ការស៊ើបអង្កេត​​​ករណី​​​ធ្លាក់​​យន្ដហោះ​​ដឹក​អ្នក​ដំណើរ​​រុស្ស៊ី​​ចាប់ផ្ដើម​ហើយ​

02-11-2015 3:54 pm 783
ក្រុមមន្ដ្រីកំពុងពិភាក្សាគ្នា​នៅកន្លែងផ្ទុក​សាកសព​ជនរងគ្រោះ

​ក្រុម​អ្នក​ស៊ើបអង្កេត​អេ​ហ្ស៊ី​ប​និង​ក្រុម​ស៊ើបអង្កេត​អន្ដរជាតិ​កាលពី​ថ្ងៃ​ទី​០១​វិច្ឆិកា បាន​ចាប់ផ្ដើម​បើក​ការស៊ើបអង្កេត​ហើយ ទៅលើ​មូលហេតុ​ដែល​ធ្វើឲ្យ​យន្ដហោះ​ដឹក​អ្នកដំណើ​ររបស់​រុស្ស៊ី​ធ្លាក់​នៅក្នុង​តំបន់​ស៊ីណៃ​(Sinai)​នៃ​ប្រទេស​អេ​ហ្ស៊ី​ប​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​។​អ្នក​ស៊ើបអង្កេត​អេ​ហ្ស៊ី​ប​និង​រុស្ស៊ី បានចាប់ផ្ដើម​វិភាគ​ទៅលើ​ទិន្នន័យ​នៃ​ប្រអប់​ខ្មៅ​ទាំងពីរ​របស់​យន្ដហោះ ដែល​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃ​ទី​៣១​តុលា គឺ​ក្រោយ​ពេល​យន្ដហោះ​ធ្លាក់​។


​អ្នកជំនាញ​ស៊ើបអង្កេត​ពីរ​រូប​មកពី​ទីភ្នាក់ងារ​សុវត្ថិភាព​ហោះហើរ​នៃ​អាកាសចរ​ស៊ីវិល​បារាំង រួម​ជាមួយ​ទីប្រឹក្សា​ពិគ្រោះ​យោបល់​ក្រុមហ៊ុន​Airbus ៦​រូប និង​អ្នកជំនាញ​អាល្លឺម៉ង់​ពីររូប​ទៀត នឹង​ចូលរួម​ជាមួយ​ក្រុម​អ្នក​ស៊ើបអង្កេត​របស់អេ​ហ្ស៊ី​ប​និង​រុស្ស៊ី​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​គេហទំព័រ​រដ្ឋ​អេ​ហ្ស៊ី​ប​Ahram​។​រដ្ឋ​មន្ដ្រី​ផ្នែក​សង្គ្រោះបន្ទាន់​រុស្ស៊ី​ក៏​បាន​មក​ដល់​ទីក្រុង​គែរ​ប្រទេស​អេ​ហ្ស៊ី​បតាំង​ពី​ថ្ងៃ​ទី​៣១​តុលា ជាមួយនឹង​ក្រុម​អ្នកជំនាញ​ជាច្រើន​អ្នក ដើម្បី​ជួយ​ដឹកនាំ​អេ​ហ្ស៊ី​ប​ក្នុង​ការស៊ើបអង្កេត​។


​សូមបញ្ជាក់​ថា ក្រុម​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​១៦៣​នាក់​ហើយ នៃ​មនុស្ស​២២៤​នាក់​នៅ​លើ​យន្ដហោះ​។ នេះ​បើ​តាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​គណៈរដ្ឋមន្ដ្រី​កាលពី​ថ្ងៃ​ទី​០១​វិច្ឆិកា​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​បាន​បន្ថែមថា យុទ្ធនាការ​ស្វែងរក​សា​ក​សព​នៅ​តែ​បន្ដ​ធ្វើ​នៅឡើយ​។​


​គួររម្លឹកថា យន្ដហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី​បាន​ធ្លាក់​នៅ​តំបន់​ភ្នំ​ក្នុង​តំបន់​ស៊ីណៃ​ប្រទេស​អេ​ហ្ស៊ី​ប​កាលពី​ថ្ងៃ​ទី​៣១​តុលា​។ តំបន់​នេះ​ក៏​ជា​តំបន់​ជ្រួលច្រាល​ផងដែរ ដោយសារ​កំពុង​មាន​បញ្ហា​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​។ ក្រោយ​កើត​ហេតុការណ៍ ក្រុម​សកម្មប្រយុទ្ធ​មួយក្រុម​ដែល​ជាប់ទាក់ទង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប បាន​ចេញមុខ​អះអាង​ទទួលខុសត្រូវ​។ ប៉ុន្ដែ​នាយករដ្ឋមន្ដ្រី​អេ​ហ្ស៊ី​បលោក​Sherif Ismail​បាន​ឆ្លើយតប​ទៅ​វិញ​កាលពី​ថ្ងៃ​ទី​៣១​តុលា​ថា មិន​អាច​សន្និដ្ឋាន​បាន​ភ្លាមៗ​នោះ ត្រូវ​ចាំ​រហូតដល់​ប្រអប់​ខ្មៅ​យន្ដហោះ​ត្រូវបាន​ត្រួតពិនិត្យ​ជា​មុន​សិន​។​លោក​បន្ថែមថា ក្រុម​ជំនាញ​ថា​យន្ដហោះ​បាន​ហោះ​ក្នុង​កម្ពស់​ខ្ពស់ ដូច្នេះ​មិន​អាច​បាញ់​ទម្លាក់​បានទេ​។ ក្រៅពីនេះ ក៏​គ្មាន​សកម្មភាព​មិន​ប្រក្រតី​ណាមួយ នៅ​ពីក្រោយ​ហេតុការណ៍​ធ្លាក់​យន្ដហោះ​នេះ​ដែរ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត