គណបក្ស​ប្រជាជន​រឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រំលោភ កិច្ចព្រមព្រៀង​នយោបាយ ២២​កក្កដា​?

30-10-2015 6:32 pm 1863

​ក្រោយ​ការបោះឆ្នោត​ទម្លាក់​លោក​កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា ពី​ក្រុម​តំណាងរាស្ត្រ​គណបក្សកាន់អំណាច នា​ថ្ងៃ​ទី​៣០​តុលា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​នូវ​សេចក្តីថ្លែងការណ៍ ដោយ​បាន​បញ្ជាក់ថា ការទម្លាក់​តំណែង​លោក​កឹម សុខា​នេះ គឺ​មាន​ភាពមិនប្រក្រតី​យ៉ាងធ្ងន់ធ្ងរ ពិសេស​គឺ​បាន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​នយោបាយ ថ្ងៃទី​២២​កក្កដា​ឆ្នាំ​២០១៤​។​

 

​សម្រាប់​លោក​អ៊ូ វីរៈ អ្នកតាមដាន​ស្ថានការណ៍​សង្គម យល់ឃើញថា នីតិវិធី​នៃ​ការបោះឆ្នោត​ទម្លាក់​លោក​កឹម សុខា ពី​តំណែង​នេះ គឺ​ត្រឹមត្រូវ​។ ប៉ុន្តែ​បើ​តាម​ស្មារតី លទ្ធិប្រជាធិបតេយ្យ មិន​ដែល​គណបក្សកាន់អំណាច ទៅ​ដក​តួនាទី ឬ​តំណែង​គណបក្សប្រឆាំង​នោះទេ​។ លោក​បន្តថា ការដក​តំណែង​នេះ ទៀតសោត អាច​ជា​ការរំលោភ​បំពាន​លើ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំង​២ ថ្ងៃទី​២២​កក្កដា ឆ្នាំ​២០១៤ ដែល​អាច​ឆ្លុះបញ្ចាំង​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​ភាគី​មួយ ដែល​ពិបាក​ទុកចិត្ត​។​

សម្លេង​លោក​អ៊ូ វីរៈ​

 

​ក្រោយ​បញ្ហានយោបាយ នៅ​កម្ពុជា មាន​ភាព​តានតឹង រយៈពេល​១​ឆ្នាំ ក្រោយ​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៥ គណបក្ស​ទាំង​២​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា បាន​ព្រមព្រៀង​គ្នា បញ្ចប់​បញ្ហា​ជម្លោះ​នយោបាយ តាមរយៈ​កិច្ចព្រមព្រៀង​នយោបាយ ដែលមាន​៧​ចំនុច នៅ​ថ្ងៃ​ទី​២២​កក្កដា​ឆ្នាំ​២០១៤​។ ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នយោបាយ​ទាំង​៧​ចំណុច​នេះ ក៏​បាន​និយាយ ក៏​បាន​និយាយ​ពី​ការ​បែងចែក​តួនាទី​ដឹកនាំ​នៅក្នុង​គណៈកម្មការ អចិន្ត្រៃយ៍​នៃ​រដ្ឋសភា តាម​រូបមន្ត​៧​ទល់​៦ ដោយ​ត្រូវ​បង្កើត​បន្ថែម គណៈកម្មការ​ជំនាញ​ថ្មី​មួយទៀត ហើយ​ប្រធាន​រដ្ឋសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ទី​១ មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុប្រធាន​ទី​២ មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។​

 

​ទាក់ទង​នឹង​បញ្ហា​នេះ ត្រូវបាន​លោក​កែម ឡី អ្នកវិភាគ​មួយ​រូប បាន​យល់ឃើញថា កិច្ចព្រមព្រៀង​នយោបាយ​នេះ មិនបាន​ចែង​ឲ្យបាន​ច្បាស់លាស់ ថា​ត្រូវធ្វើ​បែបណា ពេល​ដែល​មាន​បញ្ហា​ដូចនេះ​។ ៧​ចំនុច​យ៉ាងខ្លី គ្មាន​ន័យ​អ្វី​ទាំងអស់​។ ទន្ទឹមនឹងនេះ លោក​កែម ឡី បាន​យល់ឃើញថា ការដកតំណែង​លោក​កឹម សុខា ធ្វើឡើង​ដោយ​មិន​សម​ហេតុផល​។ លោក​ថា បើ​ថ្ងៃ​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ដកតំណែង​ប្រធានរដ្ឋសភា តាមរយៈ​ញត្តិ​ពី​ប្រជាពលរដ្ឋ​ដូច​គ្នា តែ​គ្មាន​ការបោះឆ្នោត​ទម្លាក់ វា​អាច​ជា​បញ្ហា​។​

សម្លេង​លោក​កែម ឡី​​

 

លោក​កែម ឡី បាន​បញ្ជាក់បន្ថែម​ថា ការបោះឆ្នោត​ដក​តំណែង​លោក​កឹម សុខា​នេះ មិនមាន​អ្វី​ខុស​ទៅ​នឹង​ច្បាប់​នោះ​ទេ បើ​គិត​ទៅ​តាម​ច្បាប់​៥០%​បូក​១​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ត្រង់​ថា តើ​លោក​កឹម សុខា បាន​ប្រព្រឹត្ត​ទោស​កំហុស​អ្វី​?

