នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់វិមាន អនុស្សារីយ៍នយោបាយឈ្នះ ឈ្នះ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នៅតំបន់អភិវឌ្ឍន៍ លី យ៉ុងផាត់ ស្ថិតនៅ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិដែលតំណាងឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់វិមាន អនុស្សារីយ៍នយោបាយឈ្នះ ឈ្នះនៅព្រឹកនេះថា វិមាន អនុស្សារីយ៍នយោបាយឈ្នះ ឈ្នះនេះ គឺមានអត្ថន័យធំធេងណាស់ចំពោះប្រទេសកម្ពុជាដែលទទួលបាន សន្តិភាពពេញលិញ។ គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងគាំទ្រចំពោះការសាងសង់វិមាន អនុស្សារីយ៍នយោបាយឈ្នះ ឈ្នះនេះ បើគណបក្សក៏បានស្នើរដ្ឋាភិបាលឲ្យអនុវត្តគោលការមួយចំនួនដើម្បីរក្សាសន្តិភាពនៅកម្ពុជា។
វិមានអនុស្សារីយ៍នយោបាយឈ្នះឈ្នះ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា គឺជាសមិទ្ធផលសង្គមមួយដ៏សំខាន់ នៅក្រោយសម័យអង្គរ និងជាមោទនភាពជាតិខ្មែរ ដោយសារតែវិមាន និងបរិវេណនេះ នឹងក្លាយជា«ពិភពខ្មែរខ្នាត់តូច»ដែលបង្ហាញចំណុចសំខាន់ៗនៃប្រវត្តិសាស្ត្រជាតិ និងវប្បធម៌ជាតិជាង២០០០ឆ្នាំ ពិសេសបង្ហាញនូវបញ្ញាញាណជាតិខ្មែរ។ នេះជាប្រសាសន៍របស់ លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិដែលតំណាងឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា។
បើតាមលោកទៀ បាញ់ វិមានអនុស្សារីយ៍នយោបាយឈ្នះឈ្នះ ត្រូវបានធ្វើឡើងដើម្បីបង្ហាញ នូវវប្បធម៌កតញ្ញូ និរន្តរភាពគ្រប់វិស័យខាងជនជាតិ សាសនា រួមទាំងការអភិវឌ្ឍនៃទំនាក់ទំនងរវាងវប្បធម៌ ធម្មជាតិ និងមនុស្ស ព្រមទាំងទំនាក់ទំនងរវាង អតីតកាល បច្ចុប្បន្ន និងអនាគត។ លោកថា នៅក្នុងនោះវិមានអនុស្សារីយ៍នយោបាយឈ្នះឈ្នះនេះ ក៏ជាប់ទាក់ទងទៅនឹងសម័យសង្គមរាស្ត្រនិយម តភ្ជាប់មកដល់សម័យសាធារណៈរដ្ឋ និងសម័យពល ពត ព្រមទាំងដំណាក់កាលកំឡុងឆ្នាំ១៩៧៩ -១៩៨៩ និងដំណាក់កាល១៩៩១-១៩៩៣ និងភ្ជាប់មកដល់ តំណាក់កាលនយោបាយឈ្នះ ឈ្នះ មកដល់សព្វថ្ងៃដែលធ្វើឲ្យកម្ពុជាទទួលបានសន្តិភាពពេញលិញផងដែរ។
សំឡេង លោកទៀ បាញ់៖
សូមបញ្ជាក់ថា វិមានអនុស្សារីយ៍នយោបាយឈ្នះឈ្នះ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា បានបើកការដ្ឋានសាងសង់នៅ តំបន់អភិវឌ្ឍន៍ លី យ៉ុងផាត់ លើទំហំដីប្រមាណ ៨ ហិកតា ស្ថិតនៅសង្កាត់បាខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បើតាមលោកទៀ បាញ់ គោលបំណង នៃការសាងសង់វិមាន នយោបាយ ឈ្នះ-ឈ្នះ គឺដើម្បីបង្កើនការយល់ដឹង អំពីអតីតកាល និងបច្ចុប្បន្នកាល ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដោយចីរភាព ទៅអនាគតកាល។ ហើយវិចិត្រករ ដែលមានស្នាដៃល្អ ត្រូវបានជ្រើសរើស ក្នុងការរចនារូបគំនូរ សម្រាប់កសាងរូបចម្លាក់ នៅវិមាន ឈ្នះ-ឈ្នះ ដើម្បីបង្ហាញមូលដ្ឋាន ទស្សនវិទ្យា សុខដុមនីយកម្មខ្មែរ នៅបុរាណសម័យ។
