អ្នក​អង្កេត​ការ​​ជាង​១​ម៉ឺន​​នាក់​​នឹងចូលរួម​​តាមដាន​​ការបោះឆ្នោត​​នៅ​មី​យ៉ាន់​ម៉ា​

03-11-2015 3:46 pm 1138

​ចំនួន​អ្នក​អង្កេត​ការ​ទាំង​ជាតិ​និង​អន្ដរជាតិ​សរុប​១០,៥០០​នាក់ បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ចូលរួម​តាមដាន​ការបោះឆ្នោត​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​នឹង​ប្រព្រឹត្ដទៅ​នៅ​ថ្ងៃ​ទី​០៨​វិច្ឆិកា​នេះ​។ ការបោះឆ្នោត​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃ​ទី​០៨​វិច្ឆិកា​នេះ គឺជា​លើក​ទី​មួយ បន្ទាប់​ពី​មី​យ៉ាន់​ម៉ា​ត្រូវ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​របប​យោធា​ជាច្រើន​ឆ្នាំ​។


​បើ​យោង​ទៅតាម​សហភាព​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត អ្នក​អង្កេត​ការ​១០,៥០០​នាក់​រាប់បញ្ចូល​១,១១៨​នាក់​តំណាងឲ្យ​អ្នកការទូត និង​អ្នក​អង្កេត​ការ​អន្ដរជាតិ​។​ក្រៅពីនេះ​នៅ​មាន​៩,៤០៦​នាក់​ជា​អង្គការ​ស៊ើបអង្កេត​ក្នុងស្រុក​។ បន្ថែម​លើ​នេះ នៅ​មាន​បុគ្គលិក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន​២៩០ មក​ពី​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​៤៥​នឹងចូលរួម​គ្រប់គ្រង​នៅក្នុង​ការបោះឆ្នោត​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​គណៈកម្មការ​ក្នុង​សេចក្ដីថ្លែងការណ៍​ចេញ​នៅ​ថ្ងៃទី​០៣​វិច្ឆិកា​។


​សេចក្ដីថ្លែងការណ៍​ដដែល​ក៏​បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​អង្កេត​ការ​ទាំងអស់ ត្រូវគោរព​តាមច្បាប់​របស់​គណៈកម្មកា​រ​ដែល​បាន​ពង្រាង​សម្រាប់​អ្នក​អង្កេត​ការ​ទាំងអស់​។​ក្រៅពីនេះ ក៏​ត្រូវតែ​គោរព​តាមច្បាប់​ដែល​មាន​នៅក្នុង​ប្រទេស​ផងដែរ ដើម្បី​ជៀសវាង​នូវ​ភាពលម្អៀង​។​មជ្ឈមណ្ឌល​ផ្ដល់​ព័ត៌មាន​សម្រាប់​លទ្ធផល​បោះឆ្នោត​បាន​ដំណើរការ​ហើយ​នៅ​ការិយាល័យ​មជ្ឈមណ្ឌល​សន្ដិភាព​ក្នុង​ទីក្រុង​Yangon និង​នៅ​ការិយាល័យ​មជ្ឈមណ្ឌល​សន្ដិភាព​ក្នុង​ទីក្រុង​Nay Pyi Taw ចាប់ផ្ដើម​ពី​ថ្ងៃ​បោះឆ្នោត​ទៅ​។


​សូមបញ្ជាក់​ថា នៅក្នុង​ការបោះឆ្នោត​ជា​សាកល​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា មាន​បេក្ខជន​សរុប​៦,០៤០​នាក់ ក្នុង​នោះ​ពាក់ព័ន្ធ​នឹង​គណបក្សនយោបាយ​ចំនួន​៩១​គណបក្ស​រួមទាំង​ក្រុម​ឯករាជ្យ​ផង​នឹង​ចូលរួម​ប្រកួតប្រជែង​បំពេញ​អាសនៈ​ជាង​១​ពាន់​អាសនៈ នៅ​កម្រិត​ខុស​គ្នា​របស់​សភា​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត