ក្រសួង​សុខាភិបាល និង​ក្រសួង​ការបរទេស គួរតែ​ស្ថិតក្នុង​លំដាប់​ក្រសួង​ស្ពឹក​ស្រពន់​ដែរ​?

26-02-2016 5:14 pm 13564

​ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ នេះ សម្តេច​ហ៊ុន សែន​បាន​លើកឡើង​ថា​សម្តេច មិន​អាច​យោគយល់ និង​ងាប់​ជាមួយ​មន្ត្រី​ស្ពឹក​ស្រពន់​ទាំងអស់​នោះ​ឡើយ ហើយ​វា​ដល់​ពេល​ហើយ ការធ្វើកំណែទម្រង់ «​ងូតទឹក ឆ្លុះ​កញ្ចក់ និង​ដុះក្អែល​»​នោះ​។​

​ការ​ថ្លែង​ពី​បំណង​ចង់​ផ្លាស់ប្តូរ​គណៈរដ្ឋមន្ត្រី​នេះ បន្ទាប់ពី​សម្តេច​មើលឃើញថា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ មាន​ភាពកម្សោយ​ជាងគេ​នៅក្នុង​ការងារ​។​សម្តេច​ហ៊ុន សែន បាន​ស្តីបន្ទោស​ធ្ងន់ៗ ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួម​ទាំង​ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​មាន​ភាពស្ពឹក​ស្រពន់​យឺតយ៉ាវ​ក្នុង​ការដោះស្រាយ​បញ្ហា​នានា​របស់​ក្រសួង ខ្លួន​ឲ្យបាន​ល្អ​។

សំឡេងសម្តេចហ៊ុន សែន៖

យ៉ាងណា​ក៏​ដោយ​លោក​កែម ឡី អ្នកវិភាគ​បញ្ហា​សង្គម បាន​សម្តែង​នូវ​ការគាំទ្រ ចំពោះ​ការផ្លាស់ប្តូរ​នេះ​។ គាំទ្រ​ពី​ព្រោះ​លោក​យល់ថា រដ្ឋ​មន្ត្រី​ទាំងនោះ​ធ្វើការ​យូរហើយ ហើយ​វ័យ​ក៏​កាន់តែ​ចំណាស់​ហើយ​ដែរ​។ មន្ត្រី​ទាំងនោះ​គួរ​នៅ​ជា​ទីប្រឹក្សា ឬ​ជា​សាស្ត្រាចារ្យ នៅ​តាម​សាកលវិទ្យាល័យ អាចជា​ការប្រសើរ​ជាង​។ លោក​កែម ឡី ថា​ការ​មិន​ផ្លាស់ប្តូរ​នេះ​ហើយ ដែល​ធ្វើឲ្យ​ការងារ​មិន​រីកចម្រើន ព្រោះ​មនុស្ស​ដដែល​គំនិត​ដដែល​គ្មាន​ការផ្លាស់ប្តូ​ទេ​។ លោក​បន្តថា​ការផ្លាស់ប្តូរ​មន្ត្រី​ថ្មី ដូចជា​ក្រសួង​បរិស្ថាន ក្រសួង​អប់រំ ក្រសួង​ពាណិជ្ជកម្ម ជា​ដើម​នោះ​ឃើញថា មាន​ចំណុច​វិជ្ជមាន​គួរឲ្យកត់សម្គាល់​។​

​លោក​កែម ឡី លើកឡើងថា ក្រសួង​មួយចំនួន​ទៀត ដែល​ត្រូវ​ផ្លាស់ប្តូរ​ជា​បន្ទាន់​នោះ ដូចជា​ក្រសួង​សុខាភិបាល ក្រសួងការបរទេស​ជាដើម​។ ជាមួយគ្នានេះ​លោក​ក៏បាន​ផ្តល់​អនុសាសន៍​ថា​រដ្ឋាភិបាល​គួរ​បង្រួម​ក្រសួង ដើម្បី​កុំឲ្យ​មាន​មន្ត្រី​នយោបាយ​ច្រើន​ពេក​......

​សំឡេង​លោក​កែម ឡី​៖

​ស្រដៀង​គ្នា​ដែរ​សម្រាប់​លោក​អ៊ូ វីរ​:​ប្រធាន​វេទិកា​អនាគត ក៏​ស្វាគមន៍​ចំពោះ​គម្រោង​ផ្លាស់ប្តូរ​របស់​នាយក​រដ្ឋមន្ត្រី​ដែរ​។ លោក​អ៊ូ វីរ​: បញ្ជាក់​ថា​រយ​:​ពេល​ជាង​ពីរ​ឆ្នាំ​មកនេះ ឃើញថា ក្រសួង​មួយចំនួន​ក៏​ផ្លាស់ប្តូរ ហើយ​មួយចំនួន​ទៀត​មិន​មាន​ការផ្លាស់ប្តូរ ទាល់តែសោះ ដែល​នេះ​ជា​ការប៉ះពាល់ ដល់​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល​។ លោក​អ៊ូ វីរ​:​ក៏បាន​លើកឡើង​ផងដែរ​ថា រដ្ឋាភិបាល​គួរ​បង្រួម​ក្រសួង​ខ្លះ បញ្ចូល​គ្នា​ដូចជា​ក្រសួង​ទូរគមនាគមន៍ ជាមួយ​ក្រសួង​ព័ត៌មាន ក្រសួង​បរិស្ថាន ជាមួយ​ក្រសួង​ធនធានទឹក ក្រសួង​កសិកម្ម​ជា​មួយ​ក្រសួង​អភិវឌ្ឍ​ជនបទ​ជា​ដើម​។ សម្រាប់​គំនិត​លោក​អ៊ូ វីរៈ អ្វី​ជា​ការទាក់ទាញ​ប្រជាប្រិយ ពី​ពលរដ្ឋ​ខ្លាំង​បំផុត​នោះ គឺ​បញ្ហា​ផ្លូវ ទឹក ភ្លើង និង​សេវា​សុខាភិបាល ប៉ុន្តែ​លោក​មើលឃើញថា សុខាភិបាល​គឺ​បរាជ័យ​ធ្ងន់ធ្ងរ​ជាងគេ​។​

​សំឡេង​លោក​អ៊ូ វីរ​:៖

​យ៉ាងណា​ក៏​ដោយ​សម្ដេច​ហ៊ុន សែន​បាន​ថ្លែងថា ឆ្នាំ​២០១៥ គឺជា​ឆ្នាំ​ទី​២ នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​។ សម្ដេច​បន្តថា  គ្រប់​ក្រសួង​ត្រូវ​បន្ត លើកកម្ពស់​ការទទួល​ខុស​ត្រូវ​ក្នុង​ការចូលរួម​អនុវត្ត​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល ដើម្បី​ថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ​និង​សង្គម ការរក្សា​ការពារ​ខឿន​ឯករាជ្យ អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី ការចូលរួម​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ ការលើកស្ទួយ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ដើរ​ទន្ទឹម​នឹង​ការពង្រឹង​នីតិរដ្ឋ ដើម្បី​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ប្រកបដោយ​ចីរភាព​។​(​ដោយ​៖​ខាត់ សុធី​)
 

ព័ត៌មានផ្សេងទៀត