សកម្មជន​​បរិស្ថាន​រ​ង​ការធ្វើ​ទុក​​បុក​ម្នេញ​ ក្រោយ​អា​ឡិច​​បណ្តេញ​ចេញ​​ពី​​កម្ពុជា​​

ដោយ៖ សៅ វិសាល 15-02-2016 5:48 pm 2109

​ក្រុម​អង្គការ​សមាគម​ចំនួន​២២​ស្ថាប័ន​ដែល​ធ្វើការ​ពាក់ព័ន្ធ​និង​សិទ្ធិមនុស្ស បានចេញ​សេចក្តីថ្លែងការណ៍​រួម ថ្កោលទោស​ចំពោះ​ចំណាត់ការ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបង្ក្រាប​ទៅលើ​អង្គការ​មាតា​ធម្មជាតិ និង​សង្គម​ស៊ីវិល​ទូទៅ​នៅ​កម្ពុជា​។ សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​បន្ទាប់​ពី​សកម្មជន​ការពារ​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន​៣​​នាក់​​បន្ថែម​ទៀត​ គឺ​មកដល់​ពេលនេះ​មាន​ចំនួន​៦​នាក់​ហើយ ដែល​រង​ការចោទប្រកាន់ និង​ចាប់ខ្លួន ក្រោយពី​ពួកគេ​ចូលរួម​តវ៉ា​ប្រឆាំង​ការ​បូម​ខ្សាច់​ក្នុងស្រុក​បុ​ទុម​សាគរ ខេត្ត​កោះកុង​។​

 

​សេចក្តីថ្លែងការណ៍​រួម​ចុះ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ បានឲ្យដឹងថា សកម្មជន​បរិស្ថាន​ទាំង​៦​នាក់ រង​ការចោទប្រកាន់ និង​​ចាប់​ខ្លួន​​ពី​បទ​សមគំនិត ក្រោម​មាត្រា​២៩​នៃ​ក្រម​ព្រហ្មទណ្ឌ និង​ក្រោម​មាត្រា​៤២៤ ពី​បទល្មើស​គំរាមកំហែង​ថា នឹង​ធ្វើឲ្យ​ខូចខា​តដែល​ភ្ជាប់​នឹង​បញ្ជា​អ្វីមួយ​ដែល​អាច​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រហូតដល់​២​ឆ្នាំ​។ សកម្មជន​៣​នាក់ ដែល​រង​ការចោទប្រកាន់​ពី​សាលាដំបូង​ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នោះ​រួមមាន ព្រះតេជព្រះគុណ​សុខ ចាន់​ត្រា ព្រះតេជព្រះគុណ​ព្រហ្ម ធម្មជាតិ និង​លោក​អា​ឡិច​ហ្សង់​ដ្រូ ហ្គុន​ហ្សា​ឡេ​ហ្ស ដា​វីដ​សុន ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បណ្ដេញ​ចេញពី​កម្ពុជា​អស់​រយៈពេល​ជិត​១​ឆ្នាំ​ហើយ​។ ដោយឡែក សកម្មជន​បរិស្ថាន​៣​នាក់​ទៀត ដែល​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគា​ខេត្ត​កោះកុង ចាប់តាំងពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥ នោះ​គឺ​លោក​ទ្រី សុ​វិគា លោក​ស៊ុន ម៉ា​ឡា និង​លោក​ស៊ឹម សំណាង​។

 

ក្រុម​អង្គការ​សមាគម​ទាំង​២២​ស្ថាប័ន ចាត់ទុកថា ការចោទប្រកាន់​ថ្មីៗ​ទាំងនេះ គឺជា​ករណី​ចុងក្រោយ​​បង្អស់​​ក្នុង​ចំណោម​​ករណី​​ចាប់ខ្លួន និង​ព្រឹត្តិការណ៍​នានា​ជាច្រើន ដែល​អាជ្ញាធរ​បាន​ធ្វើ​ទុក​បុក​ម្នេញ​ម្តង​ហើយ​ម្តងទៀត និង​មាន​ចេតនា​បង្ក្រាប​ទៅលើ​ចលនា​មាតា​ធម្មជាតិ​ទាំងស្រុង​។ សេចក្តីថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិលដ​ដែល​បន្តថា ក្រោយ​ពី​បណ្តេញ​អា​ឡិច ចេញ​ដោយ​ជោគជ័យ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៥ អាជ្ញាធរ​បាន​ចាប់ខ្លួន​សមាជិក​អង្គការ​ជាច្រើន​នាក់​ទៀត ដោយសារ​ពួកគេ​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ធ្វើ​បាតុកម្ម សកម្ម​និយម និង​សកម្មភាព​អប់រំ​ផ្សេងៗ​។ ប្រភព​ដដែល​បញ្ជាក់​ថា ការគាបសង្កត់​លើ​កិច្ចប្រឹងប្រែង​ក្នុង​ការការពារ​បរិស្ថាន​របស់​អង្គការ​មាតា​ធម្មជាតិ គឺ​បង្ហាញឲ្យឃើញ​ពី​ការប​ង្ក្រា​បកាន់តែ​ធំ​ទៅៗ​ពី​សំណាក់​រដ្ឋាភិបាល ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​។​

 

​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ថ្កោលទោស​រាជរដ្ឋាភិបាល​កម្ពុជា អង្គការ​សង្គម​ស៊ីវិល​ទាំង​២២​ស្ថាប័ន បាន​ស្នើ​ដល់​ព្រះរាជ​អជ្ញាទ​ម្លាក់​ចោល​ការចោ​ទ​ប្រកាន់​ទៅលើ​សមាជិក​អង្គការ​មាតា​ធម្មជាតិ​ទាំង​៦​នាក់ ហើយ​សូម​ធានា​ការពារ​​ឲ្យ​បាន​​ត្រឹម​ត្រូវ​ដល់​សកម្មជ​ន​បរិស្ថាន និង​អ្នកការពារ​សិទ្ធិ​មនុស្ស​ទាំងឡាយ ដែល​ប្រឹងប្រែង​ក្នុង​ការការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​។ ជាងនេះទៅទៀត ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​អំពាវនាវ​ដល់​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស​កម្ពុ​ជា គោរព និង​ធានា​ដល់​សិទ្ធិ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ ដែល​ត្រូវបាន​ទទួលស្គាល់​នៅ​ថ្នាក់​ជាតិ​-​អន្តរជាតិ ដោយ​អនុញ្ញាត​ឲ្យ​លោកអា​ឡិច​ហ្សង់​ដ្រូ បាន​វិលត្រឡប់​មក​កម្ពុជា ដើម្បី​អនុវត្ត​សិទ្ធិ​ការពារ​ខ្លួន​ត​ទល់នឹង​ការចោទប្រកាន់​​ទាំង​នេះ​​៕

(​ដោយ​៖ អឿន ភា​រ៉ា​)

ព័ត៌មានផ្សេងទៀត