សម្លេង​លោក​កែម ឡី

 

​យ៉ាងណា​ក៏​ដោយ​លោក ឈាង វុន អ្នកនាំពាក្យ​របស់​រដ្ឋ​សភា និង​ជា​តំណាងរាស្ត្រ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​បញ្ជាក់ ប្រាប់​អ្នក​សារពត៌មាន ក្រោយ​កិច្ចប្រជុំសភា​ថា ការដកតំណែង​លោក កឹម សុខា នៅពេលនេះ គ្មាន​ពាក់ព័ន្ធ​នឹង​បាតុកម្ម ស្នើ​ឲ្យ​ដក​លោក ពី​អនុប្រធាន​ទី​មួយ នៃ​រដ្ឋសភា​ទេ ផ្ទុយទៅវិញ ការបោះឆ្នោត​ទម្លាក់​នេះ គឺ​យោង​ទៅលើ​កិច្ចព្រមព្រៀង គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ ថ្ងៃ​២២ ខែកក្កដា ២០១៤ លើ​ការពង្រឹង​វប្បធម៌​សន្ទនា និង​យោង​ទៅលើ​ញត្តិ របស់​អ្នកតំណាងរាស្ត្រ​។  លោក ឈាង វុន បញ្ជាក់ថា មិន​អាច​យក​ញត្តិ​របស់​ប្រជាពលរដ្ឋ ដែល​ហែរ​តាម​ថ្នល់ ធ្វើ​ជា​អាជ្ញា​បញ្ជា​ដល់​រដ្ឋសភា​បានទេ​។​

 

​ក៏​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក ការដកតំណែង​លោក​កឹម សុខា ពី​អនុប្រធាន​ទី​១ រដ្ឋសភា ជា​ការរំលោភ​លើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រោះ​រដ្ឋធម្មនុញ្ញ​មិន​មាន​ចែង​ស្តីពី ការអនុម័ត​ញត្តិ​បន្ទោស ឬ​ដក​តួនាទី ឬ​តំណែង​របស់​ប្រធាន ឬ​អនុប្រធាន​រដ្ឋសភា​ទេ​។ ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន ឬ​អនុប្រធាន​រដ្ឋសភា​ថ្មី​មក​ជំនួស បាន​លុះត្រាតែ ក្នុងករណី​ដែល​ប្រធាន ឬ​អនុប្រធាន​នោះ សុំ​លាលែង​ពីមុខ​តំណែង ឬ​ទទួលអនិច្ចកម្ម​(​មាត្រា​៨៧​រដ្ឋធម្មនុញ្ញ​)​។ សេចក្តី​ថ្លែង​ការ​បាន​បញ្ជាក់ទៀតថា ការដក​តំណែង​នេះ ជា​ការរំលោភ​លើ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំង​២ ដែល​ជា​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា កាលពី​ថ្ងៃ​ទី​២២​កក្កដា​ឆ្នាំ​២០១៤​។​

 

​ដោយឡែក បើតាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋសភា​វិញ បានបញ្ជាក់​ថា ការបោះឆ្នោត​ទម្លាក់​លោក​កឹម សុខា ពី​តំណែង​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា គឺ​ធ្វើឡើង​ស្រប​ទៅតាម​ច្បាប់ ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

 

​របៀបវារៈ​នៃ​ការបោះឆ្នោត​ដក​តំណែង​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ពី​លោក​កឹម សុខា ធ្វើឡើង​ស្រប​តាម​ប្រការ​១៩ និង​ប្រការ​២០ នៃ​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា តាម​សំណើរ​របស់​តំណាងរាស្ត្រ​ចំនួន​៦៣​រូប ដោយ​បាន​ស្នើសុំ​ចាត់ទុក​ជា​ការប្រញាប់​។ យោងតាម​មាត្រា​៨២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ ការបោះឆ្នោត​ជ្រើសរើស​តំណែង​ប្រធាន និង​អនុប្រធាន​រដ្ឋសភា គឺ​ត្រូវ​ធ្វើឡើង​ដោយ​មតិ​ភាគច្រើន​ដាច់ខាត នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល ដូចនេះ ក្នុងករណី​ដែល​ត្រូវមាន​ការផ្លាស់ប្តូរ​មុខ​តំណែង​នេះ ក៏​ទាមទារ​ឲ្យ​រដ្ឋសភា​ត្រូវ​ធ្វើ​ការបោះឆ្នោត ដោយ​មតិ​ភាគច្រើន​ដាច់ខាត នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល​ដូចគ្នា​ផងដែរ​។ សេចក្តីថ្លែងការណ៍​រដ្ឋ​សភា បាន​បន្តថា ដោយឡែក​មាត្រា​៨៧ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចែង​តែ​អំពី​ករណី​ដែល​មុខតំណែង​ប្រធាន និង​អនុប្រធាន​នៃ​រដ្ឋសភា នៅ​ទំនេរ ដោយសារ​ការលាលែង ឬ​ការ​ទទួលអនិច្ចកម្ម​តែប៉ុណ្ណោះ ប៉ុន្តែ​មាត្រា​៨៧​នេះ ពុំ​បាន​ហាមឃាត់​រដ្ឋសភា ក្នុង​ការផ្លាស់ប្តូរ​មុខតំណែង​ប្រធាន ឬ​អនុប្រធាន​រដ្ឋសភា​ឡើយ​៕ ដោយៈ​សៅ វិសាល​

 


ព័ត៌មានផ្សេងទៀត