ក្រសួង​​សុខាភិបាល​​ណែនាំ​​មិនឲ្យ​ប្រើ​ប្រាស់​​ថ្នាំ​ផ្សះ​​ដោយ​​គ្មាន​​វេជ្ជបញ្ជា​​

12-01-2016 2:48 pm 790

ប​ច្ចុ​ប្បន្ន​ភាពស៊ាំ​ទៅ​នឹង​ថ្នាំ​ផ្សះ ត្រូវបាន​ទទួលស្គាលថា​ជា​បញ្ហា​គំរាមកំហែង​ដ៏​ធំ​មួយ​ចំពោះ​សុខភាព​សាធារណៈ​។ ភាពស៊ាំ​ទៅនឹង​ថ្នាំ​ផ្សះ​បាន​កើតមាន​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក រួម​ទាំង​ប្រទេស​កម្ពុជា​និង​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ាន​។ មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​ភាព​ស៊ាំទៅនឹង​ថ្នាំ​ផ្សះ​នេះ ដោយសារ​ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​មិន​ត្រឹមត្រូវ​។ ភាពស៊ាំ​ទៅនឹង​ថ្នាំ​ផ្សះ​អនុញ្ញាត​ឲ្យ​បាក់តេរី​ជាច្រើន​បាន​ក្លាយទៅជា​មាន​ភាព​ធ​ន់​នឹង​ថ្នាំ​ផ្សះ​ដែល​បាន​ប្រើ​ជាទូទៅ​។ មានន័យ​ថា​ថ្នាំ​ផ្សះ​មិនមាន​ប្រសិទ្ធភាព​យូរ​ទៀត​ទេ​ក្នុង​ការព្យាបាល​ជំងឺឆ្លង​ធម្មតា ទាំងនេះ​នឹង​កំ​រឹត​ប្រសិទ្ធភាព​របស់​យើង​ក្នុង​ការព្យាបាល​ជំងឺឆ្លង និង​បណ្តាលឲ្យ​ស្លាប់​រាប់សែន​នាក់​នៅ​ទូទាំង​ពិភពលោក​ជា​រៀងរាល់ឆ្នាំ ដោយសារ​ជំងឺ​ដែល​ងាយស្រួល​ព្យាបាល​កាលពីមុន​។ ស្ថានភាព​នេះ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែមទៀត ទោះជា​មាន​ការផលិត​ថ្នាំ​ផ្សះ​ថ្មីៗ​មួយចំនួន ដើម្បី​ជំនួស​ថ្នាំ​ផ្សះ​ចាស់​ដែល​លែង​មាន​ប្រសិទ្ធភាព​។​

 

​យោងតាម​សេចក្តីប្រកាស​រួម​រវាង​ក្រសួង​សុខាភិបាល​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការគំរាមកំហែង​នៃ​ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ  បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ សូម​កុំ​ទិញ​ថ្នាំ​ផ្សះ​ដោយ​គ្មាន​វេជ្ជបញ្ជា អ្នក​ដែល​មាន​ជំងឺ​គ្រុនក្តៅ​ឬ​ផ្តាសាយ កុំ​ប្រើ​ថ្នាំ​ផ្សះ សូម​កុំ​ប្រើ​ថ្នាំ​ផ្សះ​តាម​វេជ្ជបញ្ជា​ពីមុន​។ ក្រសួង​ក៏​បាន​បញ្ជាក់​ដែរ​ថា មាន​តែ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ​ដែល​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យប្រើ​ថ្នាំ​ផ្សះ​បាន​។

 

​សូមបញ្ជាក់​ថា ប្រទេស​កម្ពុជា ឋិត​ក្នុង​ចំណោម​ប្រទេស​មួយចំនួន​តូច​ប៉ុណ្ណោះ នៅក្នុង​តំបន់​ដែល​បាន​បង្កើត​គោលនយោបាយ​និង​ផែនការ​សកម្មភាព​ជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ភាពស៊ាំ​និង​ថ្នាំ​ផ្សះ​រួចរាល់​ហើយ​។ ប្រទេស​កម្ពុជា​កំពុង​ឈាន​មុខ​គេ និង​បង្ហាញ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់ អំពី​របៀប​ដែល​អាច​ធ្វើទៅបាន ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​ស៊ាំ​នឹង​ថ្នាំ​ផ្សះ ជាមួយ​ធនធាន​ដែល​កម្រិត​។ បន្ត​ភាពជោគជ័យ​នឹង​តម្រូវ​ឲ្យមាន​ការផ្តល់​ថវិកា​ច្រើន ការប្តេជ្ញាចិត្ត​ខាង​នយោបាយ​ខ្ពស់​និង​បង្កើន​ការសម្របសម្រួល​ជាមួយ​វិស័យ​ពាក់ព័ន្ធ​ផ្សេងៗ​។​

 

​យោងតាម​របាយការណ៍​ទូទាំង​ពិភពលោក​ជា​លើកដំបូង អំពី​ភាពស៊ាំ​ទៅ​នឹង​ថ្នាំ​ផ្សះ ដែល​ចេញោ​ផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក​នៅ​ក្នុង​ឆ្នាំ​២០១៤​បានបង្ហាញ​ថា ភាពស៊ាំ​ទៅនឹង​ថ្នាំ​ផ្សះ​បាន​ឈាន​ដល់​កម្រិត​ប្រកាសអាសន្ន​នៅ​ទូទាំង​ពិភពលោក​។ បើ​យោ​យ​តាម​ផែនការ​សកម្មភាព​របស់​ពិភពលោក រដ្ឋាភិបាល​ទាំងអស់​ត្រូវតែ​អភិវឌ្ឍ​ផែនការ​សកម្មភាព​ជាតិ​របស់​ខ្លួន​ផ្ទាល់​ឲ្យបាន​នៅ​ឆ្នាំ​២០១៧ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ភាពស៊ាំ​នឹង​ថ្នាំ​ប្រឆាំង​មេរោគ​ដោយ​ផ្តោត​លើ​ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត