រដ្ឋា​ភិបាល​​កំពុង​​តែ​​អភិវឌ្ឍន៍​​ក្លែងក្លាយ​ហើយ​​​​អភិវឌ្ឍន៍​​សម្រាប់​​អ្នកមាន​អំណាច​ អ្នកមាន​​លុយ​​?​

28-02-2016 3:15 pm 4324

​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា ការអភិវឌ្ឍរបស់​រដ្ឋាភិបាល​សព្វថ្ងៃ គឺជា​ការអភិវឌ្ឍ​ក្លែងក្លាយ​។ ដោយ​ឯកឧត្តម​ចាត់ទុកថា ការអភិវឌ្ឍ​បច្ចុប្បន្ន ជា​ការអភិវឌ្ឍ​សម្រាប់​អ្នកមានអំណាច អ្នកមាន​លុយ និង សម្រាប់​បក្ខពួក​តែប៉ុណ្ណោះ​។ ដោយឡែក​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​វិញ បានចាត់ទុក​ការ​ចោទ​របស់ ឯកឧត្តម សម រង្ស៊ី​ពេលនេះ ជា​សម្តី​បែប​ខ្មែរក្រហម​ដែល​ធ្វើឲ្យ​ខ្មែរ​បែកបាក់​។​

 

​ថ្លែង​តាមរយៈ​វី​ឌី​អូ​ខន​ហ្វើ​រិន​(Video Conference) ពី​ក្រៅ​ប្រទេស ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​នៅ​ចំពោះមុខ​អ្នកគាំទ្រ​របស់​ខ្លួន​ថា ការអភិវឌ្ឍន៍​របស់​រដ្ឋាភិបាល គឺជា​ការអភិវឌ្ឍ​ក្លែងក្លាយ​។ ក្លែងក្លាយ ត្រូវបាន​ឯកឧត្តម អះអាងថា ដោយសារតែ ការអភិវឌ្ឍ​បច្ចុប្បន្ន ជា​ការអភិវឌ្ឍ​សម្រាប់​អ្នកមានអំណាច អ្នកមាន​លុយ និង សម្រាប់​បក្ខពួក​តែប៉ុណ្ណោះ​។​

 

​បើ​តាម​ប្រធាន​គណបក្សប្រឆាំង​រូបនេះ បាន​បន្តថា បើសិនជា​គណបក្ស​របស់​ឯកឧត្តម បាន​ដឹកនាំ​រដ្ឋាភិបាល គណបក្ស​របស់​ឯកឧត្តម នឹង​សើរើ​ឡើងវិញ នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច ប្រព័ន្ធ​សុខាភិបាល ប្រព័ន្ធយុត្តិធម៌ និង​ប្រព័ន្ធ​អប់រំ​ជា​ដើម ដើម្បី​នា​ធា​ឲ្យ​ការអភិវឌ្ឍ​នៅ​កម្ពុ​ជា ជា​ការអភិវឌ្ឍពិតប្រាកដ​សម្រាប់ ប្រជាពលរដ្ឋ...​

​សំឡេង​ឯកឧត្តម សម រង្ស៊ី​៖

 

​ការលើកឡើង​របស់​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ត្រូវបាន​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ចាត់ទុកថា គឺជា​ការ​ភូតភរ​កុហក ដែល​ធ្វើឲ្យ​ខ្មែរ​មាន​ការបែកបាក់​គ្នា ដូចជា​សម័យ​ខ្មែរក្រហម​។​លោក ផៃ ស៊ីផា​ន  បាន​លើកឡើង​ថា ការមិនទទួលស្គាល់រ​បស់ ឯកឧត្តម សម រង្ស៊ី លើ​ការអភិវឌ្ឍ​របស់​រដ្ឋាភិបាលកម្ពុ​ជា គឺ​ផ្ទុយ​ពី​អន្តរជាតិ ដែល​មាន​ទាំង​សហរដ្ឋអាមេរិក ផង​សុទ្ធតែ​បាន​ទទួលស្គាល់​នូវ​ការរីកចម្រើន ទៅ​មុខ​របស់​កម្ពុជា​...

