រដ្ឋសភា​​អនុម័ត​​សេចក្តីព្រាងច្បាប់​ ​បង្កើត​​ធនាគារ​​វិនិយោគ​​ហេដ្ឋារចនាសម្ព័ន្ធ​​អាស៊ី​

13-01-2016 5:23 pm 1596

នៅ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦ រដ្ឋសភាជាតិ​បាន​បន្ត​សម័យប្រជុំ លើក​ទី​៥ នីតិកាល​ទី​៥ ពិភាក្សា​លើ​របៀបវារៈ​ចំនួន​០៣ ក្នុង​នោះ​រដ្ឋសភា បាន​យល់ព្រម​អនុម័ត​សេចក្តីព្រៀងច្បាប់ ស្តីពី​ការបង្កើត​ធនាគារ វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​។ សេចក្ដីព្រាងច្បាប់​នេះមាន​៣​មាត្រា​ ​ដែល​មាន​របៀបវារៈ​ទី​១ ការពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី​ការ បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​។ របៀបវារៈ​ទី​២ ការពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៤ និង​របៀបវារៈ​ទី​៣ គឺ​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី គណនេយ្យ និង​សវនកម្ម​។​

 

​ជាដំបូង​អង្គសភា​បាន​លើកយក សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី​ការបង្កើត​ធនាគារ វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី មក​ពិភាក្សា និង​អនុម័ត​។​ដែល​ការបង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី នឹង​ផ្ដល់​ឲ្យ​កម្ពុជា​ក្នុង​រយៈពេល​មធ្យម និង​វែង នូវ​ប្រភព​ហិរញ្ញប្បទាន​ថ្មី បន្ថែម​លើ​ហិរញ្ញប្បទាន​ពី​ប្រភព​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​មាន​ស្រាប់​។

 

​លើសពីនេះ​ទៀត លក្ខណៈ​ពិសេស​មិន​អាច​មើល​រំលង​បាន ពី​ធនាគារ នេះ គឺ​មាន​បេសកកម្ម​ផ្ដល់​ហិរញ្ញប្បទាន ផ្ដោត​តែ​លើ​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី និង​វិស័យ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ដែល​ឆ្លើយតប​ទាំងស្រុង​ចំពោះ​តម្រូវការ​អាទិភាព ក្នុង​បរិការណ៍ នៃ​ការផ្លាស់ប្ដូរ​សេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា​។​

 

រាជរដ្ឋាភិបាល​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែង​ហេតុ​ថា កម្ពុជា​នឹង​ត្រូវ ទិញ​ភាគហ៊ុន​ចំនួន​៦២៣ ភាគហ៊ុន ស្មើនឹង​០,០៦៣៥% នៃ​ដើមទុន សរុប ដែល​មាន​តម្លៃ​៦២,៣០ លាន​ដុល្លារ​អាមេរិក​។ តាម​កិច្ច​ព្រម ព្រៀង កម្ពុជា​ត្រូវ​បង់​ដើមទុន​ដំបូង​ចំនួន ១២,៤៦​លាន​ដុល្លារ​អាមេរិក ជា​ដំណាក់កាល​ក្នុង​រយៈពេល​១០​ឆ្នាំ ចាប់ពី ឆ្នាំ​២០១៥ ដែល​ក្នុង​មួយ​ឆ្នាំ​ត្រង់​បង់​ចំនួន ១ ២៤៥ ០០០​ដុល្លារ​។​

 

​សូមបញ្ជាក់​ថា កិច្ចព្រមព្រៀង​ស្តីពី ការបង្កើត​ធនាគារ​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី មាន​១១​ជំពូក ចែកចេញ​ជា​៦០​មាត្រា ចំណែក​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង មាន​ចំនួន​៣​មាត្រា និង​ត្រូវបាន​រដ្ឋសភា​អនុម័ត​យល់ព្រម លើ​សេចក្តីព្រាងច្បាប់ ទាំងមូល​ចំនួន​៩៣ សំឡេង​៕ ដោយ៖សឿម ឧត្តម

ព័ត៌មានផ្សេងទៀត