គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឯកភាពគ្នាផ្ដល់មធ្យោបាយដល់ប្រធានក្រុមតំណាងរាស្ត្រភាគតិច និងភាគច្រើន ទទួលបានរថយន្តម្នាក់មួយគ្រឿង និងទីប្រឹក្សាចំនួន៩នាក់ ដើម្បីអនុវត្តសកម្មភាពការងាររបស់ខ្លួន។ ត្រង់ចំណុចនេះ ត្រូវបានអ្នកវិភាគរិះគន់ថា គណបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ គិតតែប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនដោះស្រាយបញ្ហាជាតិធំៗ និងធ្វើឲ្យខ្ចះខ្ចាយថវិកាជាតិមួយចំនួនធំផងដែរ។
លោក កែម ឡី អ្នកស្រាវជ្រាវកិច្ចសង្គមកម្ពុជា បានលើកឡើងថា ការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ លើការផ្តល់រថយន្តម្នាក់មួយគ្រឿង និងទីប្រឹក្សាចំនួន៩នាក់ ដល់ប្រធានក្រុមតំណាងរាស្ត្រភាគតិច និងភាគច្រើន បានធ្វើឲ្យខ្ចះខ្ចាយថវិកាជាតិមួយចំនួនធំ ព្រមទាំងធ្វើ ឲ្យគណបក្សទាំងពីរបាត់បង់ប្រជាប្រិយភាពមន្ថែម ជាពិសេសគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង។
លោក កែម ឡី បានបន្តថា ការចែកលុយ ឡាន និងតួនាទីការងារនៅពេលនេះ គឺគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនដោះស្រាយបញ្ហាជាតិធំៗមួយចំនួន ដែលប្រជាពលរដ្ឋខ្មែរ កំពុងតែជួបការលំបាក និងរងអំពើអយុតិ្តធម៌ មានដូចជា ប្រព័ន្ធតុលាការ បញ្ហាដីធ្លី បញ្ហាពុករលួយ ជាដើម។
សំឡេងលោក កែម ឡី៖
ទាក់ទងនឹងបញ្ហានេះ លោក អ៊ូ វីរៈ ប្រធានវិទ្យាស្ថានវេទិកាអនាគត និងជាអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បានចាត់ទុកថា ការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ លើការចែកឡាន និងតួនាទីការងារនៅពេលនេះ គឺជាការចែកផលប្រយោជន៍គ្នាដោយ សុទ្ធសាធ ដែលគណបក្សទាំងពីរមិនគួរលើកយកមកពិភាក្សាឡើង។
បើតាមលោក អ៊ូ វីរៈ លោកមានការសោកស្តាយចំពោះការសម្រេចនេះ។ មានការសោកស្តាយ ដោយ លោកអះអាងថា ពីព្រោះការសម្រេចនេះវាមិនបានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិនោះទេ ហើយ លោកបានបញ្ជាក់ថា ការសម្រេចនេះ បានធ្វើឲ្យខ្ចះខ្ចាយថវិកាជាតិមែនទែន។
សំឡេង លោក អ៊ូ វីរៈ៖
ប្រធានវិទ្យាស្ថានវេទិកាអនាគតដដែលរូបនេះ បានសង្គត់ធ្ងន់ថា ប្រជាប្រិយភាពគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ និងមានការធ្លាក់ចុះ ជាពិសេសប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិ។
សំឡេង លោក អ៊ូ វីរៈ៖
មិនខុសពីអ្នកវិភាគខាងលើ លោក រស់ រ៉ាវុធ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ការផ្តល់រថយន្តម្នាក់មួយគ្រឿង និងទីប្រឹក្សាចំនួន៩នាក់ ដល់ប្រធានក្រុមតំណាងរាស្ត្រភាគតិច និងភាគច្រើន គឺជាការមិនចាំបាច់ទាល់តែសោះ។ មិនចាំបាច់ពីព្រោះថ្នាក់ដឹកនាំទាំងពីសុទ្ធតែមានរថយន្ត និងទីប្រឹក្សាសម្រាប់ខ្លួនរួចហើយ។ ហេតុអ្វីមិនយកមកប្រើ? ចាំបាច់ផ្តល់រថយន្តម្នាក់មួយគ្រឿង និងទីប្រឹក្សាមួយចំនួនបន្ថែមដែលធ្វើឲ្យបានធ្វើឲ្យខ្ចះខ្ចាយថវិកាជាតិ។
សំឡេង លោក រស់ រ៉ាវុធ៖
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានជួបប្រជុំក្នុងការពង្រឹងវប្បធម៌សន្ទនា។ ក្រោយជំនួប ដែលមានរយៈពេលជិតមួយម៉ោង ថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សទាំងពីរបានប្រគល់សិទ្ធិជូន លោក ឈាង វុន និងលោក យ៉ែម បុញ្ញឫទ្ធិ ជម្រាបលទ្ធផល ជូន អ្នកសារព័ត៌មាន។
នៅក្នុងលទ្ធផលសំខាន់ៗ ដែលតំណាងគណបក្សទាំងពីរលើកឡើង ក៏មានការបង្កើនមធ្យោបាយដឹកជញ្ជូនដោយប្រធានក្រុមមតិនិងភាគច្រើនទទួលបានរថយន្តម្នាក់មួយគ្រឿង និងទីប្រឹក្សាចំនួន៩នាក់ ដើម្បីអនុវត្តសកម្មភាពការងាររបស់ខ្លួន៕
(ដោយ៖គួន សំបូរ)