គណៈ​គ្រូពេទ្យ​​កម្ពុជា​​នៅតែ​​ទទូច​ឲ្យ​​លោក​គួច ម៉េង​លី​ ​សុំ​ទោស​​ជា​​សាធារណៈ​

16-01-2016 5:51 pm

​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី​ទី​១៦ ខែ​មករា​នៅ​តែ​ទាមទារ​អោយ​លោក គួច ម៉េង​លី សុំ​ទោស​ជា​សាធារណៈ ទោះបីជា​លោក គួច ម៉េង​លី បាន​លើកឡើង​ថា​ការបញ្ចេញ​មតិ​របស់​លោក​ជា​សាធារណៈ និង​ជា​សិទ្ធ​បុគ្គល​យ៉ាងណា​ក៍ដោយ​។

 

​លិខិត​របស់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ចុះ​ថ្ងៃទី ទី​១៦ ខែ​មករា ឆ្នាំ​២០១៦​នេះ បានឲ្យដឹងថា គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា សូម​គោរព​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ​គ្រប់រូប ប៉ុន្តែ​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា នៅតែ​យល់ឃើញថា ការវាយតម្លៃ​ជា​សាធារណៈ​ណាមួយ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​អាច​នាំ​ទៅដល់​ការភាន់ច្រឡំ បង្ក​ភាពច្របូកច្របល់​ក្នុងចំណោម​សាធារណជន ដោយ​អ្នក​វិជ្ជាជីវៈ សុខាភិបាល​ណា​ម្នាក់ គឺជា​ការ​បំពាន​ទៅ​លើ​ក្រម​ប្រតិបត្តិ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សុខាភិបាល​។​

 

​លិខិត​បាន​បញ្ជាក់​ថា​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា នៅតែ​យល់ឃើញថា ទៅ​ជា​ចេតនា​ក្តី អ​ចេតនា​ក្តី ទង្វើ​របស់​លោក គួច ម៉េង​លី បាន​បង្ក​ការខូចខាត​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​នៃ​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​នៅ​កម្ពុជា និង​របស់​វិជ្ជាជីវៈ​សុខាភិបាល​ទាំង​មួល​។ ការខូចខាត​នេះ គ្មាន​អ្វី​អាច​ជួសជុល​បាន ក្រៅ​ពី​ការ​សុំ​ទោស​ដោយ​សុទ្ធ​ចិត្ត និង​ជា​សាធារណៈ​នោះ​ទេ​។ ដូច្នេះ​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា នៅ​តែ​ទាមទារ​ឲ្យ​លោក គួច ម៉េង​លី សុំ​ទោស​ជា​សាធារណៈ​ឲ្យ​សក្តិសម​ជា​គ្រូពេទ្យ​ដែល​មាន​វិជ្ជាជីវៈ មាន​សីលធម៌​មួយរូប​។ គណៈ​គ្រូពេទ្យ​កម្ពុជា​នឹង​រក្សា​ការទាមទារ​នេះ​នៅក្នុង​កំណត់ត្រា​ប្រតិបត្តិ​វិជ្ជាជីវៈ​ផ្ទាល់ខ្លួន​របស់​លោក ដរាបណា​លោក​មិនទាន់​បាន​បំពេញ​បាន​ត្រឹមត្រូវ​។​

 

​សូមបញ្ជាក់​ថា​គណៈ​គ្រូពេទ្យ កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា បាន​ចេញ​លិខិត​ម្តង​រួចមកហើយ​ទាមទារ​អោយ​លោក គួច ម៉េង​លី សុំ​ទោស​ជា​សាធារណៈ តែ​ត្រូវបាន​លោក​បដិសេធន៍ និង​ថា​ការបញ្ចេញ​មតិ​របស់​លោក​ជា​សាធារណៈ និង​ជា​សិទ្ធ​បុគ្គល​តែប៉ុណ្ណោះ​។

 

​គួរ​រលឹក​ថា​ក្រោយពី​ការចុះផ្សាយ​អត្ត​បទ​របស់​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍​ក្រោម​ចំណងជើង​ថា «​ពី​ក្មេង​ល្ងង់ខ្លៅ​ក្រីក្រ ដើរ​រើស​ចំណី​តាមផ្លូវ​បរិភោគ ទៅ​ជា​សេដ្ឋី​ចិត្ត​ធម៌​» ដែល​ផ្តល់​បទសំភាសន៍​ដោយ​លោក​គួច ម៉េង​លី បានធ្វើអោយ គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា មានប្រតិកម្ម​យ៉ាង​ខ្លាំង​លើ​ពាក្យសំដី របស់លោក គួច ម៉េង​លី ដែល​លើកឡើង​ថា​“​ពេទ្យ​នៅ​ស្រុក​ខ្មែរ​មាន​អាកប្បកិរិយា​អំនួត អឿ ឈ្លើយ ម៉ា​បាវ តើ​កូន​ខ្មែរ​យើង​អភ័ព្វ​យ៉ាងម៉េច​ទៅ​។ ពេល​គេ​ទៅ​ព្យាបាល​ម្តង​សឹងតែ​លុតជង្គង់​អង្វរ​ពេទ្យ​។ ពេទ្យ​ដែល​គ្មាន​ជំនាញ​វិជ្ជាជីវៈ ក្រមសីលធម៌​ទាំងនោះ​ហើយ​ជា​អ្នក​សម្លាប់​មនុស្ស​”​។​ ដោយ​៖​សឿ​ម ឧត្តម​

ព័ត៌មានផ្សេងទៀត