសុខាភិបាល​កម្ពុជា គួរតែ​រៀបចំ​សាជាថ្មី​។​

 

«​យើង​ត្រូវ​ទទួលស្គាល់ថា គ្រូ​ប​ពេទ្យ​យើង​គឺ​នៅ​មាន​ចំណុច​ខ្វះខាត​ខ្លះៗ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​គឺ​គ្រូពេទ្យ​យើង រវល់​មមារ​ញឹក​ត្រូវ​នៅ​ប្រចាំការ​រាល់ថ្ងៃ ដែល​មាន​ការលះបង់ មាន​ក្រមសីលធម៌ និង​ទទួលខុសត្រូវ​គួរ​ឲ្យ​កោតសរសើរ​។ ប៉ុន្តែ​មាន​គ្រូ ពេទ្យ​មួយ​ចំនួន​តូច​គ្មាន​ក្រមសីលធម៌ គិតតែ​ពី​លុយ​ជា​ធំ​»​។ នេះ​ជា​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​បាន​ថ្លែង នៅក្នុង​ពិធី​បើកសម្ពោធ​អាគារ​មន្ទីរពេទ្យ​ថ្មី​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦​។​

​សំឡេង​សម្តេច ហ៊ុន សែន​៖

 

​បើ​តាម​ប្រមុខ​ដឹកនាំ​កម្ពុជា​រូបនេះ បាន​អំពាវនាវ​ទៅកាន់​គ្រូពេទ្យ​ទាំងអស់ មេត្តា​ជួយ​គ្នា​ដើម្បី​កុំ​ឲ្យ​ត្រូវ​ឲ្យ​គ្រូពេទ្យ​អាក្រក់​ទាំងនោះ មក​បំផ្លាញ​មន្ទីរពេទ្យ និង​ក្រុមគ្រូពេទ្យ​ល្អៗ ហើយ​ត្រូវ​ជួយ​ដាស់តឿន​អប់រំ​គ្នា ក្នុង​ការរក្សា​ភាពថ្លៃថ្នូរ​របស់ខ្លួន​។

 

​ព្រម​ជាមួយ​គ្នា​នោះ សម្តេច ហ៊ុន សែន បាន​ឆ្លើយតប​ផងដែរ ចំពោះ​ការលើកឡើង​របស់ អ្នកស្រាវជ្រាវ​សង្គម​ដែល​បាន​លើកឡើង​ថា «​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​ធ្វើ​បដិវត្ត​» ដោយ​សម្តេច​បញ្ជាក់ថា « មាន​មនុស្ស​មួយចំនួន ដែល​មាន​គម្រោង ធ្វើ​បដិវត្ត​គ្រូពេទ្យ នៅ​ស្រុក​ខ្មែរ​។ មាន​ការលើកឡើង​ពី ការធ្វើបដិវត្ត​គ្រូពេទ្យ សម្តេច​មិន​យល់ថា​....​តើ​យក​គ្រូពេទ្យ​ទៅ សម្លាប់ចោល រឺ​យ៉ាងម៉េច​?

​សំឡេង​សម្តេច ហ៊ុន សែន​៖

 

​លោក កែម ឡី អ្នកស្រាវជ្រាវ​សង្គម​កម្ពុជា បាន​ធ្វើ​ការបកស្រាយ​ចំពោះ​ការ​បដិវត្ត​វិស័យ​សុខាភិបាល ដែល លោក​ធ្លាប់បាន​លើកឡើង​កន្លង​មក​។ បើ​តាម​អ្នកស្រាវជ្រាវ​សង្គម​កម្ពុជា​រូបនេះ បាន​ពន្យល់ថា ការធ្វើ បដិវត្ត​វិស័យ​សុខាភិបាល គឺ​មានន័យថា ត្រូវ​រៀបចំ​កម្ម​ពិធី​ថ្មី សម្រាប់​គ្រប់​គ្រង​វិស័យ​សុខាភិបាល​ឡើងវិញ​។

​សំឡេង​លោក កែម ឡី​៖

 

​ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី​នៃ​រដ្ឋសភា លោកស្រី កែ សុ​វណ្ណា​រតន៍ បាន​លើកឡើង​ថា ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា​សព្វថ្ងៃ​នៅ​មាន​ភាព​ចន្ទោះប្រហោង​ច្រើន ហើយ​អ្នក​ដែល​ប្រព្រិត្ត​ខុស មិនដែល​ឃើញ​អាជ្ញាធរ​ចាប់​យក​មក​ផ្តន្ទាទោស​នោះទេ​។​

 

​បើ​តាម​លោក​ស្រី កែ សុ​វណ្ណា​រតន៍ ដោយសារ​តែ​ភាព​ភាព​ចន្ទោះ​ប្រហោង​នេះ​ហើយ បាន​ជា​ប្រជាពលរដ្ឋ​កម្ពុជា មិន​មាន​ភាពជឿ​ង​ជាក់​ទៅលើ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា ទើប​បាន​មាន​ប្រជាពលរដ្ឋ​មួយចំនួន ដែល​មាន​ជីវភា​ពធូរធារ​សម្រេចចិត្ត​ជ្រើសរើស​ទៅ​ពិនិត្យ​សុខភាព​រប​ស់​ពួកគេ​នៅ​ក្រៅប្រទេស​។ ហើយ​លោក​ស្រី បានទាមទា​ឲ្យ រដ្ឋាភិបាល​កម្ពុជា គួរតែ​ពិនិត្យ​ប្រព័ន្ធ​សុខាភិបាល​ឡើងវិញ​ផងដែរ​។​

​សំឡេង​លោកស្រី កែ សុ​វណ្ណា​រតន៍​៖

 

​ជា​ការគត់សម្គាល់ នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ ក្រុមគ្រូពេទ្យ​នៅ​កម្ពុជា កំពុង​ទទួល​ការរិះគន់ យ៉ាងខ្លាំង​ពី​សំណាក់ ប្រជា​ពលរដ្ឋ​ខ្មែរ ជាពិសេស​នៅ​លើក​បណ្តាញ​សង្គម ដោយ​ពួកគេ​បាន​លើកឡើង​ថា ក្រុម​ពេទ្យ​មិនសូវ យកចិត្តទុកដាក់ ព្យាបាល​ជំងឺ​ពលរដ្ឋ ច្រើន​តែ​គិត​ពី​លុយ​ជា​ធំ​។

 

​ការរិះគន់​នេះ ធ្វើឡើង​ក្រោយ​ពី​លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី ដែល​មាន​ងារ​ជា​ឧកញ៉ា និង​ជា​ប្រធាន​ក្រុមហ៊ុន​មួយ​នៅ​ស្រុក​ខ្មែរ បាន​ចេញ​មុខ​រិះគន់​ចំៗ​ចំពោះ​អសីលធម៌​របស់​គ្រួ​ពេទ្យ​មួយចំនួន​។ បន្ថែម​ពី​នេះ អ្នកស្រាវជ្រាវ សង្គម​គឺ​លោក កែម ឡី  ធ្លាក់​បាន​អះអាង​ថា ប្រព័ន្ធ​សុខាភិបាល​កម្ពុជា មិន​ត្រឹមតែ​ធ្វើ​កំណែទម្រង់​នោះ​ទេ តែ​ត្រូវធ្វើ​បដិវត្ត​៕

(ដោយ៖គួន សំបូរ)

 


ព័ត៌មានផ្សេងទៀត