គ្មាន​សញ្ញា​​ភេរវកម្ម​ទេ​​ក្រោយ​ការធ្លាក់​​យន្ដហោះ​​រុស្ស៊ី​​សម្លាប់​​មនុស្ស​​ជាង​២០០​នាក់​

01-11-2015 8:59 am 998
មន្រ្ដី​ដែលចុះ​ទៅពិនិត្យ​កន្លែង​កើតហេតុ

​យន្ដហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​របស់​រុស្ស៊ី​បាន​ធ្លាក់​កាលពី​ព្រឹក​ថ្ងៃទី​៣១​តុលា​នៅ​លើ​ឧបទ្វីប​Sinai​ប្រទេស​អេ​ហ្ស៊ី​ប បាន​សម្លាប់​មនុស្ស​ទាំង​អស់​នៅលើ​យន្ដហោះ​គឺ​២២៤​នាក់​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ដ្រី​អាជ្ញាធរ​។ យន្ដហោះ​ប្រភេទ​Airbus A321 ត្រូវបាន​គេ​ត្រួតពិនិត្យ​ផង​ដែរ​នៅ​មុន​ពេល​ហោះហើរ ដោយ​មិន​បាន​រកឃើញថា​មាន​បញ្ហា​អ្វី​ឡើយ​។ ទាក់ទង​នឹង​មូលហេតុ​នៃ​ការធ្លាក់ នៅតែ​ស្ថិត​ក្នុង​ភាពអាថ៌កំបាំង​នៅឡើយ ប៉ុន្ដែ​ត្រូវ​គេ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា​អាច​បណ្ដាលមកពី​បញ្ហប​ច្ចេកទេស​។


​ឧប្បត្ដិហេតុ​នេះ ក៏​មិន​ទាន់​មាន​ការ​សន្និដ្ឋាន​ណាមួយ​បញ្ជាក់ថា ដោយសារ​សកម្មភាព​ភេរវកម្ម​ដែរ ត្បិត​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​នៅ​តំបន់​Sinai ជា​ក្រុម​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​អះអាង​ទទួលខុសត្រូវ​ក៏​ដោយ​។ ប៉ុន្ដែ​រដ្ឋមន្ដ្រី​ក្រសួង​ដឹកជញ្ជូន​រុស្ស៊ី​បាន​អះអាង​ទៅវិញ​ថា វា​មិន​អាច​ទៅរួច​ទេ​ដែល​ថា ក្រុម​ភេរ​វករ​ប្រើ​មី​ស៊ី​លបាញ់​ទម្លាក់​យន្ដហោះ​ខាងលើ​។​


​សូមបញ្ជាក់​ថា យន្ដហោះ​ដឹក​អ្នដំណើរ​រុស្ស៊ី Airbus A321 បាន​ចេញដំណើរ​ពី​តំបន់​ទេសចរណ៍​មួយ​នៃ​សមុទ្រ​ក្រហម ឆ្ពោះទៅកាន់​ទីក្រុង St. Petersburg ក្នុង​ប្រទេស​រុស្ស៊ី​។ ប៉ុន្ដែ​ក្រោយពេល​ហោះ​ចេញ​យន្ដហោះ​បាន​បាត់​ការទាក់ទង​ពី​ប្រព័ន្ធ​រ៉ា​ដា​រួច​ក៏​ធ្លាក់​តែម្ដង​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត