លោកញឺក ប៊ុនឆៃ ប្តឹងទាមទារទ្រព្យសម្បត្តិពីគណបក្សហ្វ៊ុនស៊ិនប៉ិច ក្រោយការបែកបាក់

19-02-2016 5:49 pm 3618

ការបាក់បែកបានកើតឡើងជាថ្មី បន្ទាប់ពីបានរួបរួមគ្នាបានមួយរយៈ រវាងសម្តេចក្រុមព្រះ និងលោកញឹក ប៊ុនឆៃ។ អ្វីជាការកត់សម្គាល់ ការបែកបាក់នេះ បានឈានដល់ការប្តឹងផ្តល់គ្នា រវាង​​​គណបក្ស​​​ហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។

លោកទុំ សម្បុរ អ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិ បានថ្លែងប្រាប់ដល់វិទ្យុវាយោ នៅថ្ងៃទី១៩កុម្ភៈនេះថា គណបក្សខ្មែររួបរួមជាតិ របស់លោក កំពុងរៀបចំមេធាវី ដើម្បីដាក់​​​ពាក្យប្តឹង​​​​ទៅ​តុលាការ ដើម្បីទាមទារយកអគារ និងស្នាក់ការសាខានានា ជាទ្រព្យសម្បត្តិ នៃសមាជិករបស់ខ្លួន ដែលជាអតីតថ្នាក់ដឹកនាំរបស់គណបក្សហ៊្វុនស៊ិនប៉ិច។ លោកថា ការដាក់ពាក្យប្តឹងនេះ ត្រូវបាន​​​​ធ្វើឡើង​​​​​កាលពីថ្ងៃចន្ទ ហើយនឹងត្រូវ បន្តបានធ្វើឡើងនៅគ្រប់បណ្តាខេត្ត លើកលែងតែរាជធានីភ្នំពេញប៉ុណ្ណោះ។

សំឡេងលោកទុំ សម្បុរ

ឆ្លើយតបនឹងការប្តឹងពីគណបក្សខ្មែររួបរួមជាតិនេះ លោកញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា គណបក្សគ្មានយោបល់បែបណាចំពោះពាក្យបណ្តឹងនេះទេ ប៉ុន្តែសូមឲ្យ​អ្នក​​​​​​​ដែលប្តឹង ពិចារណាឡើងវិញ ពីទោសកំហុសរបស់ខ្លួន។ ម្យ៉ាងការទាមទារយកទ្រព្យសម្បត្តិដែលជារបស់គណបក្ស មិនមែនដូចជាការប្តឹងលែងលះរវាងប្តីប្រពន្ធ ចែកទ្រព្យ​​​សម្បត្តិឡើយ។

សំឡេងលោកញេប ប៊ុនជិន

លោកញ៉េប ប៊ុនជិន ក៏បានបញ្ជាក់ប្រាប់ទៅលោក ញឹក ប៊ុនឆៃវិញថា គួរយកគំរូតាមសម្តេចក្រុមព្រះ នៅពេលដែលព្រះអង្គចាកចេញពី គណបក្សកាលពី ឆ្នាំ២០០៦ ដែលព្រះអង្គពុំ​​​បានយកទ្រព្យ​​​សម្បត្តិ របស់គណបក្សហ៊្វុនប៉ិចទៅជាមួយនោះទេ។

សំឡេងលោកញេប ប៊ុនជិន

គួរបញ្ជាក់ថា គណបក្សហ៊្វុនស៊ិនប៉ិច បានបែកបាក់ម្តងទៀត បន្ទាប់ពីលោក ញឹក ប៊ុនឆៃ អតីតអនុប្រធានទី២នៃគណបក្សនេះ បានសម្រេចដើរចេញទៅបង្កើតគណបក្សថ្មីមួយឈ្មោះ «គណបក្ស ខ្មែររួប​​​រួមជាតិ»។ ការបែកបាក់នេះធ្វើឡើងបន្ទាប់ពីលោក ញឹក ប៊ុនឆៃ និងសម្តេចក្រុមព្រះ បានរួបរួមគ្នារយៈពេល១ឆ្នាំ៕

 

ព័ត៌មានផ្សេងទៀត