​សំឡេង​លោក ផៃ ស៊ីផា​ន​៖

 

​ជា​ការកត់សម្គាល់​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន វាយប្រហារ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការអភិវឌ្ឍ​របស់​រដ្ឋាភិបាល នៅ​ចំពោះមុខ​អ្នកគាំទ្រ​របស់ខ្លួន​។ ជាក់ស្តែង​ស្របពេល​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើកឡើង​ថា ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំងក្លា ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន ធ្វើឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា មានការ​ខំប្រឹងប្រែង​ជាង​មុន ក្នុង​ការងារ​ដឹកនាំ​ប្រទេស ដោយ​ព្យាយាម​លុបបំបាត់​ភាពស្ពឹក​ស្រពន់​របស់​មន្ត្រី​ខ្លួន​។ ប្រធានស្តីទី​គណបក្ស​ប្រឆាំង​រូបនេះ បានបញ្ជាក់​ថា កន្លងមក​៣០​ឆ្នាំ​មុន​គណបក្ស​របស់​ឯកឧត្តម នៅ​ឆ្ងាយ​ពេក ប៉ុន្តែ​ពេល​នេះ​គឺ​មាន​ភាព​ប្រកៀក​ប្រកិត​គ្នា បើ​គណបក្ស​កាន់​អំណាច​មិន​ខំប្រឹង​.....

​សំឡេង​ឯកឧត្តម កឹម សុខា​៖

 

​ទាក់ទង​នឹង​បញ្ហា​នេះ​លោក ផៃ ស៊ីផា​ន បានបញ្ជាក់​ថា ការ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​កម្ពុជា​សព្វ​ថ្ងៃ គឺ​ពុំមែន​ដោយ​ការឡើង​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រឆាំង​ទេ​។ ពុំ​មែន​ដោយ​លោក ផៃ ស៊ីផា​ន បន្តថា កំណែទម្រង់​នេះ គឺ​ធ្វើឡើង​ទៅ​តាម​គោលការណ៍​របស់​គណបក្ស​តាម​យុទ្ធសាស្ត្រ​ចតុកោន​របស់​រដ្ឋាភិបាល​។ ចំណែក​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល គណបក្ស​ប្រជាជន​បាន​រៀបចំ​តាំងពី​ឆ្នាំ​២០០៣​មក​ម្លេះ មិនមែន​ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លាំងក្លា​ឡើយ​...​

​សំឡេង​លោក ផៃ ស៊ីផា​ន​៖

 

​យ៉ាងណាក្តី ចំពោះ​ការ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាលកម្ពុ​ជា​សព្វថ្ងៃ កន្លងមក អ្នកវិភាគ​នយោបាយ និង​អ្នកស្រាវជ្រាវ​សង្គម ធ្លាប់​លើក​ឡើង​ស្រដៀង​គ្នា​ថា ក្រោយ​ពីរ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្លាក់ សំឡេង​ចំនួន​អាសណៈ បច្ចុប្បន្ន​នេះ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ការកែទម្រង់​ស៊ី​ជំរៅ​របស់​ខ្លួន​ស្ទើ​ទាំងស្រង នៅក្នុង​អាណា​ត្ត​ទី​៥​នេះ​។

 

​អ្នកវិភាគ​នយោបាយ និង​អ្នកស្រាវជ្រាវ​សង្គម បានបញ្ជាក់​ថា បើសិនជា​គណបក្ស​កាន់អំណាច​នេះ មិន​ព្រម​កែទម្រង់​គណបក្ស​ខ្លួន​ទេ មានន័យ​ថា គណបក្ស​នេះ​ដូច​បញ្ចប់​ជីវិត​នយោបាយ​ខ្លួនឯង​ទេ​អញ្ចឹង​។ ប៉ុន្តែ​កែទម្រង់​ស៊ី​ជំរៅ​របស់ខ្លួន​បាន​ជោគជ័យ គឺ​គណបក្ស​នេះ​នឹង​ឈ្នះ​ក្នុង​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​បន្តទៀត​៕

(ដោយ៖គួន សំបូរ)


ព័ត៌មានផ្សេងទៀត