ព័ត៌មានជាតិ  |  សង្គម

លោក​កែម ឡី​៖ បើ​មិន​ព្យាបាល​ជំងឺ​បាក់ស្បាត យួន​នឹង​ជ្រៀតជ្រែក​រហូត​បូរណភាព​ទឹកដី​បាត់បង់​

11-01-2016 3:06 pm
 ចំនួនទស្សនា 31522

​លោក​កែម ឡី អ្នកតាមដាន​ស្ថាន​ការ​សង្គម​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ខ្មែរ មិន​ព្យាបាល​ជំងឺបាក់ស្បាត​ឲ្យ​ជាសះស្បើ​យបាន​ឆាប់រ​ហ័យ​ទេ ជំងឺ​នេះ ប្រាកដជា ឆ្លង​ទៅ​កូនៗ​ច្រើន​ជំនាន់​បន្តទៀត​។ ហើយ​មេរោគ​ឱកាសនិយម​ពី​បរទេស ជា​ពិសេស​ប្រទេស​យួន ក៏​បន្ត​ចូលមក​ដល់​ខួរក្បាល​យើង​បន្ថែមទៀត​ដែរ រហូត​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ត្រូវ បាន​បាត់បង់​ទាំងស្រុង​ទៅ​ថ្ងៃ​អនាគត​។


​លោក​កែម ឡី បាន​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ដើម្បី​ព្យាបាល​ជំងឺ​បាក់​ស្បាត គឺ​គ្រាន់តែ​ចំណាយពេល​១​ថ្ងៃ​នៅ​ម៉ោង​៤​រសៀល ដើរ​តាម​ផ្លូវ​មុខផ្ទះ នៅ​តំបន់​ទួល​ទំពូង តំបន់​ទួលស្លែង​ឬ​ឡានទឹក តំបន់​ស្វាយប៉ាក តំបន់​ច្បារអំពៅ​១ ច្បារអំពៅ​២ ។​ល​។ នៅពេល​ដើរកាត់​តំបន់​ទាំងនេះ​នឹង​ឃើញ​ជនជាតិ​វៀតណាម​ច្រើន​លើសលប់ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចាប់ផ្ដើម​ព្រួយបារម្ភ​ពី​កំណើន​ជនជាតិ​វៀតណាម។ ដោយ​ការព្រួយបារម្ភ​នេះ​ធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ​ហ៊ាន​សម្តែង​មតិ​ឱ្យដឹង​ដល់​រដ្ឋាភិបាល ដើម្បី​មាន​គំនិត​រៀបចំ​យុទ្ធសាស្ត្រ​ក្នុង​ការកាត់បន្ថយ​ហានិភ័យ​បាន​។​


​សំឡេង លោក​កែម ឡី​៖


​លោក​សុខ ឥសាន មន្ត្រី​នាំពាក្យ​គណបក្ស​ប្រជាជន​ថា ការលើកឡើង​របស់​លោក កែម ឡី​គ្រាន់តែ​ជា​គំនិត​បុគ្គល​ម្នាក់​បណ្ណោះ តែ​ធាតុ​ពិត​រដ្ឋាភិបាល​កម្ពុ​ជា​បាន​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា​។ លោក​បន្តថា មាន​អ្នកនយោបាយ​មួយចំនួន បាន​ឃោសនា​ថា វៀតណាម​យក​ទឹកដី​ខ្មែរ មួយថ្ងៃ​១​មួយ​គីឡូម៉ែត្រ ប៉ុន្តែ​ធាតុពិត​ប្រទេស​កម្ពុជា នៅតែ​មាន​រូបរាង​ដដែល​។ ក្នុង​រយះពេល​មួយ​ឆ្នាំ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជូន​ជនអន្តោប្រវេសន៍​ខុសច្បាប់ រាប់ពាន់​នាក់​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​។


​សំឡេង លោក​សុខ ឥសាន​៖


​មន្ត្រី​គណបក្ស​ប្រជាជន​រូបនេះ​បានបញ្ជាក់​ថា រដ្ឋាភិបាល​មិន​បណ្តោយ​ឱ្យ​ជនអន្តោប្រវេសន៍​ចូល​ប្រទេស​កម្ពុជា​តាម​ចិត្ត​ឡើយ​។ ជនជាតិ​វៀតណាម​៤ ឫ​៥​ពាន់​នាក់​មិន​អាច​រំលោភ​លើ​ឯករាជ្យភាព​ប្រទេស​កម្ពុជា​បានឡើយ​។​
(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត

 
x