បើតាមគ្រោង វិមាន នយោបាយ ឈ្នះ-ឈ្នះនេះ ត្រូវបានចែកចេញជា០៣ តំបន់។ តំបន់ទី១ បង្ហាញពីសុខមនីយកម្មប្រវត្តិសាស្ត្រខ្មែរ តំបន់ទី២ សន្តិភាពពេញលិញតាមរយៈនយោបាយឈ្នះ ឈ្នះ និងតំបន់ ទី៣ សមិទ្ធផលនានាដែលទទួលបានពីនយោបាយឈ្នះឈ្នះ ចាប់តាំងពីឆ្នាំ១៩៩៨-២០១៨។ ហើយសំណង់ ទាំងនេះត្រូវបានសាងសង់ឡើងដោយមានការចូលរួមពីគ្រប់មជ្ឍដ្ឋាន ទាំងធនធានគំនិតប្រាជ្ញា របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជនកម្ពុជាទាំងអស់ ដោយមិនគិតពីនិន្នាការនយោបាយឡើយ។ នេះតាម លោកទៀ បាញ់….
សំឡេង លោក ទៀ បាញ់៖
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យរងគណបក្សសង្គ្រោះជាតិ បានសម្តែងការគាំទ្រចំពោះការសាងសង់វិមាន អនុស្សារីយ៍នយោបាយឈ្នះ ឈ្នះ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា របស់រដ្ឋាភិបាលពេលនេះ។ បើតាមលោក យ៉ែម បុញ្ញឫទ្ធិ គណបក្សសង្គ្រោះជាតិ គាំទ្រនយោបាយឈ្នះ ឈ្នះ គឺមានន័យថា គឺខ្មែរជាអ្នកឈ្នះទាំង អស់គ្នា និងរួបរួមគ្នាដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។
«បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងរក្សានូវសន្តិភាពនៅកម្ពុជាឲ្យមានភាពល្អប្រសើ គណបក្សសង្គ្រោះជាតិ នឹង ចូលរួមអប់រំទៅដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យជួយរក្សាស្ថេរភាពនយោបាយ ក្នុងការប្រើប្រាស់ពាក្សសម្តី និង រក្សាសេចក្តីថ្លៃថ្នូក្នុងនាមជាពលរដ្ឋល្អ»។ នេះជាការបន្ថែមរបស់លោក យ៉ែម បុញ្ញឫទ្ធិ…
សំឡេងលោក យ៉ែម បុញ្ញឫទ្ធិ៖
យ៉ាងក្តីអ្នកនាំពាក្សគណបក្សប្រឆាំងរូបនេះ បានស្នើដល់រដ្ឋាភិបាលថា ត្រូវធ្វើឲ្យប្រព័ន្ធគ្រប់គ្រោងរបស់រដ្ឋាភិបាលឲ្យប្រជាពលរដ្ឋខ្មែរទទួលការទុកចិត្ត ជាពិសេសប្រព័ន្ធយុត្តិធម៌ ទើបបាន សន្តិភាពមានលក្ខណៈយូរអង្វែង។
សូមសម្លឹងថា ប្រទេសកម្ពុជា ធ្លាប់ធ្លាក់ក្នុងសង្គ្រាមស៊ីវិលបីទសវត្សហើយ។ សង្គ្រាមស៊ីវិលនេះ បានកើតឡើងក្រោយរបបខ្មែរក្រហមបានឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយត្រូវទម្លាក់ពីអំណាចនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។ ប្រជាជនកម្ពុជាប្រមាណ ១,៧ លាននាក់ បានបាត់បង់ជីវិត។ សង្គ្រាមស៊ីវិលបានបន្ដក្រោយពីការដួលរលំនៃរបបខ្មែរក្រហម ។ នៅទីបំផុត សង្គ្រាមស៊ីវិលបានត្រូវបញ្ចប់ នៅឆ្នាំ ១៩៩៨ នៅពេលដែលរចនាសម្ព័ន្ធនយោបាយនិងយោធារបស់ខ្មែរក្រហមត្រូវកម្ទេចចោលទាំងស្រង៕
(ដោយ៖គួន សំបូរ)